ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ បើទោះបីជារយៈពេលប្រាំពីរថ្ងៃនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មានអ្នកចុះឈ្មោះបោះឆ្នោតថ្មី សរុបចំនួន ១០៤.៦៩១នាក់ ស្មើនឹង ៣៤,៨៥ភាគរយ។ អ្នកលុបចេញពីបញ្ជី មានចំនួន ៣៥.៧១០ នាក់ អ្នកកែតម្រូវទិន្នន័យ មានចំនួន ៣០.៣៦៣នាក់ និងអ្នកផ្ទេរចូល មានចំនួន ២៩.៣៧៩ នាក់ ក៏ដោយ គ.ជ.ប នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមកចូលរួមក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។
នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធកាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ លោក ឌុច សុន សមាជិក គ.ជ.ប បានបញ្ជាក់ថា ក្នុងរយៈពេលប្រាំពីរថ្ងៃនេះនៅតាមបណ្តាឃុំ សង្កាត់មួយចំនួននៃរាជធានី ខេត្តទូទាំងប្រទេសបានជួបប្រទះនូវបញ្ហាអាកាសធាតុ និងបញ្ហាប្រឈមមួយចំនួនទៀត ប៉ុន្តែមិនបានធ្វើឱ្យរាំងស្ទះដល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។

ទាំងនេះគឺដោយសារមានកិច្ចសហការយ៉ាងស្អិតរមួតរវាងអ្នកបច្ចេកទេសថ្នាក់ជាតិ លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុមចុះឈ្មោះ និងភាគីពាក់ព័ន្ធផ្សេងទៀត បានដោះស្រាយទាន់ពេលវេលា។
តាមផែនការ ក្រុមចុះឈ្មោះបោះឆ្នោត ត្រូវចល័តការិយាល័យចុះឈ្មោះទៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដើម្បីបង្ខិតសេវាចុះឈ្មោះបោះឆ្នោតឱ្យកាន់តែខិតជិតលំនៅឋានរបស់ប្រជាពលរដ្ឋ។
ការចល័តនេះមានរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ហើយនឹងវិលត្រឡប់មកចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់វិញ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។

ឆ្លៀតក្នុងឱកាសនេះ លោក ឌុច សុនបានអំពាវនាវឱ្យប្រជាពលរដ្ឋមកចូលរួមពិនិត្យមើលឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ការិយាល័យចុះឈ្មោះបោះឆ្នោត បើកធ្វើការជារៀងរាល់ថ្ងៃ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០នាទី ដល់ម៉ោង ៥:៣០នាទីល្ងាច។គ.ជ.បមានយន្តការការងារចំនួនបីក្នុងការដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងដំណើរការងារនៅពេលនេះរួមមាន ៖ យន្តការនៃកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ យន្តការតាមរយៈលិខិតរដ្ឋបាល យន្តការបណ្តឹងតាមច្បាប់ជាធរមាន។

សូមជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នេះ គឺជាលើកទី៥ នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ដែលជាប្រព័ន្ធទំនើប បើគិតចាប់តាំងពីឆ្នាំ២០១៦មក។ កម្មវិធីនេះ ទទួលបានតម្លាភាព ប្រសិទ្ធភាព និងមានផលវិជ្ជមាន ដូចជាៈ ការធានានូវការដៅសម្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត ដែលមានតែមួយគត់ក្នុងបញ្ជីបោះឆ្នោត តាមរយៈការរក្សាទុកខ្ចៅដៃ រូបថត លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងអត្តលេខរបស់សាមីខ្លួន ក្នុងប្រព័ន្ធកុំព្យូទ័រ និងបញ្ជីបោះឆ្នោត។ ធានាថា អ្នកបោះឆ្នោតម្នាក់ៗមានឈ្មោះតែមួយគត់នៅក្នុងបញ្ជីបោះឆ្នោត។

ធានាថា គុណភាពនៃបញ្ជីបោះឆ្នោតមានសុក្រឹត្យភាព ភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព។ងាយស្រួលក្នុងការស្វែងរកឈ្មោះទិន្នន័យនិងទីតាំងការិយាល័យរបស់អ្នកបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ គេហទំព័រ គ.ជ.ប ឬកម្មវិធីទូរស័ព្ទដៃ (Mobile App)។ ធ្វើឱ្យកាន់តែមានជំនឿទុកចិត្តលើប្រព័ន្ធបោះឆ្នោត និងលើ គ.ជ.ប៕S/