ដោយៈ ប.ខុន / ភ្នំពេញៈ ទំនប់បាសាក់ ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានសមត្ថភាព ស្តុកទឹកបានប្រមាណជា ២០ លានម៉ែត្រគូប បានបាក់ដាច់ ចំនួន ២ កន្លែង និងហូរច្រោះដាច់ទំនប់មួយកន្លែង ។ ពាក់ព័ន្ធនឹងករណីនេះ ក្រុមការងារ ត្រៀមគ្រឿងចក្រ ចាំទប់រក្សាទឹកទុកវិញ នៅពេលល្បឿនទឹកហូរចុះខ្សោយ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ទទួលមុខព្រួញ ខេត្តបាត់ដំបង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៩ ខែតុលានេះថាៈ ទំនប់បាសាក់ បានបាក់ដាច់ ដោយសារទឹកធ្លាក់ មកពីតំបន់ភ្នំខ្លាំង បន្ទាប់ពីមានភ្លៀង ធ្លាក់ច្រើន ។
អ្នកនាំពាក្យខាងលើ បានបញ្ជាក់ ពីកន្លែងកើតហេតុមកថាៈ ទឹកបានហូរធ្លាក់ មកពីភ្នំយ៉ាងគំហុក នៅពេលជិតភ្លឺ នាថ្ងៃនេះ ធ្វើឱ្យអាងទឹក ដែលមិនមានទំនប់បង្ហៀរ និងមានតែទ្វារទឹកបិទបើក ដោយស្វ័យប្រវត្តិនេះ ដាច់ចំនួន ២ កន្លែង ប្រវែងងជាង ៣០ ម៉ែត្រ។
លោក ចាន់ យុត្ថា ដែលកំពុងនៅជាមួយលោក ឡុង ផល្គុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បាននិយាយឱ្យដឹងទៀតថាៈ ក្រុមការងារ បានត្រៀមគ្រឿងចក្រ រួចហើយ ដើម្បីទប់ទំនប់ ដែលបាក់នេះឡើងវិញ នៅពេលល្បឿនទឹក ហូរខ្សោយបន្តិច ។ ទំនប់អាងនេះ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានសមត្ថភាព រក្សាទឹកទុកបាន ប្រមាណជា ២០ លានម៉ែត្រគូប ៕/V






