ក្លិប វេស ហេម (West Ham )កំពុងពិចារណាផ្ទេរយកខ្សែប្រយុទ្ធ ចូស ឃិង (Josh King) របស់ក្លិបប៊ឺនណេម៉ូន( Bournemouth) ជាជម្រើសក្នុងការពង្រឹងប្រព័ន្ធប្រយុទ្ធរបស់ខ្លួន។
បន្ទាប់ពីកីឡាករ ហ្វីលីព អែនដឺសិន (Felipe Anderson) ផ្ទេរទៅចូលរួមជាមួយនឹងក្លិបប៉ូតូ ( Porto) គ្រូបង្វឹក ដេវីដ ម៉យ (David Moyes) កំពុងធ្វើការងារជាមួយនឹងគោលដៅផ្សេងៗ ហើយ ឃិង ដែលមានតម្លៃ១២លានផោនក៏ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករជាគោលដៅផងដែរ។
កីឡាករអន្តរជាតិន័រវ៉េសអាយុ២៨ឆ្នាំរូបនេះស្ថិតក្នុងឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួន ហើយត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរទៅក្លិប West Brom ប៉ុន្តែថា ត្រូវបានច្រានចោល ដោយ Bournemouth។
លោក ម៉យ បានវិលត្រឡប់មកកាន់ទីលានហ្វឹកហាត់របស់ក្លិប West Ham វិញ កាលពីថ្ងៃចន្ទ បន្ទាប់ពីសះស្បើយ ក្រោយពីតេស្តវិជ្ជមានវីរុសកូវីដកាលពីខែមុន។
គ្រូបង្វឹកក្រុម West Ham រូបនេះក៏ពិចារណាកិច្ចព្រមព្រៀងផ្ទេរខ្សែការពារកណ្តាល ក្រេក ដូសិន (Craig Dawson) របស់ក្លិប Watford ផងដែរ បន្ទាប់ពីបរាជ័យក្នុងការផ្ទេរកីឡាករ ហ្វីកាយ៉ូ តូម៉ូរី (Fikayo Tomori) របស់ក្លិប Chelsea ។
ក្លឹប West Ham ក៏បានពិភាក្សាពីលទ្ធភាពផ្ទេរកីឡាករ ចូ រ៉ូឌិន (Joe Rodon) ប៉ុន្តែគេរំពឹងថា កីឡាកររូបនេះនឹងចូលរួមជាមួយក្រុម Tottenham ។ ក្លិប Swansea បានវាយតម្លៃខ្សែការពារ រូបនេះក្នុងតម្លៃ១៨លានផោន៕ ប្រែសម្រួល: ពិសិដ្ឋ
