
ថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៩ខែតុលា ឆ្នាំ២០២០នៅព្រឹកថ្ងៃសុក្រ ៧រោច ខែអស្សុជឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី៩ខែតុលាឆ្នាំ ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅវិមានសន្តិភាពទីស្ដីការគណៈរដ្ឋមន្ត្រីមានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិនិត្យនិងពិ ភាក្សាលើ៖
១-សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣។
២-សេចក្ដីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩- ២០២៣។
៣-បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ៖
៣.១.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៣.២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖១-ពិធីសារទី៣ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុកក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណា មួយ។២-ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល (Co-Terminal Rights) រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៣.៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩និងទី១០នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ានស្តីពីសេវាកម្ម។
៣.៤.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។
ក្រោយពីបានស្ដាប់របាយការណ៍និងមតិពិភាក្សាផ្លាស់ប្ដូរយោបល់រួចមកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេច៖
១-សេចក្ដីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣ សេចក្ដីព្រាងកម្ មវិធីវិនិយោគសាធារណៈ(ក.វ.ស.)៣ឆ្នាំរំកិល ២០២១-២០២៣ មានគោលបំណងបង្ហាញពីទិន្នន័យគម្រោងវិនិយោគដែលមានអាទិភាពខ្ពស់របស់ក្រសួងស្ថាប័នដែលជាគោលនយោបាយមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភានិងជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តគោលនយោបាយដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ(ផ.យ.អ.ជ.) ២០១៩-២០២៣។
សេចក្ដីព្រាង ក.វ.ស. ៣ឆ្នាំរំកិល ២០២១-២០២៣ បានដាក់បញ្ចូលគ្នានូវគម្រោងកំពុងដំណើរការ ដែលការអនុវត្តគម្រោងកំពុងបន្តនៅក្នុងដំណាក់កាល ក.វ.ស.និង គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ដែលជាគម្រោងស្នើសុំថ្មីត្រូវអនុវត្តក្នុងដំណាក់កាល ក.វ.ស.។ ចំពោះ ក.វ.ស. ៣ឆ្នាំរំកិល ២០២១-២០២៣នេះមានគម្រោងសរុប ចំនួន៦២៩ដែលត្រូវការបរិមាណទុនសរុប១២៧៩៦លានដុល្លារអាម៉េរិកដោយក្នុងនោះ២០៣ ជាគម្រោងកំពុងដំណើរការដែលត្រូវការទុនចំនួន ៨,៣៩៧ លានដុល្លារ អាម៉េរិកនិង ៤២៦ ជាគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ឬគម្រោងថ្មីដែលត្រូវការទុនចំនួន ៤ ៣៩៩ លានដុល្លារអាម៉េរិក។
ការវិភាជទុនដល់គម្រោងនានារបស់ ក.វ.ស.៣ឆ្នាំរំកិល២០២១-២០២៣ ទៅតាមវិស័យនីមួយៗត្រូវបានកំណត់៖៨,៩%សម្រាប់គម្រោងក្នុងវិស័យសង្គមកិច្ច៣៤,២% សម្រាប់គម្រោងក្នុងវិស័យសេដ្ឋកិច្ច ៥០,១%សម្រាប់គម្រោងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិង ៦,៨%សម្រាប់គម្រោងក្នុងវិស័យសេវានិងកម្មវិធីអន្តរវិស័យ ។ សេចក្ដី ព្រាង ក.វ.ស. ៣ឆ្នាំរំកិល ២០២១-២០២៣ ត្រូវបានរៀបចំឡើងមាន៤ជំពូកនិងបញ្ជីតារាងចំនួន១១ ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈ រដ្ឋមន្ត្រី។
២-សេចក្ដីព្រាងផែនការសកម្មភាពជាតិស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ២០១៩-២០២៣ កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការសកម្មភាពជាតិស្ដី ពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីចំនួនពីរ(ទី១ ឆ្នាំ២០០៩-២០១៣ និងទី២ ឆ្នាំ២០១៤-២០១៨)។ប៉ុន្តែក៏នៅមានបញ្ហាសេសសល់និងបញ្ហាប្រឈមថ្មីៗដែលបណ្តាល មកពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សង្គមប្រព័ន្ធព័ត៌មានវិទ្យានិងសាកលភាវូបនីយកម្ម។ស្ត្រីកម្ពុជាមួយចំនួននៅតែប្រឈមមុខនឹងអំពើហិង្សាផ្លូវកាយផ្លូវចិត្តនិងផ្នែកសេដ្ឋកិច្ចទាំងនៅក្នុងផ្ទះនៅកន្លែងធ្វើការនិងក្នុងសហគមន៍ដោយមិនគិតពីកម្រិតប្រាក់ចំណូល កម្រិតវប្បធម៌ និង ចំណេះដឹងឡើយខណៈដែលមូលហេតុចម្បងត្រូវ បានទទួលស្គាល់ជាទូទៅថាបណ្តាលមកពីវិសមភាពយេនឌ័រនិងការរើសអើង។
