ដោយៈ រ៉ូហ្សា / កែបៈ សិក្ខាកាម ១៤នាក់ ក្នុងចំណោមសិក្ខាកាម ចូលរួមចំនួន ២០ នាក់ បានទទួលនិទ្ទេសល្អ សម្រាប់វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាទ្រីយ៉ាត្លុង កម្រិតមូលដ្ឋាន នៅខេត្តកែប នៅក្នុងពិធីបិទជាផ្លូវការ នៅថ្ងៃទី៨ ខែតុលា កន្លងទៅថ្មីៗនេះ ក្រោមវត្តមានលោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកែប។
វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាទ្រីយ៉ាត្លុង កម្រិតមូលដ្ឋាន សម្រាប់គ្រូកីឡា នៅតាមគ្រឹះស្ថានសិក្សា ជុំវិញខេត្ត មានសិក្ខាកាមចូលរួម ចំនួន ២០ នាក់ ដែលវគ្គនេះ បានរៀបចំដោយ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សហការជាមួយ មន្ទីរអប់រំ យុវជន និងកីឡា។
លោក ងឹន សុបញ្ញា អគ្គលេខាធិការ នៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រាប់ពីខេត្តកែបថាៈ ផ្អែកតាមផែនការសកម្មភាពការងារ ឆ្នាំ២០២០ ក្រោមគម្រោងថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកែប បានបើកវគ្គស្តីពី “គ្រូបង្វឹកកីឡាទ្រីយ៉ាត្លុង កម្រិតមូលដ្ឋាន ២០២០ នៅខេត្តកែប ។
វគ្គសិក្សានេះ ត្រូវបានអញ្ជើញមកបង្រៀន ដោយលោកស្រី សូ រ៉ាត់ដេត និងលោក ចេង ចាន់ដារ៉ា គ្រូជម្រើសជាតិកីឡាទ្រីយ៉ាត្លុងកម្ពុជា និងលោក ដេរីគ មួរ៉ាយ ( Derrick Murray ) ជាទីប្រឹក្សា ( Advisor ) របស់សហព័ន្ធ និងមានសិក្ខាកាម ចំនួន ២០ នាក់ ( ស្រី០២នាក់ ) ដោយផ្ដោតលើ ការសិក្សា ពីចំណេះដឹងទូទៅ នៃកីឡាទ្រីយ៉ាត្បូង (១.ហែលទឹក+ជិះកង់+រត់ប្រណាំង ២.ផ្នែកអនុវត្តជាក់ស្តែង ផ្តោតសំខាន់លើ បច្ចេកទេសហែលទឹក និងលំហាត់ប្រាណ ៣.លទ្ធផល នៃការសិក្សា )។
លោកបានបន្តថាៈ ឆ្លងកាត់ការសិក្សា និងការអនុវត្តជាក់ស្តែង សិក្ខាកាម ចំនួន ២០ នាក់ បានទទួលលទ្ធផល ដូចជាសិក្ខាកាម ១៤ នាក់ ទទួលនិទ្ទេសល្អ ស្មើ ៧០ ភាគរយ សិក្ខាកាម ៣ នាក់ និទ្ទេសល្អបង្គួរ ស្មើ ១៥ ភាគរយ សិក្ខាកាម ៣ នាក់ និទ្ទេសមធ្យម ស្មើ ១៥ ភាគរយ។
វគ្គសិក្សានេះ មានសារសំខាន់ ចំពោះលោកគ្រូ អ្នកគ្រូ ជាសិក្ខាកាម ដើម្បីយកទៅបង្ហាត់បង្រៀន និងចែករម្លែកចំណេះដឹង ទៅដល់សិស្សានុសិស្ស តាមសាលានានារបស់ខេត្តកែប ដើម្បីឲ្យពួកគាត់ ចេះលេងកីឡាទ្រីយ៉ាត្បូង ដែលជាកីឡាតំបន់ឆ្នេរ សាកសមទៅនឹងទឹកដីខេត្តកែប៕/V