អង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP)របស់អង្គការសប្រហប្រជាជាតិត្រូវបានប្រកាសថាជាអ្នកទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២០ ចំពោះកិច្ចខិតខំរបស់ខ្លួននៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លានសកល។

ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះជាបេក្ខជនកំពូលមួយសំរាប់រង្វាន់ដ៏មានតិត្យានុភាពនេះ រួមជាមួយសកម្មជនបរិស្ថាន ហ្ក្រេតា ថាន់ប៊ឺក ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ មេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និង មេដឹកនាំប្រឆាំងរុស្ស៊ី អាឡេស៊ី ណាវ៉ាល់នី។
ចៅក្រមក៏មិនបានចាប់អារម្មណ៍នឹងអង្គការសុខភាពពិភពលោក(WHO)ជាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយទៀត ដែលក៏បានចូលប្រកួតប្រជែងយករង្វាន់នេះផងដែរ ចំពេលមានការរិះគន់អំពីការដោះស្រាយរបស់ខ្លួនចំពោះជំងឺឆ្លងកូវីដ១៩។
រង្វាន់ណូបែលសន្តិភាពឆ្នាំ២០២០ ត្រូវបានប្រគល់ទៅអោយអង្គការកម្មវិធីស្បៀងអាហារពិភពលោក ចំពោះតួនាទីរបស់វានៅក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន
ក្នុងចំណោមបេក្ខជន៣១៨ មានបុគ្គល២១១នាក់និងអង្គការចំនួន១០៧។រង្វាន់នេះ ជាមួយនឹងប្រាក់១,១លានដុល្លារនឹងត្រូវប្រគល់ជូននៅក្នុងពិធីមួយនៅក្រុងអូស្លូ នាថ្ងៃ១០ធ្នូ ដែលជាខួបមរណភាពរបស់ស្ថាបនិកណូបែកលោក អាល់ហ្វ្រេដ ណូបែល ។
គណៈកម្មការផ្តល់រង្វាន់បាននិយាយថា វីរុសកូរ៉ូណាបានបន្ថែមភាពអត់ឃ្លានដល់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោក និងបានអំពាវនាវអោយរដ្ឋាភិបាលនានាធានាថា អង្គការWFPនិងអង្គការផ្តល់ជំនួយដទៃទៀត ទទួលបានការគាំទ្រខាងថវិកាគ្រប់គ្រាន់ដើម្បីផ្តល់ចំណីអាហារដល់ពួកគេ។
បេរីត រីស អាន់ដឺសេន ប្រធានគណៈកម្មការនេះបាននិយាយថា «ជាមួយនឹងរង្វាន់ឆ្នាំនេះគណៈកម្មការសម្លឹងទៅកាន់មនុស្សរាប់លាននាក់ដែលរងគ្រោះឬប្រឈមការអត់ឃ្លាន។អង្គការWFPដើរតួនាទីសំខាន់មួយនៅក្នុងកិច្ចសហការពហុភាគីនៅក្នុងការធ្វើអោយសន្តិសុខស្បៀងជាឧបករណ៍សន្តិភាពមួយ។
សូមបញ្ជាក់ថា កាលពីថ្ងៃចន្ទគណៈកម្មការនេះបានប្រគល់រង្វាន់ណូបែលវេជ្ជសាស្ត្រចំពោះការរកឃើញវីរុសថ្លើមប្រភេទC។ថ្ងៃអង្គារប្រគល់រង្វាន់រូបវិទ្យាចំពោះការទម្លុះទម្លាយអំពីការយល់ដឹងនៃអាថ៌កំបាំងប្រហោងខ្មៅក្នុងលោកធាតុ និងរង្វាន់គីមី ត្រូវបានប្រកាសកាលពីថ្ងៃពុធដោយបានទៅអ្នកវិទ្យាសាស្ត្រខាកែប្រែហ្ស៊ែន។
រង្វាន់អក្សរសិល្ប៍ បានទៅកវីនិពន្ធអាម៉េរិក ល្វីស គ្លូក លពីថ្ងៃព្រហស្បតិ៍ ។ឥឡូវ នៅសល់តែរង្វាន់សេដ្ឋកិច្ចមួយទៀតប៉ុណ្ណោះ មិនដឹងថាបានទៅអ្នកណា៕ប្រែសម្រួល៖វាសនា