ទិវា​បដិវត្តន៍ ម៉ា​សេ​ដូ​នី​

326
ចែករម្លែក

​ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ម៉ា​សេ​ដូ​នី ( ឬ ម៉ា​សេ​ដ្វា​ន ) ប្រារព្ធ ទិវា​បដិវត្តន៍ របស់​ពួក គេ​នៅ​ថ្ងៃទី​១១ ខែតុលា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​កងទ័ព​រំដោះប្រជាជន ម៉ា​សេ​ដូ​នី និង​ពួក​អ្នក បដិវត្តន៍ បើក​ការវាយលុក​ទៅលើ​ទីតាំង ប៉ូលិស និង កងទ័ព របស់​សម្ព័ន្ធ Axis នៅ​តំបន់ Vardar Macedonia កាលពី​ឆ្នាំ ១៩៤១ ដែល​ទីបំផុត​បាន​បណ្តេញ​ពួកកងទ័ព​ឈ្លានពាន​ទាំងនោះ​ចេញ ពី​ទឹកដី ម៉ា​សេ​ដូ​នី ។

​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ ម៉ា​សេ​ដូ​នី មាន​ផ្ទៃដី ២៥.៧១៣ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ អឺរ៉ុប ខាងកើត នា​តំបន់ បាល់​កង់ មាន​ព្រំដែន​ជាប់​ប្រទេស ក្រិ​ក អាល់​បា​នី ប៊ុលហ្គារី ស៊ែ​ប និង កូ​សូ​វ៉ូ ។ ឆ្នាំ ២០២០ មាន​ប្រជាពលរដ្ឋ​ជាង ពីរ លាន​នាក់ ភាគច្រើន​ជា​អ្នកកា​សាសនា គ្រិស្ត រដ្ឋធានី​គឺ​ទីក្រុង ស្កុប​ជេ ភាសាផ្លូវការ​គឺ​ភាសា ម៉ា​សេ​ដូ​នី ។​

​ប្រវត្តិសាស្ត្រ​
​ពាក្យ​ថា ម៉ា​សេ​ដូ​នី មកពី​ភាសា ក្រិ​ក ថា Makedonía បកប្រែ​ជា​នាម​ស័ព្ទ​ថា អាណាចក្រ ឬ តំបន់​, ហើយ​បើ​ប្រែជា​គុណនាម​ថា ខ្ពស់ ឬ កំពូល​។​

​ជាន​ជាតិ ស្លា​វ បាន​ទៅ​តាំង​លំនៅឋាន​នៅក្នុង​តំបន់ បាល់​កង់ ដោយ​រួមទាំង​តំបន់​ដែលជា ប្រទេស ម៉ា​សេ​ដូ​នី បច្ចុប្បន្ននេះ​ផង នៅ​ចុង​សតវត្សរ៍​ទី ៦ នៃ គ្រិស្តសករាជ ។ គិត​ត្រឹម​ទសវត្សរ៍ ៦៨០ ដែនដី​តំបន់​នោះ ត្រូវបាន​កាន់កាប់​ដោយ​ស្តេច ប៊ុលហ្គារី ។ អំឡុង​សតវត្សរ៍​ទី ៩ ជនជាតិ ម៉ា​សេ​ដូ​នី ត្រូវបាន​ផ្លាស់ប្តូរ​ឱ្យ​ក្លា​ជា​អ្នក​កាន់​គ្រិស្តសាសនា ក្រោម​អំណាច​របស់​ស្តេច ប៊ុលហ្គារី ។

​លុះដល់​ឆ្នាំ ១០១៤ អ​ធិ​រាជ្យ នៃ អាណាចក្រ ប៊ី​ហ្ស​ង់​តាំង ( ជា​អាណាចក្រ​ចំណុះ​មួយ​ស្ថិត នៅ​ភាគ​ខាងកើត នៃ ចក្រភព រ៉ូ​មាំ​ង ) បាន​វាយ​ដណ្តើមយក​តំបន់ បាល់​កង់ ( រួមទាំង ម៉ា​សេ​ដូ​នី ផង ) ពី ប៊ុលហ្គារី បន្ទាប់ពី​ពួកគេ​បាន​របូត​តំបន់​នេះ​ទៅក្នុង​ដៃ ប៊ុលហ្គារី កាលពី​សតវត្សរ៍​ទី ៧ មក ។ ប៉ុន្តែ​ចុង​សតវត្សរ៍​ទី ១២ អាណ​ចក្រ ប៊ី​ហ្ស​ង់​តាំង បាន​ធ្លាក់ចុះ​ឱនភាព ហើយ​នៅ​ដើម សតវត្សរ៍​ទី ១៣ ប៊ុលហ្គារី បាន​វាយ​ដណ្តើមយក​តំបន់ បាល់​កង់ ពី ប៊ី​ហ្ស​ង់​តាំង​មកវិញ​បាន​ម្តង ទៀត ។ ប៉ុន្តែ​ភាព​កក​គាំង នៃ នយោបាយ​របស់ ប៊ុលហ្គារី បានធ្វើឱ្យ ប៊ី​ហ្ស​ង់​តាំង​វាយ​ដណ្តើម កាន់កាប់​តំបន់ បាល់​កង វិញ​នៅ​ដើម​សតវត្សរ៍​ទី ១៤ ។

​នៅក្នុង​សតវត្សរ៍​ទី ១៤ ដដែល​នោះ តំបន់ បាល់​កង់ ដែល​ក៏​រួមទាំង ម៉ា​សេ​ដូ​នី ផង​បាន​ក្លាយជា ផ្នែក​មួយ នៃ​ចក្រភព ស៊ែ​ប ដែលជា​ពួក​អ្នក​សេរីនិយម បង្កើតឡើង​ដោយ​ស្តេច ស្តេ​ហ្វា​ន់ ឌូ​សាន់ ។ ប៉ុន្តែ​បន្ទាប់ពី​ការចូល​ទិវង្គត នៃ ស្តេច ស្តេ​ហ្វា​ន់ ឌូ​សាន់ ទៅ ក៏មាន​ការដណ្តើម​អំណាច​គ្នា​រវាង ពួក​អភិជន នៃ អាណាចក្រ ស៊ែ​ប នាំឱ្យ​តំបន់ បាល់​កង់ ត្រូវបាន​បែងចែក​ម្តងទៀត ។ ហេតុការណ៍​នោះ បាន​កើតឡើង​ស្របពេល​នឹង​ការចូល​លុកលុយ​ពី​សំណាក់ ចក្រភព អូ​តូ​ម៉​ង់ ទួ​ក​គី ទៅក្នុង​តំបន់ អឺរ៉ុប ។ បន្ទាប់ពី​ការដួលរលំ​ទៅ នៃ ចក្រភព ស៊ែ​ប ក៏​កើតមាន​ទៅជា​អាណា ចក្រ Prilep ជា​អ្នក​ស្នង ។ ទី​បំ​ផុ​តំបន់ បាល់​កង់ ទាំងមូល​បាន​ធ្លាក់​ក្រោម​ការត្រួតត្រា​របស់ ចក្រភព អូ​តូ​ម៉​ង់ អស់​រយៈពេល ៥ សតវត្សរ៍ ។

ចលនា​ជាតិនិយម ម៉ា​សេ​ដូ​នី​
​បន្ទាប់ពី​ការចេញផ្សាយ​នូវ​សៀវភៅ​ប្រវត្តិសាស្ត្រ​មួយ​ក្បាល​នៅ​ឆ្នាំ ១៧៦២ មក ក៏មាន​ការកើត ឡើង នូវ​ចលនា ជាតិនិយម ប៊ុលហ្គារី ប្រឆាំង ការត្រួតត្រា​របស់ អូ​តូ​ម៉​ង់ ។ ចលនា​ជាច្រើន ដែលមាន​បំណង​បង្កើត ស្វ័យភាព​សម្រាប់ ម៉ា​សេ​ដូ​នី និង តំបន់​ជុំវិញ ម៉ា​សេ​ដូ​នី ក៏បាន​ចាប់ផ្តើម លេចឡើង​នៅ​ចុង​សតវត្សរ៍​ទី ១៩ ។ ចលនា​ដំបូង​គេ​គឺ អង្គការ​បដិវត្តន៍ ម៉ា​សេ​ដូ​នី ។ លុះ​ក្រោយ មក​បាន​ក្លាយទៅជា អង្គការ បដិវត្តន៍ ម៉ា​សេ​ដូ​នី Adrianople សម្ងាត់ (SMARO) ។ លុះដល់​ឆ្នាំ ១៩០៥ ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា អង្គការ បដិវត្តន៍ ម៉ា​សេ​ដូ​នី Adrianople ផ្ទៃក្នុង (IMARO ) ។ លុះដល់​ក្រោយ​សង្គ្រាមលោកលើកទី ១ អង្គការ​នេះ ត្រូវបាន​បែងចែក​ជា ២ គឺ អង្គការ បដិវត្តន៍ ម៉ា​សេ​ដូ​នី ផ្ទៃក្នុង​(IMRO) និង អង្គការ បដិវត្តន៍ ផ្ទៃក្នុង Thracian (ITRO) ។​

​ពីដំបូង សមាជិកភាព សម្រាប់​អង្គការ​ទាំងនេះ គឺ​ទទួល​យកតែ​ជនជាតិ ប៊ុលហ្គារី ប៉ុណ្ណោះ ។ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​បើកទូលាយ​ស្វាគមន៍​នូវ​រាល់​ជន អឺរ៉ុប ទាំងអស់​នៅក្នុង​តំបន់ បាល​ក់ង ដោយ​គ្មាន​រើសអើង​ជាតិ​សាសន៍ ។ ទោះយ៉ាងណា សមាជិក ភាគច្រើន គឺជា​ជនជាតិ ប៊ុលហ្គារី ម៉ា​សេ​ដូ​នី ។

​នៅ​ខែ សីហា ឆ្នាំ ១៩០៣ អង្គការ IMRO បាន​បំបះបំបោរ ប្រឆាំងនឹង អូ​តូ​ម៉​ង់ ហៅថា ការ​បះ បោរ Ilinden-Preobrazhenie ។ ពេលនោះ​ពួកគេ ក៏បាន​ប្រកាស​បង្កើត សាធារណរដ្ឋ គ្រូ​សេ​វ៉ូ ( ជា​ឈ្មោះ​ទីក្រុង ១ នៅ ម៉ា​សេ​ដូ​នី ) ហើយក៏​ជា​ព្រឹត្តិការណ៍​ដំបូង​ដែល​ប្រកាស​ខ្លួនឯង​ថា ជា​រដ្ឋ​មួយ​នៅ​តំបន់ បាល់​កង់ ប្រឆាំងនឹង អូ​តូ​ម៉​ង់ ដែរ ។ ប៉ុន្តែ​សាធារណរដ្ឋ​ដែលជា​សមិទ្ធផល របស់​ចលនា​ឧទ្ទាម​ជាតិនិយម​មួយ​នេះ ត្រូវបាន អូ​តូ​ម៉​ង់ បង្ក្រាប​យ៉ាង​ខ្លោចផ្សា ហើយ​បាន​បាត់ បង់​អាយុជីវិត​មនុស្ស​យ៉ាងច្រើន ។

ចក្រភព ស៊ែ​ប និង យូ​ហ្គោ​ស្លា​វី​
​ទីបំផុត​ក៏មាន​សង្គ្រាម បាល់​កង់ កើតឡើង នៅ​ឆ្នាំ ១៩១២ ( រវាង រដ្ឋ​សម្ព័ន្ធ បាល់​កង់ មាន ប៊ុលហ្គារី ស៊ែ​ប ក្រិ​ក និង ម៉ុង​តេ​ណេ​ហ្គ្រោ ប្រឆាំងនឹង ចក្រភព អូ​តូ​ម៉​ង់​ដែល​បាន​កំពុង​ត្រួតត្រា នៅ​តំបន់ បាល់​កង់ ហៅថា សង្គ្រាម​បាល់​កង់​លើក​ទី ១ ) និង ឆ្នាំ ១៩១៣ ( ហៅថា​សង្គ្រាម​បាល់ កង់​លើក​ទី ២ ) ក៏​នាំឱ្យ​មានកា​រំលាយ​តំបន់ បាល់​កង់ ក្រោម​ការត្រួតត្រា​របស់ អូ​តូ​ម៉​ង់​ដោយ ដែនដី​ភាគច្រើន នៃ ទឹកដី​នោះ​ត្រូវបាន​បែងចែក​ទៅជា​ទឹកដី ក្រិ​ក ប៊ុលហ្គារី និង ស៊ែ​ប បន្ទាប់ពី សម្ព័ន្ធ​បាល់​កង់ បានឈ្នះ អូ​តូ​ម៉​ង់ ។ ពេលនោះ​ទឹកដី​ដែលជា​ប្រទេស ម៉ា​សេ​ដូ​នី បច្ចុប្បន្ន គឺជា​ផ្នែក​មួយ នៃ ប្រទេស ស៊ែ​ប ដោយមាន​ឈ្មោះថា Južna Srbija ។

​សង្គ្រាមលោកលើកទី ១ បាន​ផ្ទុះឡើង​ពីថ្ងៃ​ទី ២៨ ខែ កក្កដា ឆ្នាំ ១៩១៤ ( ដល់​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៩១៨ ) ។ ប៊ុលហ្គារី បាន​ឈរ និង ចូលរួម​ជាមួយ​សម្ព័ន្ធ មហា​អំ​ណា​កណ្តាល ( អាល្លឺម៉ង់ , អូទ្រីស​-​ហុង​គ្រី និង អូ​តូ​ម៉​ង់ ) ហើយក៏​ចំណេញ​បាន​ទឹកដី​ដែលជា​ប្រទេស ម៉ា​សេ​ដូ​នី បច្ចុប្បន្ន នេះ​ភាគច្រើនបំផុត ។

​ប៉ុន្តែ​បន្ទាប់ពី​ចប់​សង្គ្រាមលោកលើកទី ១ តំបន់​នោះ បាន​ត្រលប់​ទៅ​ស្ថិតក្រោម​ការត្រួតត្រា របស់ ចក្រភព ស៊ែ​ប​, ក្រូ​អាត និង ស្លូ​វ៉ា​នី ដែល​ទើប​បង្កើត​ថ្មីៗ ( ៥ ថ្ងៃ​ក្រោយមក ម៉ុង​តេ​ណេ ហ្គ្រោ ចូលរួម​ដែរ ) ហើយ​ត្រូវបាន​គេ​ប្តូរ​ឈ្មោះថា ចក្រភព យូ​ហ្គោ​ស្លា​វី នៅ​ឆ្នាំ ១៩២៩ ។ ហេតុនេះ ទឹកដី​ដែលជា​ប្រទេស ម៉ា​សេ​ដូ​នី ក៏​ជា​ផ្នែក​មួយ នៃ យូ​ហ្គោ​ស្លា​វី ។ នៅក្នុង​ចក្រភព យូ​ហ្គោ​ស្លា​វី ត្រូវបាន​បែងចែក​ជា​ផ្នែកៗ ឬ ជា​ខេត្តៗ ដែល​គេ​ហៅថា Banovinas ។ ភាគ​ខាង ត្បូង នៃ ស៊ែ​ប រួមទាំង​ទឹកដី​ដែលជា​ប្រទេស ម៉ា​សេ​ដូ​នី បច្ចុប្បន្ននេះ ហៅថា Vardar Banovina នៃ ចក្រភព យូ​ហ្គោ​ស្លា​វី ។​

​នៅក្នុង​រយៈពេល​ចន្លោះ​ពី​សង្គ្រាមលោកលើកទី ១ ( ១៩១៨ ) ដល់ពេល​សង្គ្រាមលោកលើកទី ២ ( ១៩៣៩ ) ពួក​មេដឹកនាំ នៃ អង្គការ​បដិវត្តន៍ ម៉ា​សេ​ដូ​នី ផ្ទៃក្នុង ឬ IMRO បាន​បង្កើត​គំនិត ម៉ា​សេ​ដូ​នី រួបរួម បាន​លើកកម្ពស់​នូវ​ទស្សនៈ​ឯករាជភាព ម៉ា​សេ​ដូ​នី នៅលើ​ទឹកដី​ពី​ចន្លោះ ស៊ែ​ប និង ក្រិ​ក សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប ដោយ​មិន​ប្រកាន់​សាសនា និង ជាតិ​សាសន៍ ។

​នៅ​ឆ្នាំ ១៩១៨ រដ្ឋាភិបាល ប៊ុលហ្គារី បាន​ព្រម​ផ្តល់ទៅឱ្យ ម៉ា​សេ​ដូ​នី តាម​បំណង​នេះ ប៉ុន្តែ​ពួក មហាអំណាច​មិន​ទទួលស្គាល់​ឡើយ ដោយសារ ស៊ែ​ប និង ក្រិ​ក ជំទាស់ ។ នៅ​ឆ្នាំ ១៩២៤ បក្សកុម្មុយនិស្ត​អន្តរជាតិ បានស្នើ​សុំឱ្យ គណ​បក្សកុម្មុយនិស្ត នៅ​តំបន់​បាល់​កង់​ទាំងអស់​ទទួល យក​នូវ​ទស្សនៈ​ថា ” ម៉ា​សេ​ដូ​នី រួបរួម ” ។ ប៉ុន្តែ​ត្រូវបាន​បក្សកុម្មុយនិស្ត ប៊ុលហ្គារី និង​បក្ស​កុ​ម្មុយ និ​ស្ត ក្រិ​ក បដិសេធ ។

​ដោយហេតុ​នោះ អង្គការ IMRO បានចាប់ផ្តើម​សង្គ្រាម បដិវត្តន៍​ប្រឆាំងនឹង​ការត្រួតត្រា​របស់ មន្ត្រី​កងទ័ព ស៊ែ​ប នៅ Vardar Banovina ។ ចំណែក​អង្គការ​បដិវត្តន៍​សម្ងាត់ យុវជន ម៉ា​សេ​ដូ​នី ក៏​ក្រោក​ធ្វើសង្គ្រាម​ឧទ្ទាម ប្រឆាំងនឹង ស៊ែ​ប ដែរ ។ លុះដល់​ឆ្នាំ ១៩២៣ អង្គការ​កងទ័ព របស់ ប៊ុលហ្គារី ត្រូវបាន ស៊ែ​ប បង្កើតឡើង ដើម្បី ប្រឆាំងនឹង​ក្រុម​បដិវត្តន៍ ម៉ា​សេ​ដូ​នី ទាំង ២ ខាងដើម​នេះ ។

​ទស្សនៈ នៃ ជន ម៉ា​សេ​ដូ​នី​និយម បាន​កើនឡើង​នៅក្នុង​ចន្លោះ​សង្គ្រាមលោក​ទាំង ២ ហើយ​ត្រូវ បាន​គាំទ្រ​ដោយ បក្សកុម្មុយនិស្ត​អន្តរជាតិ ។ នៅ​ឆ្នាំ ១៩៣៤ សេចក្តីសម្រេច​ពិសេស​របស់ បក្សកុម្មុយនិស្ត អន្តរជាតិ បាន​បែងចែក និង ទទួលស្គាល់ នូវ​ជាតិ ម៉ា​សេ​ដូ​នី និង ភាសា ម៉ា​សេ​ដូ​នី ។

ចលនា​បដិវត្តន៍​ប្រឆាំង Axis
​ចាប់ពី​ឆ្នាំ ១៩៤១ ដល់​ឆ្នាំ ១៩៤៥ ពោលគឺ​នៅក្នុង​សម័យ​សង្គ្រាម​លើក​លើក​ទី ២ យូ​ហ្គោ​ស្លា​វី ត្រូវបាន​ត្រួតត្រា​ដោយ​សម្ព័ន្ធ​មហាអំណាច Axis ( អាល្លឺម៉ង់ ជប៉ុន និង អ៊ីតាលី ) ។ តំបន់ Vardar Banovina ត្រូវបាន​បែងចែក​រវាង តំបន់ អាល់​បា​នី ដែល​ត្រួតត្រា​ដោយ ប៊ុលហ្គារី និង អ៊ីតាលី ។ គណៈកម្មាធិការ សកម្មភាព ប៊ុលហ្គារី ត្រូវបាន​បង្កើតឡើង ដើម្បី​រៀបចំ​តំបន់​នេះ សម្រាប់​ជាទី​តាំង រដ្ឋបាល និង កងទ័ព ប៊ុលហ្គារី ។ សមាជិក នៃ គណៈកម្មាធិការ​នេះ ភាគច្រើន​គឺជា​អតីត​សមាជិក​របស់​អង្គ IMRO ប៉ុន្តែ​ក៏មាន ជន​កុ​ម្មុយ​និ​ស្ត ខ្លះ​ចូលរួម​ក្នុង គណៈកម្មាធិការ នេះដែរ ដូចជា​លោក ម៉េ​តូ​ឌី ហ្សា​តូ​រ៉ូ​វ ជាដើម ។

​ក្រោម​សម្ពាធ​របស់ ណា​ស៊ី អាល្លឺម៉ង់ របស់ ហ៊ី​ទ្លែ​រ អាជ្ញាធរ ប៊ុលហ្គារី មាន​ទំនួល​ខុស​ត្រូវជា អ្នក​កៀរ និង និរទេស ជនជាតិ ជ្វី​ស ជាង ៧.០០០ នាក់ នៅក្នុង​តំបន់ Skopje និង តំបន់ Bitola ។

​ក្នុងឋានៈ​ជា​ប្រធាន បក្សកុម្មុយនិស្ត នៅ​តំបន់ Vardar Macedonia លោក ម៉េ​តូ​ឌី ហ្សា​តូ​រ៉ូ​វ បាន​លាលែង​ពី បក្សកុម្មុយនិស្ត យូ​ហ្គោ​ស្លា​វី ទៅ​ចូលរួម ក្ស​កុ​ម្មុយ​និ​ស្ត ប៊ុលហ្គារី វិញ ហើយ​បានចាប់ផ្តើម​ធ្វើ​សកម្មភាព​យោធា​ប្រឆាំងនឹង​កងទ័ព ប៊ុលហ្គារី ។​

​ការត្រួតត្រា​របស់​កង​ទ័ព អាល្លឺម៉ង់ ប៊ុលហ្គារី អ៊ីតាលី និង អាល់​បា​នី ទៅលើ​តំបន់ Vardar Macedonia បាន​បញ្ឆេះ​ឱ្យមាន​ភាព​ក្តៅក្រហាយ​ជាច្រើន​ដល់​មនុស្ស​នៅក្នុង​តំបន់​នោះ ទើប​មានការ​វាយប្រហារ​រប៉េះរប៉ោះ​ទៅលើ​កងទ័ព ជា​ហូ​ហែ​ពី​សំណាក់​ក្រុម​រាយប៉ាយ​ដែល មិនមែនជា​ចលនានយោបាយ ។ ដោយ​មើលឃើញ​ឱកាស​ដូច្នោះ នៅ​ឆ្នាំ ១៩៤១ កងទ័ព រំដោះប្រជាជន ម៉ា​សេ​ដូ​នី ត្រូវបាន​បង្កើតឡើង​ដោយ​ចលនា អ្នកតស៊ូ​កុ​ម្មុយ​និ​ស្ត​ប្រឆាំងនឹង ការត្រួតត្រា​របស់រប​ស់​កងទ័ព​សម្ព័ន្ធ Axis ។​

​នៅ​ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ១៩៤១ ក្រុម​បដិវត្តន៍​ប្រដាប់អាវុធ ពោលគឺ​កងទ័ព រំដោះប្រជាជន ម៉ា​សេ​ដូ​នី បាន​បើក​ការវាយលុក​ទៅលើ​ទីតាំង​នានា​របស់​សម្ព័ន្ធ Axis ដែល​បាន​កំពុង​កាន់កាប់ តំបន់​នានា​នៅ​ទីក្រុង Prilep ជាពិសេស​ទៅលើ​ស្ថានីយ​ប៉ូលិស ប៊ុលហ្គារី ដែលជា​ទីបញ្ជាការ កណ្តាល​របស់​សម្ព័ន្ធ Axis នៅក្នុង​តំបន់ ។ ក្នុង​យប់​ដដែល​នោះ ពួក​អ្នកតស៊ូ ដែលជា​ដៃគូ​របស់ ពួក​បដិវត្តន៍ បាន​ងើប​បះបោរ​ប្រឆាំង ហ្វា​ស៊ី​ស នៅ​ទីក្រុង Kumanovo ដែរ ។​

​ការវាយប្រហារ​របស់ កងទ័ព​រំដោះប្រជាជន ម៉ា​សេ​ដូ​នី ទៅលើ​កងទ័ព សម្ព័ន្ធ Axis ចេះតែមាន ជា​បន្តបន្ទាប់ ។ ក្រោយពី​ឆ្នាំ ១៩៤៣ ដោយសារ​ការគ្រប់គ្រង​ដ៏​ឃោរឃៅ​ដោយ​កងទ័ព បាន​ជំរុញ​ឱ្យ​ប្រជា​ជាន ម៉ា​សេ​ដូ​នី កាន់តែច្រើន​បាន​ចូលរួម​ជាមួយ​ចលនា​អ្នកតស៊ូ​កុ​ម្មុយ​និ​ស្ត ហើយ​សង្គ្រាម រំដោះជាតិ ក៏បាន​ផ្ទុះឡើង ( គឺជា​សង្គ្រាម​រវាង​ពួក ចលនា​អ្នកតស៊ូ កុ​ម្មុយ​និ​ស្ត ប្រឆាំងនឹង​ការត្រួតត្រា​តំបន់ Vardar Macedonia ដោយ​ពួកកងទ័ព ប៊ុលហ្គារី , អាល្លឺម៉ង់ , អ៊ីតាលី និង អាល់​បា​នី ) ។

​ពីដំបូង​សង្គ្រាម​នេះ ហាក់​មិនមាន​លទ្ធផល​ដុំកំភួន​ឡើយ​សម្រាប់​ពួក ចលនា​អ្នកតស៊ូ កុ​ម្មុយ​និ​ស្ត ប៉ុន្តែ​ដោយសារ​ពួកគេ នោះឯង​ហើយ ទើប​ជា​ចំណែក​ដ៏​សំខាន់​មួយ នាំឱ្យ​កងទ័ព​របស់ សហភាព សូ​វៀត ដណ្តើមបាន​ជោគជ័យ​លើ​កងទ័ព ណា​ស៊ី អាល្លឺម៉ង់ នៅ​ឆ្នាំ ១៩៤៣ ។ ដោយហេតុនេះ ជ័យជម្នះ​របស់ សូ​វៀត ក៏​ក្លាយទៅជា​ជោគជ័យ​របស់ ចលនា​អ្នកតស៊ូ​កុ​ម្មុយ និ​ស្ត ដោយ កងទ័ព អាល្លឺម៉ង់ ត្រូវបាន​បណ្តេញ​ចេញពី​ទឹកដី Varadar Macedonia ឬ ប្រទេស ម៉ា​សេ​ដូ​នី ខណៈដែល​ពេលនោះ ម៉ា​សេ​ដូ​នី នៅ​ជា​ផ្នែក​មួយ យូ​ហ្គោ​ស្លា​វី នៅឡើយ​។

​ក្រោយមក​រដ្ឋាភិបាល និង ប្រជាជន ម៉ា​សេ​ដូ​នី បានចាត់ទុក​ថ្ងៃទី ១១ ខែ តុលា ដែល​ពួកកងទ័ព រំដោះប្រជាជន ម៉ា​សេ​ដូ​នី បើក​ការវាយលុក​ទៅលើ​ប៉ូលិស និង កងទ័ព Axis កាលពី​ឆ្នាំ ១៩៤១ នោះ ថា​ជា​ទិវា​បដិវត្តន៍ ម៉ា​សេ​ដូ​នី ។ ទោះយ៉ាងណា តាមរយៈ​ចលនា​នេះឯង​ហើយ​ដែល​បាន បើកផ្លូវ​ឱ្យ​របប កុ​ម្មុយ​និ​ស្ត ចាប់បដិសន្ធិ និង គ្រប់​ដណ្តប់​នៅ​តំបន់ យូ​ហ្គោ​ស្លា​វី ។ មួយទៀត សោត ចាប់ពីពេលនេះ​តទៅ សង្គ្រាម​នៅតែ​បន្ត​នៅឡើយ ។​

​នៅឯ​ប្រទេស ប៊ុលហ្គារី ឯណោះ រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី Konstantin Muraviev ត្រូវបានធ្វើ​រដ្ឋប្រហារ​ទម្លាក់​នៅ​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ១៩៤៤ ជំនួស​ដោយ​រដ្ឋាភិបាល​របស់លោក Kimon Georgiev ដែល​គាំទ្រ​ដោយ សហភាព សូ​វៀត ( ដែល​ពេលនោះ សូ​វៀត បាន​ក្លាយជា អ្នកប្រឆាំង នឹង​សម្ព័ន្ធ​មហាអំណាច Axis រួចទៅហើយ​ដែរ ប៉ុន្តែ​មិន​នៅក្នុង សម្ព័ន្ធមិត្ត ជាមួយ អង់​គ្គេស និង អាមេរិក ទេ ) ។ ពេលនោះ​កងទ័ព ប៊ុលហ្គារី ត្រូវបាន​បញ្ជា​ឱ្យ​ដកថយ​ទៅ​ព្រំដែន ប៊ុលហ្គារី វិញ ប៉ុន្តែ​ត្រូវបាន​កងទ័ព អាល្លឺម៉ង់ ( ដែលជា​ដៃគូ​របស់ ប៊ុលហ្គារី ) ឡោមព័ទ្ធ មិនឱ្យ ត្រលប់​ទៅវិញ​ឡើយ ។ ដូច្នេះ​កងទ័ព ប៊ុលហ្គារី ក៏​បង្ខំចិត្ត​វាយ​ប្រយុទ្ធ​នឹង​កងទ័ព អាល្លឺម៉ង់ ដែលជា​ដៃគូ​របស់ខ្លួន​ដើម្បី​បើកផ្លូវ​ត្រលប់​ទៅ​ព្រំដែន​របស់ ប៊ុលហ្គារី វិញ ។

​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​ដែល​គាំទ្រ សហភាព សូ​វៀត កងទ័ព ៤ ប្រភេទ​របស់ ប៊ុលហ្គារី ចំនួន ៤៥៥.០០០ នាក់ ដ៏​ខ្លាំ​ពូកែ ត្រួវបាន​រំសាយ និង រៀបចំ​ឡើងវិញ ។ កងទ័ព​ភាគ ច្រើន​បំផុត​ដែល​ត្រូវបាន​រំសាយ​និង​រៀបចំ​ឡើងវិញ​នោះ ត្រូវបាន​បញ្ជា​ឱ្យ​ត្រលប់ ទៅ យូ​ហ្គោ​ស្លា​វី វិញ នៅ​ដើមខែ តុលា ឆ្នាំ ១៩៤៤ ដោយមាន​កាតព្វកិច្ច​ជា​អ្នក​ពួន​ស្ទាប់​កម្ទេច ឬ រារាំង​ការដក​កងទ័ព អាល្លឺម៉ង់ ចេញពី ក្រិ​ក ។​

​ដោយសារ​ត្រូវបាន​បង្គាប់បញ្ជា​ដោយ សហភាព សូ​វៀត ជាមួយនឹង​ទស្សនៈ​ឆ្ពោះទៅរក​ការ បង្កើត សហព័ន្ធ ស្លា​វ ខាងត្បូង ដ៏​ធំ​ទូលាយ ទើប ប៊ុលហ្គារី បាន​យល់ព្រម​ផ្តល់ឱ្យ Pirin Macedonia ដូចជា ម៉ា​សេ​ដូ​នី រួបរួម នៅ​ឆ្នាំ ១៩៤៥ ។

​នៅ​ខែ សីហា ឆ្នាំ ១៩៤៤ ក្រុម​អ្នកតស៊ូ​នៅ​តំបន់ Vardar Macedonia បានប្រកាស​បង្កើត រដ្ឋាភិបាលបណ្តោះអាសន្ន ម៉ា​សេ​ដូ​នី ដោយ​ឱ្យ​ឈ្មោះថា សាធារណរដ្ឋ ប្រជាមានិត ម៉ា​សេ​ដូ​នី ។​

​នៅ​ឆ្នាំ ១៩៤៤ សភា ប្រឆាំង ហ្វា​ស៊ី​ស សម្រាប់ រំដោះជាតិ ម៉ា​សេ​ដូ​នី ( ASNOM ) ដែលជា​រដ្ឋា ភិ​បាល​បណ្តោះអាសន្ន នៅ​តំបន់ Vardar Macedonia បានប្រកាសថា សាធារណរដ្ឋ ប្រជា មានិត ម៉ា​សេ​ដូ​នី គឺជា​ផ្នែក​មួយ ពោល​គឺជា សាធារណរដ្ឋ​មួយ ក្នុងចំណោម​សាធារណរដ្ឋ​ទាំង ៦ នៃ​សហព័ន្ធ សាធារណរដ្ឋ ប្រជាមានិត យូ​ហ្គោ​ស្លា​វី ។ នៅ​ឆ្នាំ ១៩៦៣ សាធារណរដ្ឋ ប្រជា មានិត ម៉ា​សេ​ដូ​នី ត្រូវបាន​ប្តូរ​ទៅជា សាធារណរដ្ឋ សង្គមនិយម ម៉ា​សេ​ដូ​នី ។

​នៅ​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៩៩១ ការបោះឆ្នោត​ប្រជាមតិ​ត្រូវបាន​ធ្វើឡើង ។ ពេលនោះ​មាន​អ្នក បោះឆ្នោត ៩៥,៥ ភាគរយ បាន​បោះឆ្នោត​ចាក​ចេញពី សហព័ន្ធ ប្រជាមានិត យូ​ហ្គោ​ស្លា​វី ហើយ​បង្កើតបានជា សាធារណរដ្ឋ ម៉ា​សេ​ដូ​នី រហូតមកដល់​សព្វថ្ងៃ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

រដ្ឋធានី ស្កុប​ជេ នៃ សាធារណរដ្ឋ ម៉ា​សេ​ដូ​នី
កងទ័ព​រំដោះប្រជាជន ម៉ា​សេ​ដូ​នី ប្រឆាំងនឹង​ការត្រួតត្រា​របស់ Axis

ទីតាំងផ្សាយពាណិជ្ជកម្ម