ដោយៈចាន់តូ / ភ្នំពេញៈ យុវជនស្រស់សង្ហាម្នាក់ ខឹងតូចចិត្ត ហៅសង្សារចូលផ្ទះសំណាក់មិនបាន បែរជាលេបថ្នាំអស់ ៣ បន្ទះ ប៉ុនប៉ងសម្លាប់ខ្លួនទៅវិញ ក៏ប៉ុន្តែ នៅពេលនោះ ម្ចាស់ផ្ទះបានឃើញទាន់ ក្នុងសភាពរឹងដៃជើង រាយការណ៍ ទៅសមត្ថកិច្ច ស្នើសុំអន្តរាគមន៍ រថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ រសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅផ្ទះសំណាក់លីនណាអង្គរ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
យុវជនដែលប៉ុនប៉ងធ្វើអត្តឃាតសម្លាប់ខ្លួនឯងនោះ មានអាយុជាង ២០ ឆ្នាំ បានស្ថិតក្នុងសភាពប្រកាច់ សន្លប់ស្តូកស្តឹង បែកពពុះមាត់ស្កុល នៅលើទ្រូងយុវជននោះ មានឱបរូបថតស្រីម្នាក់ និងសម្បកថ្នាំពេទ្យ ៣ បន្ទះក្បែរខ្លួន ។
តាមសម្តីអ្នកមើលការខុសត្រូវផ្ទះសំណាក់ បានឲ្យដឹងថាៈ យុវជននោះ បានជួលបន្ទប់ដេកជាន់ទី១ សម្រាកតាំងពីល្ងាច ថ្ងៃទី៨ ខែតុលា ជួលដេកសម្រាក ១ថ្ងៃ លុះដល់វេលាម៉ោង ២ រសៀល ថ្ងៃទី៩ ទៅហើយ មិនឃើញចេញ ព្រោះថាអស់ម៉ោងជួលហើយ ទើបបុគ្គលិកបម្រើការងារឡើងទៅគោះទ្វារ ហៅមិនឆ្លើយ ចាក់សោបើកមើល ទើបប្រទះឃើញយុវជននោះដេកប្រកាច់ សន្លប់បែកពពុះមាត់ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច ស្នើសុំរថយន្តសង្គ្រោះ ដឹកយុវជននោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
តែបើតាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថាៈ យុវជននោះ ជួលបន្ទប់ផ្ទះសំណាក់ ដេកសម្រាក ហើយទូរស័ព្ទហៅសង្សារមកដេកជាមួយ តែខាងស្រីមិនព្រម ទើបកើតក្តីមួម៉ៅ តូចចិត្តលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន និងរកចងក តែមិនបាសម្រេច គេឃើញទាន់ ។ យុវជននោះត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព ៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕/V/Ha


