Home ព័ត៌មានអន្តរជាតិ ចំណាត់ខ្មាំងជ...

ចំណាត់ខ្មាំងជនជាតិបារាំងដោះលែងពីម៉ាលី ត្រឡប់មកដល់ប្រទេសបារាំងវិញហើយ

បុគ្គលិកជំនួយជនជាតិបារាំងអាយុ ៧៥ ឆ្នាំម្នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងអស់រយៈពេល ៤ ឆ្នាំដោយក្រុមជ្រុលនិយមអ៊ីស្លាមនៅប្រទេសម៉ាលី បានជួបជុំគ្នាវិញកាលពីថ្ងៃសុក្រទី៩តុលាជាមួយចៅៗរបស់គាត់នៅប្រទេសបារាំង ខណៈសាច់ញាតិក៏បានស្វាគមន៍ជនជាតិអ៊ីតាលីពីរនាក់ត្រឡប់មកស្រុកវិញ និង អ្នកនយោបាយម៉ាលីម្នាក់ ដែលត្រូវបានដោះលែងជាមួយលោកស្រីនៅសប្តាហ៍នេះផងដែរ។

ពួកគេត្រូវបានដោះលែងនៅដើមសប្តាហ៍នេះ គឺប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលម៉ាលីបានដោះលែងពួកសកម្មប្រយុទ្ធអ៊ីស្លាមជិត ២០០ នាក់នៅក្នុងការដោះដូរអ្នកទោស។

ប៉ុន្តែការត្រឡប់មកផ្ទះវិញត្រូវបានស្ងាត់ទៅវិញដោយសេចក្តីប្រកាសកាលពីថ្ងៃសុក្រថាស្ត្រីជនជាតិស្វីសម្នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមជ្រុលនិយមដូចគ្នា ត្រូវបានសម្លាប់។ មន្រ្តីស្វីសបាននិយាយថា លោកស្រី ប៊ីទ្រីស ស្តឹកគ្លី ដែលក្រុមមន្ត្រីព្យាយាមចរចាដោះលែងស្ងាត់ៗចាប់តាំងពីលោកស្រីត្រូវបានចាប់ពង្រត់កាលពី ៤ ឆ្នាំមុន ត្រូវបានសម្លាប់ប្រហែលមួយខែមុន។ ពួកមន្ត្រីស្វីសនិយាយថា ពួកគេបានទទួលព័ត៌មាននេះពីអាជ្ញាធរបារាំង ដែលត្រូវបានជូនដំណឹងដោយ “ចំណាប់ខ្មាំងជនជាតិបារាំងដែលត្រូវបានដោះលែងថ្មីៗនេះ”។

រដ្ឋមន្រ្តីក្រសួងការបរទេសស្វីសលោក អ៊ីកណាហ្ស៊ីអូ កាសស៊ីស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាជារឿងសោកស្តាយខ្លាំងណាស់ ដែលខ្ញុំបានដឹងអំពីការស្លាប់របស់ពលរដ្ឋរបស់យើង។ ខ្ញុំសូមថ្កោលទោសចំពោះទង្វើដ៏ឃោរឃៅនេះនិងបង្ហាញការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះសាច់ញាតិ”។

កាលពីព្រឹកថ្ងៃសុក្រ បុគ្គលិកជំនួយជនជាតិបារាំងអាយុ ៧៥ ឆ្នាំឈ្មោះ សូហ្វី ប៉េត្រូនីន បានចុះពីយន្តហោះនៅឯអាកាសយានដ្ឋានយោធា Villacoublay ភាគនិរតីនៃទីក្រុងប៉ារីស កន្លែងដែលលោកស្រីត្រូវបានស្វាគមន៍ដោយប្រធានាធិបតីបារាំងអេមម៉ានូអែល ម៉ាក្រុង។

ពាក់ស្បៃពណ៌សនិងអាវធំ លោកស្រីប៉េត្រូនីនបានឱបចៅៗរបស់គាត់។

លោកម៉ាក្រុងបានសរសេរនៅលើធ្វីតធឺ “បារាំងនិងរូបខ្ញុំពិតជាមានក្តីរីករាយជាខ្លាំងដែលទីបំផុតឃើញអ្នកត្រឡប់មកវិញ សូហ្វី ប៉េត្រូនីន។ សូមស្វាគមន៍មកស្រុកវិញ”។

លោកស្រីប៉េត្រូនីនបានជួបលោកម៉ាក្រុងមួយម៉ោងនៅអាកាសយានដ្ឋាន ប៉ុន្តែមិនបាននិយាយជាមួយបណ្តាញសារព័ត៌មាននោះទេ។

លោកម៉ាក្រុងបានបង្ហាញអារម្មណ៍រំភើបនិងធូរទ្រូងចំពោះការដោះលែងលោកស្រីប៉េត្រូនីន ថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាលី និង សន្យាថាយោធាបារាំងនឹងបន្តប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅក្នុងតំបន់អាហ្វ្រិកខាងលិច៕ ដោយ ៖ កញ្ញាដាលីស

លោកស្រីប៉េត្រូនីនឱបចៅៗនៅពេលមកដល់ប្រទេសបារាំងវិញកាលពីថ្ងៃសុក្រ ក្រោមការស្វាគមន៍ពីប្រធានាធិបតីម៉ាក្រុង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular