បូកសរុប​ការងារ​ស្ត្រី យុវជន យេនឌ័រ និង​កុមារ ក្នុង​វិស័យ​បរិស្ថាន ឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្ត ឆ្នាំ​២០២១

ដោយៈ មូល​សម្បត្តិ / ភ្នំពេញៈ សិក្ខាសាលា​បូកសរុប​ការងារ​ស្ត្រី យុវជន យេនឌ័រ និង​កុមារ ក្នុង​វិស័យ​បរិស្ថាន ឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្ត ឆ្នាំ​២០២១ ដែល​បាន​ដំណើរការ​រយៈពេល ២​ថ្ងៃ ត្រូវបាន​ប្រា​ព្ធ​ពិធី​បិទ នា​រសៀល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ។ នេះ​បើតាម​ការផ្សាយ​របស់គេ​ហ​ទំ​ព៌​រ (​វេ​ប​សាយ​) ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៩ ខែតុលា នេះ ។​

​លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ សិក្ខាសាលា​នេះ គឺជា​ឱកាស​ដ៏​សំខាន់ ក្នុងការ​ជួបជុំ​ពិភាក្សា ផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា ដើម្បី​ពិនិត្យ​នូវ វឌ្ឍនភាព​ការងារ កន្លងមក កំណត់​នូវ​បញ្ហា​ប្រឈម និង​ស្វែងរក​ដំណោះស្រាយ ដោយ​ចាប់ដៃគ្នា អនុវត្ត​ជា​ធ្លុង​មួយ ក្នុង​បុព្វហេតុ​គាំពារ សុខមាលភាព​មន្ត្រីរាជកា​រ ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ការចូលរួម​របស់​យុវជន និង​ស្ត្រី សំដៅ​លើកកម្ពស់ កិច្ច​គាំពារ​បរិស្ថាន និង​ការអភិរក្ស ធនធានធម្មជាតិ ប្រកបដោយ​និរន្តរភាព ព្រមទាំង​បង្កើន​កិត្យានុភាព របស់​ក្រសួងបរិស្ថាន​ទាំងមូល ។​

​លោកស្រី បានបញ្ជាក់​ថាៈ សិក្ខាសាលា​នេះ រៀបចំឡើង ក្នុង​គោលបំណង ដើម្បី​ពិនិត្យឡើងវិញ​នូវ លទ្ធផល​ការងារ​ប្រចាំ ឆ្នាំ​២០២០ ពិភាក្សា​អំពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ ព្រមទាំង​លើក​ទិសដៅ​បន្ត សម្រាប់​ឆ្នាំ​២០២១ ប្រមូល​ធាតុ​ចូល សម្រាប់​អង្គសន្និបាត បូកសរុប​លទ្ធផល​ការងារ របស់​ក្រសួងបរិស្ថាន ឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្ត សម្រាប់​ឆ្នាំ​២០២១ លើ​ប្រធានបទ ទី​១.​យេនឌ័រ និង​ការប្រែប្រួល​អាកាសធាតុ ។ ទី​២.​យុវជន និង​បរិស្ថាន ។ ទី​៣. ការពង្រឹង​សិទ្ធិអំណាច ផ្នែក​សេដ្ឋកិច្ច​ស្ត្រី និង​ទី​៤.​ការពង្រឹង​ប្រសិទ្ធភាព យន្តការ​ការងារ​ស្ត្រី យុវជន យេនឌ័រ និង​កុមារ​ក្រសួងបរិស្ថាន ។​

លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន

​ក្នុងឱកាស​នោះ លោក សាយ សំ​អាល់ បាន​មានប្រសាសន៍ថាៈ សិក្ខាសាលា នាពេលនេះ ពិតជា​បានបង្ហាញ ឱ្យឃើញ​កាន់តែច្បាស់ អំពី​ការយកចិត្តទុកដាក់ ទាំងអស់គ្នា ក្នុងការ​ចូលរួម គិតគូរ​ពី​កា​រលើ​កម្ពស់ ការងារ​ស្ត្រី យុវជន យេនឌ័រ កុមារ ក្នុង​វិស័យ​បរិស្ថាន ។

​លោក​បាន​គូសបញ្ជាក់ថាៈ ក្រសួងបរិស្ថាន បានដាក់​ចេញ​នូវ គោលនយោបាយ ស្តីពី​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ ការគ្រប់គ្រង ធនធានធម្មជាតិ ឱ្យមាន​និរន្ត​ភាព ដែលមាន​សសរ​ស្ត​ម​ទាំង​បួន​គឺ ការធ្វើ​ទំនើបកម្ម​ស្ថាប័ន កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ ដោយ​ចីរភាព ហើយ​ក្នុង​អាណត្តិ​ទី​៦ ក្រសួង​ក៏បាន​ដាក់ចេញ​បន្ថែម នូវ​រដ្ឋបាល​ទំនើប ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល នៃ​ការអនុវត្ត គោលនយោបាយ ប្រកបដោយ​ភាពម្ចាស់ការ​។ ក្រុមការងារ​ទាំង​បួន ដែល​បាន​សហការ​រៀបចំ សិក្ខាសាលា នាពេលនេះ​ឡើង គឺជា​កំលាំងចលករ ដ៏​សំខាន់ ក្នុងការ​រួមចំណែក​ស​ម្រេច​ចក្ខុវិស័យ របស់​ក្រសួង​ក្នុងការ​កសាង​នូវ «​រដ្ឋបាល​ទំនើប​» ដែល​អាច​ធានាបាន នូវ​និរន្តរភាព​សសរស្តម្ភ ទាំង​បួន ។ ក្នុងន័យនេះ តួនាទី និង​ការទទួលខុសត្រូវ​អនុវត្ត​ការងារ ប្រកបដោយ​ឆន្ទៈ​របស់ សមាជិក​ក្រុម​ទាំង​បួន ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​រួមចំណែក​ស​ម្រេច​បាន នូវ​ចក្ខុវិស័យ​របស់​ក្រសួង ។​

​លោក បាន​លើកទឹកចិត្ត ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងបរិស្ថាន បន្ត​នូវ​ស្មារតី​ក្នុងការ​រួមសហការ​គ្នា អនុវត្ត​គោលនយោបាយ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​សម្រេចបាន​គោលដៅ ឆ្ពោះទៅកាន់​ការអភិវឌ្ឍ ជាមួយនឹង​សម័យកាល បច្ចេកវិទ្យា​ទំនើប នាពេល​បច្ចុប្បន្ន ៕​/V

សិក្ខាសាលា​បូកសរុប​ការងារ​ស្ត្រី យុវជន យេនឌ័រ និង​កុមារ ក្នុង​វិស័យ​បរិស្ថាន ឆ្នាំ​២០២០ និង​លើក​ទិសដៅ​បន្ត ឆ្នាំ​២០២១

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular