Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទឹកស្ទឹង​ពោធិ...

ទឹកស្ទឹង​ពោធិ៍សាត់​ខាងក្រោម​មិនទាន់​ស្រក ខាងលើ​នៅតែ​ឡើង​

ដោយ​: ប​.​ខុន / ភ្នំពេញ​: ស្ថានភាព​ជំនន់​ទឹកស្ទឹង​លិច​ក្រុង​ពោធិ៍សាត់ នៅ​មិនទាន់​ធូរស្រាល​នៅឡើយ​ទេ ទោះបី​ជាមាន​វិធានការ​បង្វែរ​ទឹក​យ៉ាងណាក៏ដោយ តែ​ទឹក​ក៏​មិនបាន​ហក់​ឡើង​ខ្លាំង​ទៀត​ដែរ​។​

​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០២០​ថា ស្ថានភាព​ទឹកជំនន់​នៅ​ក្រុង​ពោធិ៍សាត់​មកដល់​ព្រឹក​ថ្ងៃទី​១០​ខែតុលា​នេះ នៅ​មិនទាន់បាន​ធូរស្រាល​នៅឡើយ​ទេ តែ​ទឹក​ក៏​មិនមាន​ការ​ហក់​ឡើង​ថែម​លើសពី​៥,៥២​ម៉ែត្រ​ដែរ បន្ទាប់ពី​បាន​បង្វែរ​ទឹក​មួយផ្នែក​ចូលទៅ​តាម​ប្រព័ន្ធ​ដំណាក់​អំពិល​តាម​ការណែនាំ​របស់លោក​រដ្ឋមន្ត្រី​រួចមក​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា កាលពី​យប់​ទឹក​នៅ​ក្រុង​ពោធិ៍សាត់​បាន​ឡើងដល់​៥,៥៣​ម៉ែត្រ និង​មកដល់​ព្រឹក​នេះ ស្ថិតនៅ​នឹង​ត្រឹម​កម្ពស់​៥,៥២​ម៉ែត្រ តែ​នៅ​ក្រវាញ​ទឹកបាន​ជន់​ឡើង​បន្ថែម​០,១៥​ម៉ែត្រ​ទៀត គឺ​ឡើងដល់​៧,១៥​ម៉ែត្រ (​ទឹក​ត្រូវ​ប្រុងប្រយ័ត្ន​នៅ​ក្រវាញ ៦​ម៉ែត្រ​)​។ ទឹកជំនន់​លិច​ក្រុង​ពោធ៍សាត់​មិនបាន​ហូរ​ចូល​លិច​តំបន់​រដ្ឋបាល​សាលាខេត្ត​ខេត្ត​ទេ ដោយសារ​លូទឹក​ទាំងអស់​ត្រូវបាន​បិទ និង​មាន​ទំនប់​បេតុង​ការពារ​។​

​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម អញ្ជើញ​ទៅដល់​ខេត្តពោធិ៍សាត់​ទាំងយប់​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់ នៅក្នុងពេល​បន្ទាប់ពី​កម្ពស់​ទឹកស្ទឹង​នៅ​ក្រុង​ពោ​ធិ៍​សាត់ បាន​ហក់​ឡើងដល់​កម្ពស់​៥,៥២​ម៉ែត្រ លើសពី​កម្ពស់​ទឹក​ត្រូវ​ប្រុងប្រយ័ត្ន​៥​ម៉ែត្រ ធ្វើ​ឲ្យ​ជន់​លិច​ក្រុង​ពោធិ៍សាត់​អស់​មួយផ្នែក​រួចមក​។​

​នៅក្នុង​ដំណើរ​ដែលមាន​ការចូល​រួម​ពី​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នេះ លោក លឹម គានហោ បានសម្រេច​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ម​ន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​ក្រុមហ៊ុន Guangdong Foreign Construction Co.Ltd បើកទ្វារ​ទឹក​(​ទ្វារ​៤) នៅ​សំណង់​ស្ទាក់​ទឹក​ដំណាក់​អំពិល​ទាំងយប់ ដើម្បី​បន្ថយ​បរិមាណ​ទឹកស្ទឹង​ពោធិ៍សាត់ ដោយ​បង្វែរ​ទឹក​ទៅ​ផ្នែក​ខាងក្រោម​តាម​ស្ទឹង​ស្វាយដូនកែវ​ទម្លាក់​ចូលទៅ​បឹង​ទន្លេសាប​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular