ដោយៈប.ខុន/ភ្នំពេញៈក្រោយពីវិសម្ពាធ(TD)បានដើរទៅផុតពីប្រទេសកម្ពុជា សម្ពាធទាបមួយនៅចុងនៃប្រព័ន្ធសម្ពាធទាបក្នុងសមុទ្រចិនខាងត្បូងបានវិវត្តទៅជាសម្ពាធទាបសកម្មACTIVELOWនឹងអាចក្លាយទៅជាព្យុះទី១៥ នៅថ្ងៃទី១១ខែតុលាមាន ដំណើរកាត់លើឆ្នេរភាគកណ្តាលប្រទេសវៀតណាមមុនដល់តំបន់ព្រំដែនកម្ពុជា ឡាវ។
លោកចាន់យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១០ខែតុលាឆ្នាំ២០២០ថាៈ ស្ថានភាពផ្ទៃមេឃអាប់អួនិងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរនៅក្នងក្របខ័ណ្ឌទូទាំងប្រទេសនៅបន្តកើតមានពេញមួយថ្ងៃទី១០ខែតុលានេះទៀត។
តែចាប់ពីថ្ងៃទី១១ខែតុលាទៅស្ថានភាពភ្លៀងធូរស្រាលមកវិញបន្តិចសម្រាប់តំបន់ទំនាបកណ្តាលភាគពាយព្យ បន្ទាប់ពីសម្ពាធទាបសកម្មមួយនៅក្នុងសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី១៥ ហើយដើរឡើងគោកនៅឆេ្នរភាគកណ្តាលប្រទេសវៀតណាម មុននឹងឆ្លងនៅចន្លោះព្រំដែនកម្ពុជា ឡាវ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើបញ្ជាក់ថា ព្យុះទី១៥នេះមានការវិវត្តលឿនពេលវាក្លាយជាព្យុះបានស្រូវទាញសភាពអាប់អួនៅលើផ្ទៃប្រទេសអស់មួយផ្នែក ធ្វើឱ្យភ្លៀងចុះខ្សោយនៅតំបន់ទំនាបកណ្តាល។តែមានភ្លៀងច្រើនខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្ររលកខ្ពស់ៗនិងនៅភាគឦសាននៃប្រទេសមានខ្យល់ខ្លាំងនិងភ្លៀងនៅអំឡុងពីថ្ងៃទី១១ដល់១៣ខែតុលា។ ព្យុះនេះធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅអាងទន្លេមេគង្គលើនិងនៅក្រោយថ្ងៃទី១៤ខែតុលាស្ថានភាពភ្លៀងធ្លាក់រាយប៉ាយនឹងកើតមានជាធម្មតាវិញនៅទូទាំងប្រទេស៕S/Ha