Home ព័ត៌មានជាតិ សន្តិសុខ ប្រធានការិយាល...

ប្រធានការិយាល័យប្រឆាំងភេរវកម្មពាក់ព័ន្ធការ គំរាមបាញ់សម្លាប់ ម្ចាស់ហាងអង្គរជុំចូលបំភ្លឺនៅតុលាការ

ដោយៈសរិទ្ធ/ភ្នំពេញៈ ប្រធានការិយាល័យម្នាក់បំរើការនៅនាយកដ្ឋានប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃនិងជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ ពាក់ព័ន្ធនឹងការជេរប្រមាថ គំរាមបាញ់សម្លាប់ម្ចាស់ហាងអង្គរជុំ និងភរិយា ដែលប្រពឹ្រត្តកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២០កន្លងទៅបានចូលបំភ្លឺនៅតុលាការកាលពីរសៀលថ្ងៃទី៨ខែតុលាឆ្នាំ២០២០។

សំណុំរឿងនេះមានលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញទទួលបន្ទុកចាត់ការតាមរូបភាពជនសង្ស័យនៅក្រៅឃុំ។

ចំពោះលទ្ធផលនៃការចូលបំភ្លឺនេះមិនមានប្រភពណាបញ្ជាក់ឲ្យដឹងជាផ្លូវការនោះទេគ្រាន់តែបង្ហើបឲ្យដឹងថាក្រោយការសាកសួររួចហើយតុលាការនឹងធ្វើការសម្រេចោទប្រកាន់ឬមិនចោទប្រកាន់ប្រធានការិយាល័យរូបនេះ។

 ជនសង្ស័យឈ្មោះថ្លាង ភិនរ៉ាបានត្រូវនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រេចអនុវត្តវិន័យកងកម្លាំង និងព្យួរការងារប្រធានការិយាល័យប្រឆាំងភេរវកម្មរួចហើយ។

ចំណែកជនរងគ្រោះឈ្មោះ ជុយ សុខហេង ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅសព្វថ្ងៃផ្ទះលេខ៩១ ផ្លូវ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោក។

លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃីអគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា ក្រោយកើតហេតុ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យអនុវត្តវិន័យកងកម្លាំង និងដកកាំភ្លើងទុក។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ បានណែនាំឲ្យសាកសួរសុខទុក្ខជនរងគ្រោះ។

លោកបានបន្តថា ជំហររបស់ជនរងគ្រោះ គឺមិនព្រមទទួលការសម្របសម្រួលបញ្ចប់រឿង ជាមួយភាគីជនបង្កដែលជាប្រធានការិយាល័យប្រឆាំងភេរវកម្មនោះទេ ។ ចំពោះមុខអគ្គស្នងការនគរបាលជាតិ បានទុកសំណុំរឿងជូនតុលាការចាត់វិធានការតាមច្បាប់ និងម្យ៉ាងជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ទៅកាន់ស្ថាប័នតុលាការរួចរាល់ហើយផងដែរ។

 លោកក៍បានអះអាងដែរថា ដោយមើលឃើញពីកំហុសឆ្គងរបស់កងកម្លាំង នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យលោកផ្ទាល់ និងលោកឧត្តមសេនីយ៍ទោ ធូ សារឿន ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម  ទៅជួបសួរសុខទុក្ខ និងសុំទោសជនរងគ្រោះនូវអ្វីដែលកងកម្លាំងរបស់ខ្លួនបានធ្វើខុសឆ្គងនៅក្នុងហេតុការណ៍នេះ។

គួររំលឹកថាជនរងគ្រោះ បានប្ដឹងលោក ថ្លាង ភិនរ៉ា ទៅកាន់ស្ថាប័នចំនួន៣គឺ៖ ប្តឹងទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងប្តឹងទៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ការប្ដឹងនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលខាងលើ បានជេរប្រមាថ និងគំរាមបាញ់សម្លាប់ជនរងគ្រោះ និងភរិយា ដោយដកកាំភ្លើងពីចង្កេះអាម៉េបញ្ចូលគ្រាប់តម្រង់ ទៅលើជនរងគ្រោះ និងភរិយា ដែលកំពុងហូបអាហារថ្ងៃត្រង់នៅក្នុងហាងគុយទាវអង្គរជុំ សាខាទួលគោកផ្ទាល់តែម្ដង។ក្នុងពាក្យបណ្ដឹងដដែលនេះ ជនរងគ្រោះបានទាមទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារអាមេរិក និងបានស្នើសូមឲ្យច្បាប់ផ្តន្ទាទោសលើមន្ត្រីនគរបាលនោះធ្ងន់ធ្ងរជាទីបំផុត ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular