ដោយៈ បូកគោ / កំពតៈ ទឹកដីឃុំត្រពាំងភ្លាំង ស្រុកឈូក មានអំណោយផលល្អ ចំពោះដំណាំត្រប់ ដែលជាប្រភេទបន្លែ អាចច្នៃធ្វើម្ហូប បានច្រើនបែបនោះ។ ការដាំដុះ មានភាពងាយស្រួល ហើយទទួលផល បានយូរ ពិសេសមិនរំខានពេលវេលា សម្រាប់កិច្ចការងារផ្សេងៗទៀត។
ក្នុងវ័យ ៦៦ ឆ្នាំ បុរសឈ្មោះ ហេង សុខ កសិករធ្វើចម្ការ នាកសិដ្ឋានមួយ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថាៈ ជាមួយទីតាំងភូមិសាស្ត្រ អំណោយផលល្អ ទឹកដីឃុំត្រពាំងភ្លាំង សមប្រកបបំផុត ចំពោះរុក្ខជាតិត្រប់ ព្រោះជាប្រភេទដីទួល។ ការដាំដុះ ប្រើពេលវេលាតិចតួច ដោយមិនប៉ះពាល់ឱកាស សម្រាប់ការងារផ្សេងៗ ហើយងាយស្រួលថែទាំ និងទទួលផល រហូតដល់ជាងមួយឆ្នាំ ចាប់ពីពេលចេញផ្កា។
កសិករដដែល បានបញ្ជាក់ថាៈ ដំណាំត្រប់ ត្រឹមរយៈពេល ៦០ ថ្ងៃនោះ ចាប់ផ្តើមផ្តល់ផលបណ្តើរៗហើយ។ ដើម្បីទទួលបានដើមធំធាត់ល្អ និងមានគុណភាព ការជ្រើសរើសពូជ ជារឿងសំខាន់។ ឯគម្លាតពីមួយដើម ទៅមួយដើម ត្រូវប្រើរយៈចម្ងាយ មួយម៉ែត្រពីគ្នា។ ចំពោះទឹកវិញ នៅរដូវប្រាំង ស្រោចតែពីរដងប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។
លោក ហេង សុខ បានបន្តថាៈ បញ្ហាប្រឈម លើដំណាំត្រប់ នៅទីនេះ មានតិចតួច ដូចជា សត្វល្អិត ឬដង្កូវស៊ីស្លឹក ជាដើម ។ ប៉ុន្តែលោកប្រើថ្នាំបាញ់សម្លាប់ ធ្វើពីសំបករុក្ខជាតិនោះ ពពួកសត្វទាំងនេះ ខ្លបខ្លាចមិនហ៊ានមកក្បែរទេ។ សព្វថ្ងៃ តម្លៃបោះដុំ ឱ្យម៉ូយ ក្នុងមួយគីឡូក្រាម បាន ២.០០០ រៀល ៕/V



