ដោយៈ កាំពី/ក្រចេះ ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នេះ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ បានដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង សង្កាត់ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ជាច្រើន បានចូលរួម បោសម្អាតតាមដងផ្លូវទីសាធារណៈ ក្នុងថ្ងៃប្រារព្ធទិវាជាតិ ទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» ។
លោកស្រី អភិបាលរងខេត្ត បានលើកឡើងថាៈ ការប្រារព្ធទិវាជាតិទីក្រុងស្អាត ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបមហាស្អាត» នាពេលនេះ គឺក្នុងគោលបំណង ផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹង អំពីទីក្រុងស្អាត និងការសម្អាតទីក្រុង នៃខេត្តក្រចេះ ឲ្យមានសោភ័ណភាព ស្រស់បំព្រង សក្តិសមជាទីក្រុង ដែលទទួលបានជ័យលាភី ផ្ការំដួល ២ទង និងបន្តយកជ័យលាភី ផ្ការំដួល ៣ ទង ។ ទន្ទឹមនេះ លោកស្រី ក៏បានអាននូវសារលិខិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី៨ ឆ្នាំ២០២០ នេះ ។
ទិវាជាតិ ទីក្រុងស្អាត ឆ្នាំទី៨ នៃប្រធានបទ «ទីក្រុងស្អាត ទីក្រុងដែលមានវិថីម្ហូបអាហារស្អាត» គឺជាការឆ្លុះបញ្ជាំងយ៉ាងច្បាស់ថា វិថីម្ហូបអាហារ គឺជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអាចផ្ដល់នូវបទពិសោធន៍ និងការចងចាំ សម្រាប់ភ្ញៀវទេសចរ ដែលជាទូទៅទេសចរ តែងប្រាថ្នាចង់ដើរកម្សាន្ត និងទទួលទានម្ហូបអាហារ ដែលប្រកបដោយ អនាម័យ និងជឿទុកចិត្ត ខណៈដែលវិថីម្ហូបអាហារ ក៏ជាផ្នែកមួយ នៃទេសចរណ៍ម្ហូបអាហារ ដែលផ្សារភ្ជាប់ការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន ទៅនឹងជីវភាពប្រជាជន វប្បធម៌ និងទំនៀមទម្លាប់ ព្រមទាំងជួយជំរុញអាជីវកម្ម ខ្នាតតូចបែបគ្រួសារ ឱ្យរីកលូតលាស់ បានយ៉ាងមានប្រសិទ្ធភាព ៕S/