ក្រុមមន្ត្រីបាននិយាយថា អ្នកទោសចំនួន៩នាក់បានស្លាប់កាលពីថ្ងៃសុក្រទី៩តុលា នៅពេលសមាជិកនៃក្រុមទំនើងអាងកាប់ចាក់ ដែលជាគូប្រជែងនៅក្នុងគុកហ្វីលីពីនមួយបានវាយប្រហារគ្នាដោយប្រើកាំបិតកែច្នៃនៅក្នុងការប៉ះទង្គិចដ៏សាហាវបំផុតក្នុងគុកក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។
ការប្រយុទ្ធគ្នានៅមុនពេលថ្ងៃរះនេះ បានផ្ទុះឡើងនៅក្នុងពន្ធនាគារNew Bilibid នៅទីក្រុងម៉ានីលដែលជាគុកដ៏ធំបំផុតរបស់ប្រទេសនេះ ដែលកំពុងដាក់អ្នកទោសជាង ២៨.០០០ នាក់ដែលជាធម្មតានោះគុកនេះសម្រាប់តែដាក់អ្នកទោសប្រហែល៦.០០០ នាក់ប៉ុណ្ណោះ។
បន្ទាប់ពីក្រុមឆ្មាំពន្ធនាគារបានស្តារសណ្តាប់ធ្នាប់ឡើងវិញនោះ លោកហ្កាប្រៀល ឆាក្លាក អ្នកនាំពាក្យពន្ធនាគារ បាននិយាយថា “មានសាកសព៩នាក់ ។ ពួកគេបានកាប់ចាក់គ្នាដោយប្រើវត្ថុស្រួចៗ”។អ្នកទោសមួយចំនួនបានរងរបួសផងដែរក្នុងការវាយគ្នាខាងក្នុងបន្ទប់គុកមួយដែលមានអ្នកទោសយ៉ាងតិចណាស់ចំនួន៦.០០០នាក់”។
គេមិនទាន់ដឹងច្បាស់ថាតើអ្វីដែលបង្កឱ្យមានអំពើហិង្សានេះទេ៕ប្រែសម្រួល៖សុខា/sn/Ha
សន្តិសុខពន្ធនាគារឈរមើលពីលើ នៅពេលពួកអ្នកទោសស្ថិតនៅខាងក្រៅបន្ទប់គុករបស់ពួកគេនៅគុក New Bilibid នៅទីក្រុងម៉ានីល