ដោយៈបូរិន/ភ្នំពេញៈជាព័ត៌មានថ្មីដែលធ្វើឱ្យក្នុងពិភពសិល្បៈខ្មែរមានការភ្ញាក់ផ្អើលដោយតារាសម្តែងរូបសង្ហា លោក យុទ្ធ ថានៈ និងអ្នកនាង សូដា នីតា ស្រលាញ់គ្នាចាប់ដៃយកគ្នាមែនទែន។ ខាងស្រីដែលតារាល្បីខាងសម្តែងនិងចម្រៀងមានវ័យច្រើនជាងខាងប្រុសក៏មិនជាបញ្ហា។

ក្រោយចេញមុខចេញមាត់បណ្តើរគ្នាជាហូរហរស្ទើរគ្រប់កម្មវិធីសិល្បៈនិងសប្បុរសធម៌កន្លងមកលោក យុទ្ធ ថានៈ និង សូដា នីតា បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេពិតជាស្រលាញ់គ្នាមែនទែន។ ពិតជាយកគ្នាធ្វើជាប្តីប្រពន្ធ។ មិនមែនជាការសម្តែងបោកប្រាស់ឡើយ។ ពួកគេ ប្រកាសពីរគម្រោងពិធីភ្ជាប់ពាក្យជាមួយគ្នានាពេលខាងមុខនេះ។

លោក យុទ្ធ ថានៈ បានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ថា លោកពិតជាស្រលាញ់គ្នាជាមួយអ្នកនាង សូដា នីតា ពិតមែនដោយច្បាស់លាស់នឹងគ្នា ហើយរឿងនេះ មិនមែនជាការសម្តែងធ្វើឡើងឡើយ ព្រោះលោកនិងអ្នកនាង សូដានីតា ត្រៀមរៀបចំគម្រោងពិធីភ្ជាប់ពាក្យនឹងគ្នា ដែលត្រៀមប្រារព្ធឡើងនាចុងឆ្នាំ២០២០នេះ។ លោកក៏សូមអគុណដល់ ទស្សនិកជន និងអ្នកគាំទ្រ ដែលតាមដានរឿងពួកគេ។

តារាប្រុសរូបសង្ហារូបនេះបាននិយាយផងដែរថា លោកនិងអ្នកនាង សូដា នីតា គ្រាន់ភ្ជាប់ពាក្យនឹងគ្នាជាមុនទុកសិន ។ពេលនេះមិនទាន់ថាសម្រេចរៀបចំមង្គលការបានឡើយ។ អ្នកនាង សូដា នីតា នៅកាន់ទុក្ខម្តាយរបស់នាងដែលទើបចែកឋានកន្លងទៅ។
ជាមួយគ្នានោះ កាលពីថ្ងៃទី៨ ខែតុលាមានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយពីអ្នកនាង សូដា នីតា ដែលលើកឡើងថា នាងនឹងភ្ជាប់ពាក្យជាមួយប្រុសក្មេងជាលើកទី២”។ ប្រការនេះបានធ្វើឲ្យសាមីខ្លួនចេញមុខប្រតិកម្ម។

តារាសម្ដែងអ្នកនាង សូដា នីតា បានប្រតិកម្មថា “ខ្ញុំសូមឲ្យអ្នកសារព័ត៌មានម្នាក់ចេញមុខមក បកស្រាយជាបន្ទាន់។ បើមិនចេញបកស្រាយទេ ខ្ញុំសូមប្តឹងអ្នកសារ ព័ត៌មានម្នាក់នេះ ដោយទី១ ថាខ្ញុំបានភ្ជាប់ពាក្យជាលើកទី២ ជាមួយប្រុសក្មេង។ គឺបានន័យថា ខ្ញុំធ្លាប់ភ្ជាប់ពាក្យជាមួយប្រុសក្មេងមួយណារួចហើយជាលើកទី១ហើយ?។ ចឹងចេញមុខបកស្រាយ ហើយរកប្រុសក្មេងដែលខ្ញុំភ្ជាប់ពាក្យលើកទី១នោះឲ្យឃើញ”។

សូមរំលឹកថា លោក យុទ្ធ ឋានៈ គឺជាតារាសម្តែងប្រុសដែលលេចធ្លោក្នុងរឿងភាគច្រើនរបស់ស្ថានីយទូរទស្សន៍ ហើយក៏ជាតារាធ្លាប់ផ្ទុះរឿងចម្រូងចម្រាសជាមួយកញ្ញា រ៉ូស កាលពីប៉ុន្មាន ខែមុនរឿងថតលូកស្ទាបនោះ ផ្អើលពេញការចាប់អារម្មណ៍បណ្តាញសង្គមរងការរិះគន់យ៉ាងចាស់ដៃ។
ក្រោយដំណឹងនៃការភ្ជាប់ពាក្យរវាងតារាសម្តែង ប្រុសយុទ្ធ ឋានៈ និងតារាចម្រៀង សូដា នីតា ពួកគេក៏បានបណ្តើរគ្នាចូលរួមកម្មវិធីសប្បុរសធម៌មួយនៅមជ្ឈមណ្ឌលស្នាមញញឹមថ្មីនៃសង្ឃឹមកុមារ រួមជាមួយក្រុមគ្រួសារនិងសិល្បករមួយចំនួន៕/Ha







