យុវតីវ័យដ៏កម្សត់ម្នាក់ដែលមានផ្ទៃពោះទាំងក្មេងក្រោយត្រូវគេចាប់រំលោភ ត្រូវបានឪពុកបង្កើតរបស់នាងច្របាច់កសម្លាប់ហើយបំបែកសាកសពយ៉ាងព្រៃផ្សៃដើម្បីតែហេយុផលរក្សាកិត្តិយសគ្រួសារយ៉ាងឆ្កួតលីលានៅក្នុងប្រទេសឥណ្ឌា។
គេជឿថា យុវតីវ័យ ១៦ ឆ្នាំដែលគេមិនបញ្ចេញឈ្មោះរូបនេះត្រូវបានគេសម្លាប់កាលពីថ្ងៃទី២៣ ខែកញ្ញា ជាពេលដែលនាងបាត់ខ្លួនពីភូមិមួយជិតស្រុកសាចាហានពួ ប្រទេសឥណ្ឌា ភាគខាងជើង។
ប៉ូលិសសន្និដ្ឋានថា នាងត្រូវបានគេវាយនឹងដំបង រួចច្របាច់កសម្លាប់មុនពេលបំបែកសាកសពរបស់នាង ហើយសាកសពគ្មានក្បាករបស់នាងក៏ត្រូវគេយកទៅកប់នៅបាតស្ទឹង។ ទោះជាយ៉ាងណា ដោយឈាមស្រែកស្បែកហៅ ករណីនេះបានបែកការ បន្ទាប់ពីគេរកឃើញសាកសពរបស់នាងកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។
បន្ទាប់ពីរកឃើញសាកសព ប៉ូលិសស៊ើបការណ៍សម្ងាត់បានដាក់ការសង្ស័យទៅលើបុរសជាឪពុក ព្រោះគ្រួសាររបស់នាងមិនបានការណ៍ប្រាប់សមត្ថកិច្ចថានាងបាត់ខ្លួន។ ស្ថិតក្រោមការសួរចម្លើយ បុរសជាឪពុកសារភាពថាខ្លួនពិតជាបានសម្លាប់កូនស្រីរបស់ខ្លួនមែន។ បងប្រុសរបស់នាងក៏ត្រូវបានចាប់ខ្លួន និងចោទពីបទមនុស្សឃាតដែរ។
ប៉ូលិសបានប្រាប់កាសែត Times of India ថាយុវតីរងគ្រោះដែលស្នាក់នៅជាមួយសាច់ញាតិនៅឆ្ងាយពីផ្ទះរបស់ឪពុកម្តាយ ត្រូវបានគេរំលោភរហូតមានផ្ទៃពោះប៉ុន្មានខែ។ យុវតីដែលមិនធ្លាប់ចូលរៀន និងមកពីវណ្ណៈដាលីត (Dalit) ដែលជាវណ្ណៈទាបបំផុតក្នុងប្រទេសឥណ្ឌា ខាងលើនេះបានព្យាយាមលាក់បាំងរឿងខ្លួនមានផ្ទៃពោះ ប៉ុន្តែទីបំផុតគ្រួសាររបស់នាងបានដឹងនៅពេលពោះរបស់នាងរីកកាន់តែធំ។
ប៉ូលិសនិយាយថា គ្រួសាររបស់នាងបានវាយដំនាង និងបង្ខំឱ្យនាងប្រាប់ឈ្មោះជនល្មើសដែលរំលោភនាង ប៉ុន្តែនាងមិនព្រមប្រាប់។ ដោយសារតែបែបនេះ ឪពុកនិងបងប្រុសរបស់នាងក៏បានសម្លាប់ និងបំបែកសាកសពនាង ព្រោះខឹងថានាងនាំភាពអាម៉ាស់ដល់គ្រួសារ។
ពេលនេះ ប៉ូលិសស៊ើបអង្កេតក៏កំពុងព្យាយាមតាមប្រមាញ់ជនចាប់រំលោភយុវតីរងគ្រោះដែរ៕ ប្រែសម្រួល៖ខុម/sn

កន្លងមកមានបាតុកកម្មហូរហែរប្រឆាំងនឹងការចាប់រំលោភស្ត្រីឥណ្ឌាក្មេងៗ