Home ព័ត៌មានអន្តរជាតិ អា​ហ្ស៊ែ​របៃ​...

អា​ហ្ស៊ែ​របៃ​ហ្ស​ង់ និង​អា​ម៉េនី ប្រយុទ្ធ​គ្នា​បន្ត​មុន​ចូលរួម​កិច្ច​ពិភាក្សា​ជាមួយ​រុស្ស៊ី​

​កងកម្លាំង​អា​ហ្ស៊ែ​របៃ​ហ្សង់​និង​អា​ម៉េនី បាន​បន្ត​ប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃ​សុក្រ​ទី​០៩​តុលា នៅពេល​រុស្ស៊ី​ត្រៀម​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ភាគី​មាន​សង្គ្រាម​ដើម្បី​បញ្ចប់​ការប្រយុទ្ធ​គ្នា​ដែល​​បាន​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៅ​តំបន់​កូកាសខាងត្បូង​នៅ​រយៈពេល​ជាង​២៥​ឆ្នាំ​មកនេះ​។​

​ក្រសួងការបរទេស​រុស្ស៊ី​ត្រូវបាន​ទីភ្នាក់ងារសារព័ត៌មាន RIA​ស្រង់​សម្តី​ដែល​បាន​និយាយថា អា​ម៉េនី​និង​អា​ហ្ស៊ែ​របៃ​ហ្សង់ បាន​ទទួល​យក​សំណើ​សុំ​រៀបចំ​កិច្ចពិភាក្សា​បន្ទាប់​ពី​រដ្ឋាភិបាល​វិមាន​ក្រឹ​មឡាំង​​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំងពី​មកកាន់​រដ្ឋធានី​មូ​ស្គូ​នៅ​ថ្ងៃ​សុក្រ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី ម៉ា​រៀ ហ្សា​ខា​រ៉ូ​វ៉ា បាន​និយាយថា​« រដ្ឋាភិបាល​ក្រុង បា​គូ និង យេ​រេ​វ៉ាន បានបញ្ជាក់​អះអាងថា​ពួកគេ​នឹង​ចូលរួម​កិច្ច​ពិភាក្សា​នៅ​មូ​ស្គូ​»​។​

​បើ​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​ជួបគ្នា វា​នឹង​ជាការ​ទាក់ទង​ផ្ទាល់​លើកដំបូង​រវាង​អតីត​សាធារណរដ្ឋ​សូ​វៀត​ទាំងពីរ ចាប់តាំងពី​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​ដោយសារ​តំបន់ ណាហ្គ័រ​ណូ កា​រ៉ា​បាក់​កាលពី​​ថ្ងៃ​២៧​កញ្ញា​។​

​មនុស្ស​ជាង​៤០០​នាក់​បាន​ស្លាប់​នៅក្នុង​ការប្រយុទ្ធ​គ្នា​នៅក្នុង​តំបន់​និង​ម្តុំ​តំបន់​ណាហ្គ័រ​ណូ កា​រ៉ា​បាក់ ដែល​តាម​ច្បាប់​អន្តរជាតិ​វា​ជា​ទឹកដី​របស់​អា​ហ្ស៊ែ​របៃ​ហ្ស​ង់ តែ​មាន​ជនជាតិ​ភាគតិច​អាម៉េនីរ​ស់​នៅ​ភាគ​​ច្រើន​និង​កំពុង​ស្ថិត​ក្រោម​កងកម្លាំង​ផ្តាច់​ទឹកដី​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុង​យេ​រេ​វ៉ាន​។​

​ក្រសួងការពារជាតិ​អា​ហ្ស៊ែ​របៃ​ហ្សង់​បាន​និយាយថា មានការ​ប៉ះទង្គិច​គ្នា​ជា​ខ្លាំង​ជាមួយ​កងកម្លាំង​ជនជាតិភាគតិច​អា​ម៉េនី ក្នុងពេល​យប់​តាម​ខ្សែបន្ទាត់​ដែល​ខណ្ឌ​ចែក​ភាគី​ទាំង​ពីរ​នៅ​ណាហ្គ័រ​ណូ កា​រ៉ា​បាក់​។​

