បុរសកម្សត់ មហាម៉ាត់ អ៊ីក្រាម ដែលកើតមកគ្មានដៃទាំងពីរគួរឱ្យខ្លោចចិត្ត បានក្លាយជាកីឡាករបុកស្នូកឃើ យ៉ាងពូកែស្ទើរមិនគួរឱ្យជឿ។ តាមរយៈរូបភាពទាំងនេះ គាត់ពោបខ្លួនលើតាបស្នូកឃើ ហើយប្រើចង្ការបុកគ្រាប់សដើម្បីស៊ុតគ្រាប់ក្រហមបញ្ចូលរន្ធយ៉ាងស្ទាត់ជំនាញបំផុត។

កីឡានេះពិតជាមិនស័ក្ដិសមនឹងបុរសវ័យ ៣២ ឆ្នាំរូបនេះឡើយ ព្រោះគាត់គ្មានដៃទាំងពីរ ហើយយើងប្រាកដជាឆ្ងល់ថា តើគាត់អាចលេងពូកែបានដោយរបៀបណា។ប៉ុន្តែដោយសារការហ្វឹកហាត់ជាច្រើនឆ្នាំដោយការស្រលាញ់ចូលចិត្តនិងភាពអំណត់ បុរសជនជាតិប៉ាគីស្ថាន រូបនេះបានធ្វើឱ្យក្រុមកីឡាករបុកស្នូកឃើ នៅក្នុងមូលដ្ឋានខ្លាចញញើតគាត់គ្រប់គ្នាពោលគឺគ្មានអ្នកណាហ៊ានលេងស៊ីលុយជាមួយគាត់ឡើយ។
អំឡុងពេលទៅលេងស្នូកឃើ នៅកន្លែងមួយក្នុងទីក្រុងសាមុនឌ្រី ខេត្តពុនចាប ប្រទេសប៉ាគីស្ថាន កាលពីពេលថ្មីៗនេះ គាត់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP”វាជាការងារដ៏ពិបាកដែលទាមទារការខិតខំខ្លាំង។បើមានកីឡាករណាដូចរូបខ្ញុំ ខ្ញុំត្រៀមខ្លួនចាំប្រកួតជាមួយគាត់”។
កើតក្នុងគ្រួសារក្រីក្រ គាត់និងបងប្អូន៨ នាក់របស់គាត់គ្មានឱកាសបានចូលរៀនដូចក្មេងដទៃឡើយ ពោលគឺជីវិតពិតជាតោកយ៉ាកណាស់សម្រាប់ពួកគាត់។ ជាសំណាងល្អគាត់បានចាប់ផ្ដើមមើលគេលេងស្កូកឃើ តាំងពីវ័យជំទង់ ហើយក៏ស្រលាញ់ចូលចិត្តកីឡានេះ។ គាត់ប្រាប់ថា គាត់បានលួចហាត់លេងកីឡានេះជាសម្ងាត់ដោយមិនឱ្យអ្នកណាដឹងឡើយ រហូតក្លាយជាកីឡាករស្នូកឃើ ដ៏ល្បីក្នុងមូលដ្ឋាន៕ ប្រែសម្រួល៖ខុម/sn