ខ្សែការពារ គ្រីស ស្មលិង (Chris Smalling) បានសារភាពថា ការសម្រេចកិច្ចព្រមព្រៀង ផ្ទេរពីក្លិប ម៉េនឆេស្ទ័រ យូណាយធីត(Manchester United ) ទៅក្លិប រ៉ូម៉ា (Roma)នៅថ្ងៃចុងក្រោយ ពិតជាធ្វើឲ្យខ្លួនមានអារម្មណ៍ធូរស្បើយ។
ស្មលិង បានបញ្ចប់ទំនាក់ទំនង១០ឆ្នាំ ជាមួយក្លិប United កាលពីថ្ងៃច័ន្ទដោយបានទៅចូល រួមជាមួយក្លឹបនៅក្របខ័ណ្ឌ Serie A ក្នុងតម្លៃខ្លួនផ្ទេរ១៨លានផោននៅថ្ងៃចុងក្រោយនៃ រដូវកាលទិញដូរ។
អតីតជម្រើសជាតិអង់គ្លេសរូបនេះធ្វើបានល្អក្នុងកិច្ចសន្យាខ្ចីជើងនៅក្លិប Roma កាលពីរដូវកាល មុន ហើយទទួលបានការគាំទ្រច្រើនពីអ្នកគាំទ្រនៅអ៊ីតាលី បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងផ្ទេរ អចិន្ត្រៃយ៍។
ស្មលិង ក៏បានសរសើរក្លិប United ផងដែរ ដោយអះអាងថា ខ្លួនចាកចេញពីពហុកីឡដ្ឋាន Old Trafford មិនត្រឹមតែក្នុងឋានៈជាកីឡាករល្អនោះទេ ប៉ុន្តែក៏ជាមនុស្សល្អម្នាក់ បន្ទាប់ពីបង្ហាញ មុខបាន៣២៣លើក ចាប់តាំងពីចាកចេញពីក្លឹប Fulham មកចូលរួមក្នុងក្របខណ្ឌព្រីមីញ៉េលីក កាលពីឆ្នាំ២០១០។
កីឡាករវ័យ៣០ឆ្នាំរូបនេះបានសរសេរតាមទ្វីតធើថា “ក្លិប United គឺកន្លែងពិសេស ហើយយើង សម្រេចបានជោគជ័យជាមួយគ្នា ជាអ្វីដែលខ្ញុំមានមោទនាភាពបំផុត”៕ ប្រែសម្រួល: ពិសិដ្ឋ
