ខ្សែប្រយុទ្ធ ម៉េមហ្វីស ឌីផេ (Memphis Depay) របស់ក្លិបលីយ៉ុន (Lyon) បានសារភាពថា ខ្លួនហៀបនឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លិបបាសេឡូណា (Barcelona) ទៅហើយកាល ពីសប្តាហ៍មុនៗពេលក្តីសុបិនប្រែជាបរាជ័យ។
កីឡាករសញ្ជាតិហូឡង់រូបនេះ ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លឹបយក្ស អេស្ប៉ាញស្ទើរតែពេញមួយរដូវក្តៅហើយហៀបនឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរនៅថ្ងៃចុងក្រោយ នៃរដូវកាលទិញដូរ ស្របពេលក្លិប Lyon បានបញ្ចុះតម្លៃមកត្រឹម២៣លានផោន ដើម្បីអាច សម្រេចកិច្ចព្រមព្រៀងផ្ទេរ។
ប៉ុន្តែក្លិប Barcelona ដែលកំពុងមានបញ្ហាថវិកានៅតែមិនអាចសម្រេចកិច្ចព្រមព្រៀងផ្ទេរនេះ បាន បន្ទាប់ពីមិនអាចលក់កីឡាករ អូស្មាណេ ដេមបេឡេ (Ousmane Dembele) ចេញ ខណៈពេលកីឡាករសញ្ជាតិបារាំងរូបនេះបដិសេធមិនលេងខ្ចីជើងជាមួយក្លិប Manchester United ។
ហេតុការណ៍បន្តបន្ទាប់នេះបានធ្វើ ឌីផេ ខកចិត្ត ប៉ុន្តែអះអាងថា ខ្លួននៅតែប្តូរផ្តាច់ជាមួយក្លឹប Lyon ប៉ុន្តែកីឡាកររូបនេះនៅបើកទ្វារទទួលយកលទ្ធភាពផ្ទេរមកកាន់ពហុកីឡដ្ឋាន Nou Camp នាពេលអនាគត។
ឌីផេ បាននិយាយថា “វានឹងកើតឡើងដូចដែលវានឹងកើតឡើង នោះហើយគឺជាជីវិត។ ខ្ញុំបាន ផ្តោតការយកចិត្តទុកដាក់លើក្លឹប Lyon ជាថ្មីទៀត ហើយការងារសំខាន់យើងនឹងចាំមើលថា វានឹងទៅជាយ៉ាងណា”។
ឌីផេ ហៀបនឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរទៅជួបជុំជាមួយនឹងអតីតគ្រូបង្វឹក រ៉ូណាល់ ខូមែន (Ronald Koeman) នៅក្លិប Barcelona ហើយគេនិយាយថា ជិតនឹងចូលរួមជាមួយនឹងក្រុម ជម្រើសដំបូង មុនពេលក្លិបយក្សអេស្ប៉ាញនេះបានដកខ្លួនចេញ៕ ប្រែសម្រួល: ពិសិដ្ឋ
