ដោយៈ ប.ខុន / ភ្នំពេញៈ វិសម្ពាធ ( TD ) ដែលក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង កាលពីថ្ងៃទី៥ ខែតុលា កន្លងទៅថ្មីៗនេះ បានដើរទៅផុត ពីប្រទេសកម្ពុជាហើយ បន្ទាប់ពីបង្កឱ្យមានភ្លៀង ធ្លាក់រាយប៉ាយច្រើន នៅទូទាំងប្រទេស នាំឱ្យមានទឹកជំនន់ នៅក្នុងខេត្តមួយចំនួន រួចមក ។ ក្រុងពោធិសាត់ រងការលិចលង់ ធ្ងន់ធ្ងរជាលើកទី៣ ឯទំនប់បាសាក់ ក្នុងខេត្តបាត់ដំបង បានបាក់ដាច់ ពីរកន្លែង បន្ទាប់ពីមានភ្លៀងធ្លាក់ច្រើន ធ្លាក់មកពីតំបន់ភ្នំ។ តំបន់ទំនាប កណ្តាល ភាគពាយ័ព្យ នៅតែមានភ្លៀងធ្លាក់ រាយប៉ាយច្រើន ជាមួយនឹងនៅតំបន់មាត់សមុទ្រ មានខ្យល់បក់បោកខ្លាំង និងភ្លៀង បន្តបន្ទាប់ ។
លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិសាត់ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៩ តុលានេះថាៈ ជំនន់ទឹកស្ទឹងពោធិសាត់ នៅលើកទី៣ នេះ ធ្វើឱ្យលិចក្រុងពោធិសាត់ មែនទែនហើយ គឺលិចដល់ជាងកន្លះម៉ែត្រ នៅកន្លែង ដែលធ្វើទំនប់មិនជាប់ តែតំបន់សាលាខេត្ត មិនទាន់លិចទេ ព្រោះមានខឿនបេតុងការពារ ក្រៅពីនេះលិច អស់ហើយ។ ជំនន់ទឹកភ្លៀង ដោយសារសារឥទ្ធិពលវិសម្ពាធ បានធ្វើឱ្យមានការលិចលង់ ផ្នែកខ្លះនៃស្រុកក្រវាញ ស្រុកកណ្តៀង និងក្រុងពោធិសាត់។ ទឹកនៅក្រុងពោធិសាត់ នៅសៀលនេះ បានឡើងដល់ ៥,៥០ ម៉ែត្រ គឺឡើងលើសកម្ពស់ ត្រូវប្រុងប្រយ័ត្ន ០,៥០ ម៉ែត្រ ហើយទឹកនៅភាគខាងលើ នៅតែបន្តជន់ឡើងទៀត។

លោកប្រធានមន្ទីរ បានបញ្ជាក់ថាៈ ស្ទឹងពោធិសាត់ មានទឹកជំនន់កើតឡើង ចំនួនបីលើកហើយ ក្នុងរដូវវស្សានេះ ដោយលើកទី១ នៅថ្ងៃទី២០ ខែកញ្ញា ទឹកបានឡើង ដល់កម្ពស់ ៥,៤៥ ម៉ែត្រ (កម្ពស់ប្រុងប្រយ័ត្ន៥ម៉ែត្រ) លើកទី២ នៅថ្ងៃទី៤ ខែតុលា ទឹកបានឡើង ដល់កម្ពស់ ៥.២០ ម៉ែត្រ និងលើកទី៣ នៅថ្ងៃទី៩ ខែតុលា គិតនៅត្រឹម ព្រឹកថ្ងៃនេះ (៩តុលា) ទឹកបានឡើងដល់កម្ពស់ ៥,៤៧ ម៉ែត្រ ហើយទឹកនៅបន្តជន់ឡើងជាលំដាប់ អាចលិចតំបន់ ក្នុងក្រុង ដល់ជាងកន្លះម៉ែត្រ។
លោក កែវ វ័យ បាននិយាយឱ្យដឹងទៀតថាៈ ទឹកនៅភាគខាងលើ នៃស្ទឹងពោធិសាត់ ដូចជា ស្ទឹងធំ (វាលវែង) បានស្រកចុះ ២,៥ ម៉ែត្រ ស្ទឹងអារ៉ៃ ស្រកមួយតឹក តែនៅក្រវាញ លើក្រុងពោធិសាត់ ទឹកបានហក់ឡើង យ៉ាងខ្ពស់ថែមទៀត ហើយទឹកទាំងនោះ នឹងមកដល់ក្រុងពោធិសាត់ នាយប់នេះ។ ទឹកលិចក្រុងពោធិសាត់ ជាបន្តបន្ទាប់ កើតមានឡើង ក្រោយពេលគម្រោងសាងសង់ផ្លូវថ្មី វាងក្រុង នៅផ្នែកខាងក្រោមក្រុង បានលើកខ្ពស់ កាត់វាលស្រែ និងផ្លូវទឹក ធ្វើឱ្យក្រុងពោធិសាត់ ដូចជាស្ថិតនៅកណ្តាលអាងទឹក។

ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ នៅថៃ្ងទី៩ តុលា នេះ មានដូចជា នៅសឹ្ទងពោធិ៍សាត់ កម្ពស់ទឹក បានឡើងដល់ ៥,៤៥ ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥,០០ ម៉ែត្រ នៅក្រុងពោធិ៍សាត់, សឹ្ទងក្រវាញ កម្ពស់ទឹក ៥,៧៧ ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៦ ម៉ែត្រ នៅស្រុកភ្នំក្រវាញ, សឹ្ទងវាលវែង កម្ពស់ទឹក៤,៦០ ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ១០ ម៉ែត្រ នៅស្រុកវាលវែង។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ទទួលមុខព្រួញ ខេត្តបាត់ដំបង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ថាៈ ទំនប់បាសាក់ បាក់ដាច់ដោយសារទឹកធ្លាក់ មកពីតំបន់ភ្នំខ្លាំង បន្ទាប់ពីមានភ្លៀង ធ្លាក់ច្រើន។
អ្នកនាំពាក្យខាងលើ បានបញ្ជាក់ ពីកន្លែងកើតហេតុមកថាៈ ទឹកបានហូរធ្លាក់ មកពីតំបន់ភ្នំ យ៉ាងគំហុក នៅពេលជិតភ្លឺ ថ្ងៃនេះ ធ្វើឱ្យអាងទឹក ដែលមិនមានទំនប់បង្ហៀរ និងមានតែទ្វារទឹកបិទបើក ដោយស្វ័យប្រវត្តិនេះ ដាច់ចំនួន ២ កន្លែង ប្រវែងជាង ៣០ ម៉ែត្រ និងហូរច្រោះទំនប់ មួយកន្លែង។

លោក ចាន់ យុត្ថា ដែលកំពុងនៅជាមួយ លោកឡុង ផល្គុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បាននិយាយថាៈ ក្រុមការងារ បានត្រៀមគ្រឿងចក្រ រួចហើយ ដើម្បីទប់ទំនប់ ដែលបាក់នេះឡើងវិញ នៅពេលល្បឿន ទឹកហូរចុះខ្សោយបន្តិច ដើម្បីរក្សាទឹកទុក សម្រាប់ការងារដាំដុះ នៅពេលខាងមុខ។ ទំនប់អាងទឹកបាសាក់នេះ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរីខេត្តបាត់ដំបង មានសមត្ថភាពរក្សាទឹកទុក បានប្រមាណជា ២០ លានម៉ែត្រគូប។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ និយាយឱ្យដឹង អំពីស្ថានភាពអាកាសធាតុផងដែរថាៈ វិសម្ពាធ ដែលបង្កឱ្យមានភ្លៀងធ្លាក់ រាយប៉ាយ នៅស្ទើរទាំងប្រទេស ប៉ុន្មានថ្ងៃមកនេះ បានដើរទៅហួស ពីប្រទេសកម្ពុជាហើយ ។ ប្រទេសកម្ពុជា នៅពេលនេះ ស្ថិតក្រោមឥទ្ធិពល តំបន់សម្ពាធទាប ដែលនៅតែបង្កឱ្យមានភ្លៀង ធ្លាក់រាយប៉ាយ តែមិនច្រើន ដូចប៉ុន្មានថ្ងៃ មុននេះទេ។ ឯតំបន់ទំនាបកណ្តាល ភាគពាយ័ព្យ ភ្លៀងនៅតែបន្ត មានធ្លាក់ច្រើន ជាពិសេសតំបន់ជួរភ្នំ ជាប់ព្រំដែនកម្ពុជា ថៃ។ តំបន់មាត់សមុទ្រ មានខ្យល់ខ្លាំង និងមានភ្លៀងច្រើន បន្តច្រើនថ្ងៃទៀត។

