​ក្រសួងសុខាភិបាល សម្រេច​បិទ​មជ្ឈមណ្ឌល​សិក្សា​ជំនាញ​កែ​សម្ផស្ស «​វី​នេស​»

352
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល បានចេញ​សេចក្តីសម្រេច​មួយ ដោយ​បិទ​មជ្ឈមណ្ឌល​សិក្សា​ជំនាញ​កែ​សម្ផស្ស «​វី​នេស​» (VENUS Academy&Clinic) ដែលមាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​២៤២ (​ឧកញ៉ា​ពេជ្រ​) សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​ក្រសួងសុខាភិបាល ដែល​ទើប​ទទួលបាន នា​ព្រលប់​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០​។​

​ការសម្រេច​បិទ​មជ្ឈមណ្ឌល​សិក្សា​ជំនាញ​កែ​សម្ផស្ស «​វី​នេស​» (VENUS Academy&Clinic) នេះ ត្រូវបាន​ក្រសួងសុខាភិបាល អះអាងថា ដោយសារ​មូលហេតុ នៃ​ការផ្តល់សេវា​កែ​សម្ផស្ស គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ការវះកាត់​កែ​សម្ផស្ស​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​អតិថិជន​និង​មាន​ចេតនា​គេចវេះមិន​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។

​ជាមួយគ្នានេះ បើតាម​សម្តី​របស់​ជនរងគ្រោះ​ដែល​សុំ​លាក់​អត្តសញ្ញាណ បង្ហើប​ប្រាប់ថា មូលហេតុ​ដែល​ខ្លួន​សម្រេចចិត្ត​ទៅ​កែ​សម្ផស្ស​នៅ​គ្លីនិក​គ្មាន​ច្បាប់​ឈ្មោះ «​វី​នេស​» (VENUS Academy&Clinic) នេះ គឺដោយសារតែ​ខ្លួន​ជឿ​តាម​សម្តី​លួងលោម​របស់​បុគ្គល​ឈ្មោះ ឡេង ថា​វី និង ឈ្មោះ Nguyen Thi Phuong ព្រមទាំង​បុគ្គល​ដែល​ខ្លួន​ស្គាល់ឈ្មោះ​តាម ហ្វេ​ស​ប៊ុ​ក Cham Chetra (Hong Cham) ។​

​ជន​ឆបោក​ទាំង​៣​នាក់​បាន​អះអាងថា​ខ្លួន​ជា​គ្រូពេទ្យ​ជំនាញ​កែ​សម្ផស្ស​នៅ​មជ្ឈមណ្ឌល​កែ​សម្ផស្ស​មួយ​នេះ ទើប​ខ្លួន​សម្រេចចិត្ត​ទៅធ្វើ​ការវះកាត់​កែ​ច្រមុះ​​ ដោយ​បុគ្គល ឈ្មោះ ឡេង ថា​វី និង Nguyen Thi Phuong ព្រមទាំង Cham Chetra សន្យាថា នឹង​យក​ឆ្អឹងខ្ចី​មក​ត​ខ្ទង់វិញ ។ ប៉ុន្តែ​ក្រោយពី​ការវះកាត់​រួច ខ្លួន​មាន​អាកា​រ​ថប់ដង្ហើម និង មាន​ហូរឈាម​លាយ​ខ្ទុះ និង​មាន​ការឈឺ​ចុកចាប់​ខ្លាំង ទើប​ខ្លួន​សម្រេចចិត្ត​ទៅរក​ពេទ្យ​ឯកទេសដើម្បី​ធ្វើការ​ព្យាបាល ទើប​ដឹង​បុគ្គល​ឈ្មោះ ឡេង ថា​វី និង Nguyen Thi Phuong ព្រមទាំង​ChamChetra​បាន​វះកាត់​ច្រមុះ​របស់ខ្លួន​ដោយ​ខុស​បទដ្ឋាន​វេជ្ជសាស្ត្រ ។


​ជា​ចុងក្រោយ​ជនរងគ្រោះ​បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​មុននឹង​សម្រេចចិត្ត​ទៅ​កែ​សម្ផស្ស ត្រូវ​ពិនិត្យ​មើលថា តើគ្លីនិកនោះ មានការ​ទទួលស្គាល់​ពី​ក្រសួង​សុខ​ភិ​បាល​ដែរឬទេ ជៀសវាង​ជួបប្រទះ​រឿង​អកុសល​ដូចជា​ខ្លួន ។​តាមរយៈ​ប័ណ្ណ​ពន្ធ​ប៉ាតង់​ឆ្នាំ​២០២០ បង្ហាញថា សហគ្រាស វី​នេស អេ​ឃើ​ដឹ​មី & គ្លីនិក ឯ​.​ក នេះ មាន​ម្ចាស់​ឈ្មោះ NGUYEN THI PHUONG មាន​សញ្ជាតិ​វៀតណាម ៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម