ដោយ: ឆាយានាថ / កណ្តាល: ប្រជាពលរដ្ឋជាច្រើននាក់រស់នៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងជាអតិថិជនដែលបានទិញដីឡូតិ៍ពីលោក អំ សំអូន សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល និងជា «ម្ចាស់គម្រោងដីឡូតិ៍ក្រុងតាខ្មៅថ្មី» បានទាមទារឲ្យលោក អំ សំអូន ធ្វើប្លង់រឹងជូនពលរដ្ឋ តាមការសន្យា ព្រោះខកខានរយៈពេលជាង២ឆ្នាំមកហើយ រហូតមានការប្រមូលផ្តុំគ្នាមុខសាលាខេត្តកណ្តាល នាពេលថ្មីៗនេះផងដែរ ដើម្បីទាមទារដំណោះស្រាយ ពីលោកអភិបាលខេត្តកណ្តាល។

លោក រឿន រ៉ែន តំណាងប្រជាពលរដ្ឋ ថ្លែងប្រាប់ថា រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋនៅពុំទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរនៅឡើយទេ ខណៈលោកអភិបាលខេត្តកណ្តាល ក៏ពុំទាន់អញ្ជើញប្រជាពលរដ្ឋ ដើម្បីជួបចរចាបញ្ហានេះដែរ។
លោក រឿន រ៉ែន បន្តថា ប្រជាពលរដ្ឋបានដាក់ញត្តិជូនខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចរាល់ហើយ ដើម្បីឲ្យសម្តេចជួយអន្តរាគមន៍បញ្ហានេះ។ តំណាងពលរដ្ឋបន្តថា លោក អំ សំអូន គឺមានចេតនាមិនធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ តាមការសន្យាឡើយ។

ឆ្លើយតបបញ្ហានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្លែងប្រាប់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ថា អាជ្ញាធរកំពុងពិនិត្យលើឯកសារពាក់ព័ន្ធ ហើយនឹងអញ្ជើញប្រជាពលរដ្ឋបានជួបពិភាក្សាគ្នាជុំវិញបញ្ហានេះ នាពេលខាងមុខនេះ។
យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថា លោក អំ សំអូន បានទទួលប្រាក់ពីប្រជាពលរដ្ឋទាំងអស់គ្នា ខ្លះបានផ្តល់ឲ្យគ្រប់ចំនួន រីឯខ្លះទៀតនៅសល់បន្តិចបន្តួច និងចាំទទួលបានប្លង់រឹងទើបឲ្យប្រាក់បង្គ្រប់។
គ្រប់ដីឡូតិ៍នីមួយៗ គឺទទួលបានការសន្យាពីឈ្មោះ សុខ វិចិត្រ ដែលជាតំណាងលោក អំ សំអូន ថា រយៈពេល៣ទៅ៦ខែ នឹងទទួលបានប័ណ្ណកម្មសិទ្ធិប្លង់រឹង ក្រោមការរៀបចំឯកសារកាត់ប្លង់ និងចេញបង្កាន់ដៃដោយលោក ម៉ែន សាមិទ្ធ មន្ត្រីសូរិយោដីស្រុកស្អាង។ ប៉ុន្តែ មកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅតែពុំទាន់ទទួលបានប័ណ្ណកម្មសិទ្ធិប្លង់រឹងនៅឡើយទេ៕ ល/Ha