ដោយៈ រ៉ូហ្សា / ភ្នំពេញៈ ការបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡា អុកចត្រង្គកម្រិតជាតិ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ បានបើកជាផ្លូវការហើយ ក្នុងឱកាសនេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា និងលោកអនុប្រធានសហព័ន្ធ សមាជិក គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ក្រោមការឧបត្ថម្ភថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡា។
លោក ទុយ វិច្ឆិកា អ្នកគ្រប់គ្រងវគ្គ បានរាយការណ៍ថាៈ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅ រយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៩ ខែតុលា នេះ នៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡា ដែលដឹកនាំដោយលោកគ្រូ ហូយ សូណា និងលោកគ្រូ ប៊ិន គាសេង ដោយប្រើប្រាស់ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២០ តាមការកំណត់ ជាបីមុខសញ្ញាចំណាយ គឺការងាររដ្ឋបាល២០% ការងារបណ្ដុះបណ្ដាល៣៥% និងការងារប្រកួត៤៥%។

យោងតាមរបាយការណ៍ ពីលោកគ្រូឧទ្ទេសប្រចាំវគ្គ ការសិក្សាអស់រយៈពេល ៥ថ្ងៃ ដោយមានការខិតខំប្រឹងប្រែង ការយកចិត្តទុកដាក់ ប្រកបដោយ ភាពទទួលខុសត្រូវ យើងទទួលបាននូវលទ្ធផលរួមមាន និទ្ទេសល្អចំនួន ១៩នាក់ និទ្ទេសល្អបង្កួរ ចំនួន ៦នាក់ និងនិទ្ទេសមធ្យមចំនួន ៧នាក់ ។
លោក ហ៊ុន សាមុត បានមានប្រសាសន៍ថាៈ វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាអុកចត្រង្គ កម្រិតជាតិនាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹង និងពង្រីកបាន នូវធនធានមនុស្ស ដើម្បីធ្វើការអភិវឌ្ឍវិស័យ កីឡាអុកចត្រង្គ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចសំដៅលើឆាកអន្តរជាតិនានា ។ ទន្ទឹមនឹងនេះ តួនាទីរបស់លោកគ្រូទាំងអស់ដែលជាសិក្ខាកាម បានចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ត្រូវដើរតួយ៉ាងសំខាន់ ក្នុងការកសាងធនធាន កីឡាករ-កីឡាការិនីឆ្នើម ដើម្បីសម្រេចបានចក្ខុវិស័យ របស់ CAMSOC ក៏ដូចជាសហព័ន្ធខ្លួនផ្ទាល់ និងប្រជាជនកម្ពុជាទាំងអស់ ដែលកំពុងទន្ទឹងរង់ចាំ នូវលទ្ធផលដ៏ល្អនេះ។

លោកបានបន្តថាៈ អុកចត្រង្គ ជាកេរមរតករបស់ ដូនតាខ្មែរយើង គឺជាប្រភេទកីឡា ដែលគណៈកម្មាធិការជាតិ រៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) ជ្រើសរើសបញ្ចូលទៅក្នុងប្រភេទកីឡា មានសក្ដានុពល និងមានប្រជាប្រិយភាពខ្ពស់មួយ ក្នុងចំណោម ១៧ ប្រភេទកីឡារបស់កម្ពុជា សម្រាប់ការប្រកួតកីឡា SEA GAMES លើកទី៣២ មានន័យថា គឺជាប្រភេទកីឡា នឹងត្រូវទទួលបានចំណាត់ល្អ ក្នុងការដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍នោះ៕/V





