Home ព័ត៌មានជាតិ នយោបាយ រដ្ឋមន្ត្រីកា...

រដ្ឋមន្ត្រីការបរទេស​បញ្ជាក់​ពី​ករណី​លោ​ក គ្រុយ លឹម​ហេង អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុន​មិញ ដែល​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានធ្វើ​បំភ្លឺ​ជា​សាធារណ​មួយនៅរសៀលថ្ងៃទី៩ខែតុលា​ចំពោះ​ករណី​របស់ ឈ្មោះ គ្រុយ លឹម​ហេង អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន ប្រទេស​ចិន ដែល​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទា​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​។​
ការបំភ្លឺ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​វិទ្យុ​អាស៊ីសេរី​បាន​លើកយក​ទស្សនៈ​របស់​អ្នកវិភាគ​ថា ដោយសារតែ​លោក គ្រុយ លឹម​ហេង បែងចែក​ប្រយោជន៍​មិន​ស្មើគ្នា​រឿង​បញ្ហា​ពុករលួយ​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងការបរទេស​។ ចំណូល​ទាំងនោះ​បានមកពី​ការលាង​លុយកខ្វក់ រត់ពន្ធ​ថ្នាំញៀន ចេញ​លិខិតឆ្លងដែន​ការបរទេស​ខ្មែរ​ដល់​ពលរដ្ឋ​ចិន និង​ការរត់ពន្ធ​មនុស្ស​ជាដើម​។​

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បានធ្វើ​បំភ្លឺ​ជា​សាធារណ​មួយចំពោះ​ករណី​របស់ ឈ្មោះ គ្រុយ លឹម​ហេង អតីត​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​គុន​មិញ ខេត្ត​យូ​ណាន ប្រទេស​ចិន(រូបឯកសារ)

លោក​ប្រាក់​សុខុន​បាន​បញ្ជាក់ថា​រឿងនេះ​កើតចេញពី​ការរក​ឃើញថា មានការ​បាត់ វី​សា ស្ទីក​គ័​រ​((visa stickers ) ហើយ​មានការ​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​រវាង​អ្នកទទួលខុសត្រូវ​នៅក្នុង​ស្ថាន​អគ្គ​កុងស៊ុល​នោះ​។​
​ដើម្បី​រក​មូលហេតុ និង​អ្នក​ដែល​ទទួលខុសត្រូវ​ពិតប្រាកដ ក្រសួង​ក៏​សម្រេច​បើក​ការស៊ើបអង្កេត​ស្រាវជ្រាវ​ករណីនេះ​។ ដោយ​ការស៊ើបអង្កេត​ផ្ទៃក្នុង​មិនអាច​វែកញែក​រកឃើញ​យុត្ត​ធម៌ នោះបាន ក៏​ករណីនេះ​ត្រូវ​បញ្ជូនទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទើប​រឿង​ឡើងដល់​តុលាការ ហើយក៏​មាន​ដីកា​សម្រេច​បែបនេះ​ក្រោយ​ស៊ើបអង្កេត​ចប់​។​
​លោក​ប្រាក់​សុខុន​បន្ត​ដោយ​ពន្យល់ថា​ចំពោះ​សំនួរ​របស់លោក​រស្មី​(​ហេង​រស្មី​) យើង​ត្រូវ​ញែក​រឿង​ជា​ពីរ​។​
ទីមួយ​. ខ្លឹមសារ​នៃ​អ្វីដែល​ហៅថា​ការលើកឡើង​របស់​អ្នកវិភាគ​។ ធាតុពិត​ជាការ​ចោទប្រកាន់ និង​សំអុយ​ឈ្មោះ​ទៅវិញ​ទេ ហើយ​ជាការ​ចោទប្រកាន់​ធ្ងន់ធ្ងរ​ព្រោះ​ប៉ះពាល់​ដល់​កិត្តិយស កិត្យានុភាព​ប្រទេស​យើង​។ បើ​ដូច្នេះ អ្នក​ដែល​តាំងខ្លួន​ជា​អ្នកវិភាគ ត្រូវ​ហ៊ាន​ចេញមុខ​បកស្រាយ ផ្តល់​ភស្តុតាង ការពារ​អំណះអំណាង​របស់ខ្លួន ព្រោះ​ការចោទប្រកាន់​របស់គាត់ ជាការ​បង្ខូចឈ្មោះ​ស្ថាប័ន​រាជរដ្ឋាភិបាល​។​
ទី​ពីរ​. ខ្ញុំ​ត្រូវ​បកស្រាយ​ចំពោះ​ពាក្យ​ចោទប្រកាន់​ទាំងនោះ ដែល​ប្រមាថ​ដល់​ស្ថាប័នរដ្ឋ​យ៉ាងធ្ងន់ធ្ងរ តែ​ដោយ​ល្ងង់ខ្លៅ ដូចតទៅ​
១- ចំណូល​ដែល​បានមកពី​ស្ថាន​កុងស៊ុល​នានា គឺ​សឹងតែ​ទាំងស្រុង ជា​ចំណូល​ពី​ការបង់ថ្លៃ​ទិដ្ឋាការ​ពី​សំណាក់​ភ្ញៀវ​បរទេស​។ ចំណូល​នេះ​ត្រូវបាន​ផ្ទៀងផ្ទាត់​និង​បង្វែរ​មក​ក្រសួង ហើយ​បង់​ចូល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តាម​ពេលវេលា​កំណត់​ជា​ទៀងទាត់​។ ភាព​ហ្មត់ចត់​ក្នុងការ​ផ្ទៀងផ្ទាត់​នេះហើយ ទើប​នាំ​ដល់​ការរកឃើញ​ការបាត់ visa stickers កន្លងទៅនេះ​។​
២- ស្ថានទូត ស្ថាន​អគ្គ​កុងស៊ុល​យើង​ទាំងអស់​នៅ​បរទេស មិនមាន​ចេញ​លិខិតឆ្លងដែន​ទេ​។ ក្រសួង​មិន​ផ្តល់​លិខិត និង​ឧបករណ៍​ឲ្យ​ស្ថាន​បេសកកម្ម​យើង​នៅក្រៅ​ប្រទេស​នោះ សម្រាប់​ចេញ​លិខិតឆ្លងដែន​នោះទេ ទោះ​ប្រភេទ​ណាក៏ដោយ​។ ហេតុនេះ ការ​ចោទថា​ស្ថាន​អគ្គ​កុងស៊ុល​ចេញ​លិខិតឆ្លងដែន​ឲ្យ​បរទេស គឺជា​ការ​បកអាក្រាត​ភាពល្ងង់ខ្លៅ​នៃ​អ្នកចោទ​ទៅវិញ​ទេ​។​
៣- ការ​ចោទថា ស្ថាន​អគ្គ​កុងស៊ុល​រក​ចំណូល​តាមរយៈ​ការលាង​លុយកខ្វក់ រត់ពន្ធ​ថ្នាំញៀន ដោយ​គ្មាន​បង្ហាញ​ភ​ស្ថុ​តាង​អ្វី​ទាំងអស់នោះ គឺជា​ការ​បង្ខូចឈ្មោះ មួលបង្កាច់​ទាំងស្រុង​។ ម្យ៉ាងទៀត​ក៏​ជាការ​មើលងាយ​ដល់​សមត្ថកិច្ច​នៃ​អាជ្ញាធរ​រដ្ឋ​ម្ចាស់ផ្ទះ​យ៉ាង​ងងើល​ដែរ​។​
​ចំពោះ​ការរត់ពន្ធ​មនុស្ស វា​ជា​បញ្ហា​ដែល​កើតមាន​សម្រាប់​គ្រប់​ប្រទេស​នៅលើ​លោក​។ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​ស្ថានទូត ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​យើង​ទាំងអស់​មិនមែនជា​អ្នកប្រព្រឹត្ត​ជំនួញ​ទុច្ចរិត​នេះ​ទេ តែ​ស្ថាប័ន​យើង​ជា​អ្នក​ជួយ​ទប់ស្កាត់​ឧក្រិដ្ឋ​កម្មនេះ​និង​ជួយសង្គ្រោះ​អ្នក​ដែល​រងគ្រោះ​ទៅវិញ​ទេ​។​
​ការការពារ​ផល​ប្រ​យោ​ជ​ន៏​ជាតិ និង​ប្រជាពលរដ្ឋ​យើង​នៅក្រៅ​ប្រទេស គឺជា​ភារកិច្ច​ស្នូល​និង​សំខាន់បំផុត​នៃ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងសុខាភិបាល​កំពុង​តែ​...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

បិទ​ផ្សារ​អ៊ី​អន​១ បន្ទាប...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ពុលស្រាសនៅខេត្តកំពង់ឆ្នាំ...

ដោយ: មុនីរ័ត្ន-ទេព កង្រី/...

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...