ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ដោយសារស្ថានភាពវិសម្ពាធខ្លាំង បានធ្វើឲ្យជំនន់ទឹកភ្លៀង នៅតែបន្តធ្លាក់ផ្នែកខាលើ បណ្ដាលឱ្យផ្នែកខ្លះ នៃកំណាត់ផ្លូវជាតិលេខ៥ គឺស្ថិតនៅត្រង់ចំណុចស្ពានពោធិ៍ ក្នុងឃុំសេដ្ឋី ស្រុកកំពង់ត្រឡាច បានកកស្ទះចរាចរណ៍ខ្លាំង ដោយសារតែស្ថានភាពទឹក ហូរកាត់លើផ្លូវ ។
ក្នុងស្ថានភាពបែបនេះ សមត្ថកិច្ចចម្រុះ បានចុះអន្តរាគមន៍ និងជួយសម្រួលចរាចរណ៍ ចាប់តាំងពីពេលរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ មានរយៈពេលជាង ៣ ម៉ោង ទើបអាចធ្វើចរាចរណ៍ បានដំណើរការជាធម្មតាឡើងវិញ។

អធិការនគរបាល ស្រុកកំពង់ត្រឡាច លោកវរសេនីយ៍ឯក នន់ ស៊ីណាត បានប្រាប់ឲ្យដឹង តាមទូរស័ព្ទ នៅយប់ ថ្ងៃទី៩ តុលានេះថាៈ ជំនន់ទឹកភ្លៀង បានហូរធ្លាក់មកពីផ្នែកខាងលើ ផ្លូវជាតិខ្លាំង និងបានបណ្តាលឱ្យលិចផ្លូវជាតិលេខ៥ នៅត្រង់ចំណុចស្ពានពោធិ៍ ឃុំសេដ្ឋី ដែលធ្វើឲ្យរថយន្ត មិនអាចចរាចរណ៍បាន គឺមានការកកស្ទះចរាចរណ៍ខ្លាំង។
ស្ថិតក្នុងស្ថានភាពបែបនេះ ក្រុមការងាររបស់នគរបាលស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ សហការជាមួយនឹងកម្លាំង នគរបាលចរាចរណ៍ ខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការចូលរួម ពីក្រុមអង្គការចាយកា (JICA) របស់ជប៉ុន បូករួមទាំងមន្ទីរសាធារណការខេត្តផងនោះ បានកាយលូ រំដោះទឹកជាបន្ទាន់ ដែលគិតមកដល់ពេលនេះ មានរយៈពេលជាង ៣ ម៉ោងហើយ ទើបស្ថានភាពបានធូរស្រាលឡើងវិញ។

អធិការនគរបាល ស្រុកកំពង់ត្រឡាច បានបន្តថាៈ បើគ្មានកិច្ចសហប្រតិបត្តិការ តាមគ្រប់បណ្ដាអង្គភាព ដូចដែលបានរៀបរាប់ខាងលើនោះទេ គឺកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចខាងលើនេះ ពុំអាចធ្វើចរាចរណ៍បានឡើយ។
យ៉ាងនេះក្តី លោកអធិការនគរបាល ស្រុកកំពង់ត្រឡាច ក៏បានបញ្ជាក់ថាៈ រយៈពេលជាង ៣ ម៉ោង ដោយសារតែក្រុមអន្តរាគមន៍ មានកម្លាំងចំនួនច្រើន បូកផ្សំនឹងគ្រឿងចក្រផង បានកាយលូរំដោះទឹក ទាន់ពេលវេលា ដែលគិតត្រឹមម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី៩ ខែតុលានេះ ចរាចរណ៍អាចធ្វើដំណើរបាន ឡើងវិញ ជាប្រក្រតីហើយ។
សូមបញ្ជាក់ដែរថាៈ មកដល់ពេលនេះ ស្ថានភាពអាកាសធាតុ នៅខេត្តកំពង់ឆ្នាំង ផ្ទៃមេឃមានសភាព អាប់អួនៅឡើយ ដែលអាចបង្កឲ្យមានភ្លៀងធ្លាក់ថែមទៀត៕/V/Ha