លោក ឡុង ផល្គុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានប្រាប់ឱ្យដឹង នៅរសៀលថ្ងៃទី៩ តុលានេះថាៈ ទឹកស្ទឹងសង្កែ មកដល់ពេលនេះ មិនទាន់មានការគំរាមកំហែង ដល់ក្រុងបាត់ដំបង នៅឡើយទេ ដោយសារយើង បានបង្វែរទឹក ដែលធ្លាក់មកពីប្រព័ន្ធ សេកសក ចូលទៅប្រព័ន្ធកង្ហត ។ តាមផ្លូវទឹកនៅតំបន់ភ្នំ មួយចំនួន មានការលិចលង់ ដោយជំនន់ទឹកភ្លៀង រយៈពេលខ្លី។
ប្រធានមន្ទីររូបនេះ បាននិយាយឱ្យដឹងទៀតថាៈ ទំនប់អាងទឹកបាសាក់ ដែលបាក់កាលពីព្រឹក ទប់វិញមិនទាន់ជាប់ទេ នៅថ្ងៃនេះ។ ទោះជាយ៉ាងណា នៅថ្ងៃនេះ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្តីអំពីស្ថានភាពទឹកស្ទឹងសង្កែ ដែលត្រូវប្រុងប្រយ័ត្ន នៅពេលប៉ុន្មាន ថ្ងៃខាងមុខ។

រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ តុលា នេះ បានជូនដំណឹងដល់ ប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយ ដងស្ទឹងសង្កែ សូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀង នៅតែបន្តធ្លាក់ នៅប៉ែកខាងលើ ធ្វើឱ្យអាងស្តុកទឹកពេញ ដែលត្រូវបើកទ្វារទឹក បង្ហូចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹក ក្នុងស្ទឹង មានការកើនឡើង អាចនៅយប់នេះ ឬព្រឹកស្អែក។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ។ តំបន់ទំនាប នៃស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង ត្រូវបានទឹកជន់លិច ក្នុងនោះមានស្រុកសំឡូត រុក្ខគិរី មោងឬស្សី ភ្នំព្រឹក និងស្រុកសំពៅលូន ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ បានជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តស្ថាន ភាពអាកាសធាតុ ជាបន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប បានបន្តលាតសន្ធឹង ឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយ នៅលើសមុទ្រ ចិនខាងត្បូង។ ដោយឡែក នៅលើសមុទ្រចិនខាងត្បូង នឹងអាចកើតមានវិសម្ពាធទាប (Tropical Depression) ឬជាព្យុះ (Tropical Storm) ដើរសំដៅឆ្ពោះចូល ដល់លើភាគខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី៧ តុលា ។

នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានសរសេរទៀតថាៈ ស្ថានភាពអាកាសធាតុបែបនេះ នឹងធ្វើឲ្យបណ្តាខេត្ត ស្ទើរទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ តុលា នឹងអាចមានភ្លៀងច្រើន និងខ្យល់ខ្លាំងកើនឡើង។
សេចក្តីជូនដំណឹង បានបញ្ជាក់ថាៈ ចំពោះបណ្តារាជធានី ខេត្ត នៅភាគខាងត្បូង ខេត្តខាងកើត ជាប់ប្រទេសវៀតណាម និងបណ្តាខេត្ត នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀង ធ្លាក់ច្រើន ដែលធ្វើឲ្យទីទំនាប ក្បែរផ្លូវទឹក តំបន់ភ្នំ និងតំបន់ជួរភ្នំក្រវាញ នៅក្នុងភូមិសាស្ត្រ នៃបណ្តាខេត្តទាំងនោះ ប្រឈមខ្ពស់នឹងជំនន់ ទឹកភ្លៀង។ ជាមួយគ្នានោះ នៅតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ អាចមានភ្លៀង ខ្យល់ បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។
សេចក្តីជូនដំណឹង បានអំពាវនាវជាពិសេស ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីប្រជុំជន ទីទំនាបក្បែរផ្លូវទឹក និងបងប្អូនប្រជានេសាទ និងអ្នក ធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវ គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ៕/V







