វិបត្តិ​សំរាម​នៅ​ភ្នំពេញ គួរតែមាន​ច្រកចេញ​ឆាប់​!

ដោយ​: លី ម៉េង​ហួរ​: ចាប់តាំងពី​ថ្ងៃទី​២ ខែតុលា​មក​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ីន​ទ្រី សរុប ២១៥០​នាក់ បានធ្វើ​កូដកម្ម និង​មិន​ចេញ​បោសសម្អាត​ប្រមូល​សំរាម​នៅក្នុង​រាជធានី ភ្នំពេញ​ឡើយ​។ ក្រុម​បុគ្គលិក​កម្មករ​ប្រមូល​សំរាម​ស៊ីន​ទ្រី ទាមទារ ប្រាំ ចំណុច រួមមាន ១.​ទាមទារ​ប្រាក់​បំណាច់​អតីតភាព​ការងារ ,២.​ទាមទារ​សំណង​ជំងឺ​ចិត្ត​,៣.​ទាមទារ​ប្រាក់​ជួស ឲ្យ​ការជូនដំណឹង (​ប្រាក់ ដែល​ក្រុមហ៊ុន មិនបាន​ជូនដំណឹង​ជាមុន​) ,៤.​ទាមទារ​ប្រាក់ខែ​ចុង ក្រោយ និង​៥.​ការឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅសល់​។

​ការតវ៉ា​របស់​កម្មក​រ​ស៊ីន​ទ្រី​នេះ ដោយសារ​ពួកគេ​បារម្ភ​ថា ប្រសិនបើ​មានការ​ដេញថ្លៃ​ក្រុមហ៊ុន​ថ្មី បន្ថែមទៀត​ដើម្បី​ប្រមូល​សំរាម​នៅ​ភ្នំពេញ​នោះ ពួកគេ​អាច​នឹង​ប្រឈម​នឹង​ការបាត់បង់​ការងារ និង​ប្រាក់​អត្ថប្រយោជន៍ ដែល​ពួកគាត់ ត្រូវ​ទទួលបាន​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី​។​

​ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ ក្នុង​កិច្ចប្រជុំ​ចរចា​ជា​បន្តបន្ទាប់ និង​នៅតាម​វេទិកា​នានា លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​ធានា ទទួលខុសត្រូវ​មិន​ឲ្យ​បងប្អូន​កម្មករនិយោជិត របស់​ស៊ីន​ទ្រី​ទាំងអស់ បាត់បង់​ការងារ​ទេ ហើយ​ផលប្រយោជន៍​ទាំងអស់​រួមទាំង​ប្រាក់​អតីត ភាព​ការងារ ក៏ត្រូវ​រក្សា និង​ដោះស្រាយ​តាមច្បាប់​ការងារ​យ៉ាង​ត្រឹមត្រូវ​។​

​កិច្ចប្រជុំ​ចរចា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែតុលា ចូលរួម​ដោយ​តំណាង​សហជីព​កម្មករ​ស៊ីន​ទ្រី ក្រុមហ៊ុន​ស៊ីន​ទ្រី និង​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង បាន​ព្រមព្រៀង គ្នា​បី​ចំណុច​។ ទី​១-​ចំពោះ​សំណើ​របស់​កម្មករនិយោជិត​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​ពេល បញ្ចប់​កិច្ចសន្យា ក្រុមហ៊ុន​ទទួលដោះស្រាយ​តាមច្បាប់ ស្ដីពី ការងារ​ហើយ​រដ្ឋបាល​រាជធានី ភ្នំពេញ ជា​អ្នកធានា​ខុសត្រូវ​។ ទី​២-​ចំពោះ​ការងារ​របស់​កម្មករ​និយោជិត ទៅ​ថ្ងៃ​ខាងមុខ រដ្ឋបាល​រាជធានី​ភ្នំពេញ ធានា​មិន​បាត់បង់​ឡើយ ទោះបី​ក្រុមហ៊ុន​ស៊ីន​ទ្រី ដេញថ្លៃ​ជាប់ ឬ​មិន​ជាប់​ក៏ដោយ និង​ទី​៣-​កម្មករនិយោជិត​ទាំងអស់ នាំគ្នា​ចូលធ្វើ​ការងារ​ជាធម្មតា​វិញ ចាប់ពី​រសៀល​ថ្ងៃទី​៧ ខែតុលា តទៅ​។​

​ក៏ប៉ុន្តែ​មកដល់​ព្រឹក​ថ្ងៃទី​៨ ខែតុលា កម្មករ​ក្រុមហ៊ុន ស៊ីន​ទ្រី មួយចំនួន បាន​បន្ត​ប្រមូលផ្ដុំ​ធ្វើ កូដកម្ម តវ៉ា​នៅមុខ​យានដ្ឋាន​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ កម្មករ​ស៊ីន​ទ្រី ដែល​បាន​បន្តធ្វើ​កូដកម្ម ប្រហែល ៣០០​នាក់ មិន​ព្រម​ចេញ ឡាន ប្រមូល​សំរាម បានទាមទារ ប្រាំ ចំណុច​ខាងលើ ដោយ​ចង់​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន ស៊ីន​ទ្រី បើកប្រាក់​បំណាច់​អតីតភាព​ការងារ និង​ប្រាក់​សំណង​ផ្សេងទៀត ឲ្យ​ពួកគេ នៅពេលនេះ​តែម្តង ដោយ​មិន​ចង់បាន ត្រឹមតែ​ការសន្យា ធានា ទទួលខុសត្រូវ​នោះឡើយ​។​

​យ៉ាងណាក៏ដោយ ការទាមទារ​របស់​ក​ម្មករ​ប្រមូល​សំរាម​ដូច្នេះ មិន​ត្រូវបាន​ក្រុមហ៊ុន ស៊ីន​ទ្រី យល់ព្រម​ឡើយ ដោយ​សំអាងថា ក្រុមហ៊ុន ស៊ីន​ទ្រី មិនបាន​បិទ​ក្រុមហ៊ុន​ទេ ហើយ​កម្មករ បុគ្គលិក និយោជិត​ទាំងអស់ មិន​ត្រូវបាន​ក្រុមហ៊ុន បញ្ឈប់​ពី​ការងារ​ឡើយ​។​
​ ​
​ក្នុង​រយៈពេល​កម្មករ​ស៊ីន​ទ្រី ធ្វើ​កូដ​កម្មនេះ ចាប់តាំងពី​ថ្ងៃទី​២​តុលា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​វិធានការ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​សង្កាត់ បញ្ចេញ​កម្លាំង​សរុប ដោយមាន​ឡាន​ដឹក​សំរាម​របស់ សាលា​រាជធានី​ភ្នំពេញ ៧០​គ្រឿង និង​រ៉ឺម៉ក​ម៉ូតូ​ដឹក​សំរាម​រាប់សិប​គ្រឿង ចេញ​ដឹកជញ្ជូន​សំរាម ទាំងយប់​ទាំង​ថ្ងៃ និង​ទាំង​ភ្លៀង​។ អំឡុង​ពេលនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​ប្រកាស​រើស កម្មករ​ប្រមូល​សំរាម​ជាច្រើន​នាក់ នៅតាម​ខណ្ឌ​និ​មួយៗ ផងដែរ​។
​ ​
​ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ បញ្ហា​សំរាម​នៅ​ភ្នំពេញ ពិសេស​នៅតាម​ផ្លូវ​សាលា​ធា​រណៈ​នានា នៅតែ​មិន​ត្រូវបាន​កើប​ប្រមូល​ដឹកជញ្ជូន​អស់​ឡើយ ដោយហេតុថា នៅ​ភ្នំពេញ​សព្វថ្ងៃ យ៉ាងហោចណាស់ សំរាម​មាន ៦.០០០ តោន ក្នុង មួយថ្ងៃៗ​។​
​ ​
​បើតាម​សាច់​រឿងនេះ កូដកម្ម​របស់​ក្រុមកម្មករ​ស៊ីន​ទ្រី កើតឡើង​ដោយសារតែ​ការមិនទុកចិត្ត ខ្លាច​ក្រុមហ៊ុន មិន​ផ្តល់ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ដទៃទៀត​ដែល​ច្បាប់ បានកំណត់​។ មូលហេតុ នៅពេល​ដ៏​ខ្លី​ខាងមុខ អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវ​រៀបចំ​ដេញថ្លៃ ជ្រើស​យក​ក្រុមហ៊ុន​ប្រមូល​សំរាម តែ​បី​ក្រុមហ៊ុន​ប៉ុណ្ណោះ ក្នុងចំណោម ៦​ក្រុមហ៊ុន​ដែល​ត្រូវ បានជ្រើសរើស នាពេលនេះ ដើម្បី​ប្រមូល​សំរាម នៅ បី​តំបន់ ក្នុង​រាជធានី​ភ្នំពេញ​។​

