ដោយ: គ្រញូង / បាត់ដំបង: ដោយសារស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ចុះរហូតមកដល់ព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០២០នេះ មិនទាន់ឈប់នៅឡើយ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានណែនាំដល់គ្រប់អង្គភាពចំណុះស្នងការដ្ឋានទាំងអស់ ត្រូវត្រៀមលក្ខណៈជាប់ជាប្រចាំដោយមានកម្លាំង មធ្យោបាយ និងសម្ភារៈផង ចេញអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា។

លោកស្នងការនគរបាលខេត្ត បានធ្វើការអំពាវនាវចំពោះប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋនៅមូលដ្ឋានដែលងាយទទួលរងគ្រោះ មេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ចៀសវាងករណីគ្រោះថ្នាក់ជាយថា ហេតុណាមួយដដែលបង្កឡើង ដោយករណីជំនន់ទឹកភ្លៀងនេះ។
លោកស្នងការបានបញ្ជាក់ថា កាលពីថ្ងៃទី៨និង៩ខែតុលាកន្លងទៅកង កម្លាំងយើងបានចុះជួយប្រជាជនរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅស្រុកបវេល ស្រុករុក្ខគីរី ស្រុកសំឡូត និងស្រុកមួយចំនួនទៀត ដោយចុះលុយទឹកត្រឹមចង្កេះរហូតដល់ដើមទ្រូង និងប្រើកាណូតអូប័រទៅជួយជម្លៀសជនរងគ្រោះទាំងក្មេង ទាំងចាស់និងបីមនុស្សចាស់ដើរមិនរួច ជួយលីអង្ករនិងសម្ភារៈប្រើប្រាស់មួយចំនួនយកមកកាន់ទីទួលសុវត្ថិភាព ដោយមិនមានអ្នកណាស្លាប់ដោយលង់ទឹកនៅឡើយទេ រហូតមកដល់ពេលនេះ៕ ល