ក្នុងន័យនេះសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពីហិង្សាលើស្ត្រី ២០១៩-២០២៣ គឺជាផែនការលើកទី៣ ដែលត្រូវបានរៀបចំឡើងដើម្បីជាផែនទី តម្រង់ទិសសម្រាប់បណ្ដាក្រសួងស្ថាប័នអ្នកពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិអង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រព័ន្ធផ្សព្វផ្សាយក្នុងការបន្តអនុវត្តការងារ បង្ការ ទប់ស្កាត់ ឆ្លើយតប និងដោះស្រាយអំពើហិង្សាលើស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធិខ្ពស់ក្នុងគោលបំណងឆ្ពោះទៅកាត់បន្ថយរាល់ទម្រង់នៃអំពើ ហិង្សាលើស្ត្រី ដែលនឹងរួមចំណែកលើកកម្ពស់តម្លៃសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ សំដៅលើកកម្ពស់សមធម៌ បរិយាបន្ន និងភាពសុខដុមរមនាសង្គមដែលនឹង ផ្ដល់លទ្ធភាពគ្រប់គ្រាន់ដល់ស្ត្រីអាចប្រើប្រាស់សក្តានុពលរបស់ខ្លួនជាអតិបរមាដើម្បីចូលរួមក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។
សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពីហិង្សាលើស្ត្រី ២០១៩-២០២៣ ត្រូវបានរៀបចំឡើងដោយមាន៧ជំពូកហើយត្រូវបានសម្រេចឯកភាពដោយ អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
៣-បញ្ហាផ្សេងៗកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចបញ្ជូនទៅសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ៖ ៣.១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម។
៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើ៖១- ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុកក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណា មួយ។២-ពិធីសារទី៤ស្តីពីសិទ្ធិហោះ ហើរកូធ័រមីណល (Co-Terminal Rights) រវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៣.៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩និងទី១០នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ានស្តីពីសេវាកម្ម។
៣.៤.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖
១- ក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ ប្រទេសកម្ពុជានៅរក្សាបាននូវការគ្រប់គ្រងហិរញ្ញវត្ថុក្នុងស្ថានភាពល្អប្រសើរ បើធៀបនឹងបណ្ដាប្រទេសមួយចំនួន។ជាក់ស្ដែងរាជរដ្ឋា ភិបាលនៅមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបញ្ចេញកញ្ចប់ថវិកាសម្រាប់ចំណាយចរន្តក្នុងការបើកបៀវត្សរ៍រៀងរាល់២សប្ដាហ៍ម្ដងជូនមន្ត្រីរាជការទូទាំងប្រទេសនិងបន្តកម្ម វិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រនិងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ព្រមទាំងគាំទ្រដល់កម្មវិធីវិនិយោគសាធារណៈជាអាទិ៍ការកសាង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រឡាយទឹក និងគម្រោងខ្នាតតូចនៅតាមសហគមន៍មូលដ្ឋាន។
២- ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះទឹកជំនន់ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបង្កើនការយកចិត្តទុក ដាក់ប្រុងប្រយ័ត្នខ្ពស់ដោយចាត់វិធានការចាំបាច់នានានិងដឹកនាំកម្លាំងក្នុងការចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋតាមភូមិសាស្ត្រដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលាដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់ទ្រព្យសម្បត្តិនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង៩និង៥៣នាទី ៕