​ការប្រយុទ្ធ​គ្នា​នៅតែ​បន្ត ទោះជា​មាន​ការជំរុញ​អោយ​មាន​ការពិភាក្សា​រ​កសន្តិភាព​ដោយ​អាម៉េរិក បារាំង​និង​រុស្ស៊ី​។​ការប្រយុទ្ធ​គ្នា​នេះ​នាំអោយ​មាន​ការបារម្ភ​ខ្លាចក្រែង​ទាញ​តួ​ក​គី​ដែល​ជា​សម្ពន្ធមិត្ត​របស់​​អា​ហ្ស៊ែ​របៃ​ហ្សង់​ផង​និង​រុស្ស៊ី​ផង ចូល​ក្នុង​ជម្លោះ​នេះ​។​

​ក្នុង​សញ្ញា​ព្រមាន​មួយទៀត ប្រធាន​សម្ពន្ធភាព​យោធា​ដែលមាន​៦​ប្រទេស ដឹកនាំ​ដោយ​រុស្ស៊ី និង​រួម​មាន​អា​ម៉េនី ផងដែរ បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុម​នេះ​អាច​ធ្វើ​អន្តរាគមន៍ ប្រសិនបើ​អធិប​​តេ​យ្យ​ភាព​របស់​អា​ម៉េនី​ត្រូវ​គំរាម​។​

​សូមបញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ប៉ារីស​និង​មូ​ស្គូ បាន​ដឹកនាំ​ការសម្រុះសម្រួល​អំពី​ជម្លោះ​តំបន់​ណាហ្គ័រ​ណូ កា​រ៉ា​បាក់​នេះ អស់​ពេល​ជិត​៣​ទសវត្សរ៍​មក​ហើយ ។​បទ​ឈប់​បាញ់​មួយ​ត្រូវ​បាន​រំលោភ​ម្តង​​ហើយ​ម្តងទៀត​ចាប់តាំងពី​ការបញ្ចប់​សង្គ្រាម​ឆ្នាំ​១៩៩១-១៩៩៤ ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​៣០.០០០​នាក់​។​

​អា​ហ្ស៊ែ​របៃ​ហ្ស​ង់ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​យ៉ាងហោច​ណាស់​ជន​ស៊ីវិល​ខ្លួន​៣១​នាក់​ត្រូវបាន​សម្លាប់ និង​១៥៤​នាក់​រងរបួស ចាប់តាំងពី​ថ្ងៃ​២៧​កញ្ញា​មក តែ​មិន​បញ្ជាក់ថា​ទាហាន​ស្លាប់​និង​របួស​​ប៉ុន្មាន​ទេ​។​

​ក្នុងពេល​ជាមួយគ្នា តំបន់​ណាហ្គ័រ​ណូ កា​រ៉ា​បាក់​បាន​និយាយថា ទាហាន​របស់ខ្លួន​៣៧៦​នាក់​និង​ជន​ស៊ីវិល​២២​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ថ្ងៃ​២៧​កញ្ញា​មក​។​

​ការទាមទារ​ធំ​របស់​អា​ហ្ស៊ែ​របៃ​ហ្ស​ង់ គឺ​ថា​ដើម្បី​មាន​បទ​ឈប់​បាញ​មួយ​ជាមួយ​អា​ម៉េនី រដ្ឋាភិបាល​ក្រុង​យេ​រេ​វ៉ាន​ត្រូវ​កំណត់​កាលបរិច្ឆេទ​ដកចេញ​ពី​តំបន់​ណាហ្គ័រ​ណូ កា​រ៉ា​បាក់​និង​តំបន់​ជុំវិញ​តែ​អា​ម៉េនី​​ច្រាន​ចោល​ការដកចេញ​ពី​ទឹកដី​ដែល​ខ្លួន​គិតថា​ជា​មាតុភូមិ​តាម​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។​

​អា​ម៉េនី​ចោទប្រកាន់តួក​គី​ថា​បាន​ចូល​ពាក់ព័ន្ធ​ខាង​យោធា​នៅក្នុង​ជម្លោះ​នេះ និង​បាន​បញ្ជូន​ទាហាន​ស៊ីឈ្នួល​មក​ចូលរួម​ប្រយុទ្ធ តែ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា បដិសេធ​៕​ប្រែ​សម្រួល​៖​វាសនា​

ការ​ប្រយុទ្ធ​គ្នា​នៅតែ​បន្ត ទោះជា​មាន​ការជំរុញ​អោយ​មាន​ការពិភាក្សា​រ​កសន្តិភាព​ដោយ​អាម៉េរិក បារាំង​និង​រុស្ស៊ី​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular