ដោយ:បញ្ញាសាស្រ្ត/ភ្នំពេញៈជាមួយនឹងឈុតបុរាណ អតីតតារាចម្រៀង នៃផលិត កម្មរ៉ក់ អ្នកនាង ម៉ូលីកា បានបង្ហាញរាងយ៉ាងស្រស់ស្អាតទោះជានាង ទើបតែសម្រាល កូនបានជាងបីខែក៏ដោយ។ ឈុតបុរាណជាច្រើន រួមមាន ឈុតពណ្ណរាយមរកតអប្សរ ដែលគ្រងលើខ្លួននាងបង្ហាញនូវរស្មីរុងរឿង រួមទាំងអលង្ការដាំដោយត្បូងកែវ ពណ៌ បៃតង កាន់តែមានភាពទាក់ទាញថែមទៀត។
នៅមានឈុតជាច្រើនទៀតដែលម៉ូលីកា ស្លៀកពាក់ស័ក្តិសមជាមួយដងខ្លួនរបស់នាង ធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍និងយល់ថានារីខ្មែរពិតជាមានសម្រស់ស្រស់ ស្អាតមែន នៅពេលដែលគ្រងឈុតបុរាណទាំងនោះ។
ម៉ូលីកា បានឲ្យដឹងថាកាលពីថ្ងៃអាពាហ៍ពិពាហ៍របស់នាងបានប្រើប្រាស់ឈុតប្រពៃណី បុរាណខ្មែរជាច្រើនឈុត ហើយអារម្មណ៍របស់នាងពិតជាដក់ជាប់ចិត្តនូវឈុតសម្លៀក បំពាក់ទាំងនោះ ទើបនាងជ្រើសយកឈុតដែលខ្លួនឯងស្រលាញ់ថតទុកជាឯកសារ នៅពេលនេះ។នាងថាសម្លៀកបំពាក់បុរាណរបស់ខ្មែរមិនត្រឹមតែបង្កប់នូវ អត្ថន័យ មិនអាចកាត់ថ្លៃបាននោះទេ ប៉ុន្ដែនៅពេលដែលយើងគ្រងទៅមានអារម្មណ៍ថា ជានារីដ៏ស្រស់ស្អាតម្នាក់ ហើយមានមោទនភាពចំពោះការបានស្លៀកពាក់ ឈុតដ៏ អស្ចារ្យទាំងនោះ។
នាងថាក្នុងនាមជាកូនខ្មែរនាងបានឈ្វេងយល់ច្រើនពីឈុតសម្លៀកបំពាក់ប្រពៃណីបុរាណ ដែលបានបន្សល់ទុកជាមរតកឲ្យកូនខ្មែរជាពិសេសឈុតខ្លះមានមកុដ ដែល មានក្បាច់រចនាពីប្រាសាទរបស់ខ្មែរយើងទៀតផង។ទាក់ទងរឿងមុខជំនួញ នៅរដូវ កូវីដ១៩ នេះដែរម៉ូលីកា បានឲ្យដឹងថាហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក របស់នាងនៅតំណើរការធម្មតាទេហើយនៅពេលខាងមុខនេះនាងគ្រោងទិញផ្ទះថែម មួយទៀតធ្វើជាស្នាក់ការកណ្ដាលផ្ទុកផលិតផលធំនៅទីនោះតែម្ដង។ នាងថា ជីវិតរបស់នាងពេលមានកូនមួយនេះ ខុសកាលពីនៅលីវព្រោះត្រូវប្រឹងរកលុយថែម ទៀតដើម្បីចិញ្ចឹមកូន និងសម្រាប់ផ្គត់ផ្គង់ការរៀនសូត្ររបស់គេ។ ប៉ុន្ដែគម្រោង យកកូនទី២វិញ នាងថាមិនទាន់គិតគូរទេ។
អតីតតារាចម្រៀងRock អ្នកនាងម៉ូលីកា បានរៀបការ កាលពីថ្ងៃទី១៨ខែមករា ឆ្នាំ២០២០ ជាមួយតារាសម្ដែងលោកហុង មានុន ហៅឆានុន ក្រោយអ្នកទាំងពីរ បានឆ្លងកាត់ការតស៊ូនិងកម្សត់កម្រជាមួយគ្នាជាងបីឆ្នាំ ទើបមានជីវភាព ធូរធារ ដូចពេលនេះ។ ម៉ូលីកា បានសម្រាលកូនស្រីដ៏ស្រស់ស្អាតម្នាក់កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ដោយនាងដាក់ឈ្មោះថា ”នុន ច័ន្ទម៉ូនីតា” ពេលនេះមាន អាយុជាង ៣ខែហើយ៕/Ha