​ដូច្នេះ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ក្រសួង​ការងារ ត្រូវតែ​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ស៊ីន​ទ្រី ដែល​ទទួល សិទ្ធិផ្តាច់មុខ ក្នុង​ការប្រមូល​ដឹកជញ្ជូន​សំរាម និង​យកលុយ​តាម​ខ្នង​ផ្ទះ ហាង សណ្ឋាគារ នៅ​ភ្នំពេញ ជាង ១០​ឆ្នាំ​មកហើយ ត្រូវតែ​ដោះស្រាយ ផ្តល់ប្រាក់​អត្ថប្រយោជន៍​ទាំងអស់នេះ ឲ្យ​កម្មករ​ទាំងអស់​។ ការទូទាត់​ទាំងនេះ គ្រាន់តែ​ជា​រឿង​មុន និង​ក្រោយ​តើ​។

​ផ្ទុយទៅវិញ បើសិនជា​បណ្តែតបណ្តោយ​ដូច្នេះ នាំ​ឲ្យ​មានការ​ចោទ​ជា​សំណួរ​ថា តើ​ក្រុមហ៊ុន មានបំណង​គេចវេស មិន​ទទួលខុសត្រូវ មិន​ផ្តល់ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍ ដទៃទៀត ជូន​កម្មករ ឬ​យ៉ាងណា​? ឬក៏​ម្យ៉ាងទៀត មានការ​លើកឡើងថា អាជ្ញាធរ​សមត្ថកិច្ច គ្រប់ផ្នែក ដែល​ពាក់ព័ន្ធ ត្រូវរ៉ូវ​គ្នា​នឹង​ក្រុមហ៊ុន​ស៊ីន​ទ្រី ទេ​ដឹង បានជា​មិន​អនុវត្ត​តាមច្បាប់ ឲ្យ​ក្រុមហ៊ុន បើកប្រាក់​ឲ្យ​កម្មករ​ដូច្នេះ​។​

​រីឯ​កម្មករ​ស៊ីន​ទ្រី បើសិនជា​មិន​ទទួលបាន​ប្រាក់​សំណង ប្រាក់​អតីតភាព​ទេ នៅពេលនេះ ទេនោះ ក៏​កម្មករ​ទាំងអស់ គួរតែ​ស្វែងរក​ការឯកភាព​ណាមួយ​ហើយ​ត្រូវ​ឲ្យ​មាន​ការធានា​ច្បាស់ លាស់ ជា​លាយលក្ខណ៍អក្សរ​ត្រឹមត្រូវ ដើម្បី​ធានាថា ប្រាក់​អត្ថប្រយោជន៍​របស់ខ្លួន​មិនត្រូវ បាត់បង់ ហើយ​ការងារ​ក៏​បន្ត​បានធ្វើ​ទៅទៀត​។​

​ជា​ការពិតហើយ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បានប្រកាស​រួចហើយ​ថា ក្នុងចំណោម ក្រុមហ៊ុន​ទាំង ប្រាំមួយ​ដែល​ត្រូវបាន​ចម្រាញ់​ជ្រើសរើស នៅពេលនេះ​មាន​ក្រុម ហ៊ុន​ស៊ីន​ទ្រី​មួយ ហើយ​ស៊ីន​ទ្រី នៅតែ​ជា​អាទិភាព និង​មាន​ភាគរយ​ច្រើនជាងគេ​ដោយសារតែ មានបទពិសោធន៍​ប្រមូល​សំរាម​យូរ​ឆ្នាំ​មកហើយ នៅ​ភ្នំពេញ គឺ​ស៊ីន​ទ្រី អាចនឹងទទួល​បាន​តំបន់ មួយ ក្នុងចំណោម​បី​តំបន់ នៅ​ភ្នំពេញ ដើម្បី​បន្ត​សេវាកម្ម ប្រមូល​និង​ដឹកជញ្ជូន​សំរាម​ត​ទៀត ។​

​ដូច្នេះ​ដើម្បី​ឲ្យ​មាន​ទំនុកចិត្ត​ច្បាស់លាស់​នឹង​គ្នា គួរតែ​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​អន្តរាគមន៍​ហើយ ទើប​អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ ហើយ​ភ្នំពេញ​យើង ក៏​អាច​ស្រស់ស្អាត​ឡើងវិញ លែងមាន​សំរាម​នៅ​រាយប៉ាយ​ពេញ​ផ្លូវ​ទៀត​ដែរ មើលទៅ​នោះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកជំនាញៈ​តម្លៃ​អចលនទ្រព...

​ដោយ:​ច្រាយ ចំណាន​/​ភ្នំព...

ទោះ​ស្ថិតក្នុង​ស្ថានភាព​ក...

​ដោយៈ ច្រាយ ចំណាន​/​ភ្នំព...

រាជរដ្ឋាភិបាល​នៅតែ​បន្ត​ជ...

​ដោយៈ ជា សីហៈ​/​ភ្នំព...

កុំ​ភ្លេច​អេ​ដ​ស៏​មិនទាន់...

​ ដោយៈ ជា សីហៈ​/​ភ្នំព...