អ្នកនាំពាក្យយោធាចិនកាលពីថ្ងៃសុក្រទី០៩តុលា បាននិយាយថា នាវាពិឃាតអាម៉េរិកUSS John S. McCainបានបើកចូលដែនទឹកនៅម្តុំប្រជុំកោះប៉ារ៉ាសែលនៅក្នុងសមុទ្រចិនខាងត្បូង ដែលអះអាងកម្មសិទ្ធិដោយចិន ដោយគ្មានការអនុញ្ញាត ដូច្នេះ«យើងទាមទារឲ្យអាម៉េរិកបញ្ឈប់អំពើបង្ករឿងដូច្នេះជាបន្ទាន់ ហើយគ្រប់គ្រងនិងកំហិតប្រតិបត្តិការយោធារបស់ខ្លួនឲ្យហ្មត់ចត់ឡើង»។
អ្នកនាំពាក្យដដែលក៏បាននិយាយថា ខ្លួននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យជាតិនិងសន្តិសុខយ៉ាងដាច់ខាត ហើយរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង។

ចិនចោទប្រកាន់ថា នាវាអាម៉េរិក USS John S. McCain បានបើកចូលដែនទឹករបស់ខ្លួនម្តុំប្រជុំកោះប៉ារ៉ាសែលដោយគ្មានការអនុញ្ញាត។
ក្នុងថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ចិនសង្ឃឹមថាអ្នកនយោបាយអាម៉េរិកមួយចំនួនឈប់បន្ទោសប្រទេសដទៃអំពីចម្លើយតបចំពោះជំងឺឆ្លងកូវីដ១៩ ហើយ«ការបន្ទោសអ្នកដទៃមិនអាចដេញកូវីដ១៩ឲ្យទៅឆ្ងាយឬសង្គ្រោះជីវិតអ្នកជំងឺបានទេ»។

អ្នកនាំពាក្យ ហួរ ជុនយីង បាននិយាយថា កាលវេលាដែលចិនប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ច្បាស់លាស់ ហើយការងារប្រឆាំងនឹងជំងឺឆ្លងនេះនិងសមិទ្ធផលរបស់វាក៏ច្បាស់លាស់ទាំងអស់។«ចិនគោរពវិទ្យាសាស្ត្រនិងការពិត និងប្តេជ្ញាដាក់អាយុជីវិតមនុស្សនិងប្រជាជនខ្លួនជាអាទិភាពមុនគេ…»។
ដោយកត់សំគាល់ថា អាម៉េរិកបច្ចុប្បន្នមានអ្នកឆ្លងកូវីដ១៩ជិត៧,៦លាននាក់ និងជាង២១០.០០០បានស្លាប់ដោយជំងឺនេះ លោកស្រីហួរ បានសួរថា«ក្នុងនាមជាមហាអំណាចផុតលេខក្នុងលោក ជាមួយនឹងប្រភពធនធានវេជ្ជសាស្ត្រល្អបំផុត ហេតុអីសហរដ្ឋអាម៉េរិកឆ្លើយតបនឹងជំងឺឆ្លងនេះគួរឲ្យតក់ស្លុតដូច្នេះ?»។
ការលើកឡើងរបស់អ្នកនាំពាក្យហួរ ជុនយីង កើតឡើងបន្ទាប់ពីអ្នកនយោបាយអាម៉េរិកខ្លះបានធ្វើការចោទប្រកាន់ចិនថាជាប្រភពចម្លងវីរុសកូរ៉ូណា ក្នុងអំឡុងកិច្ចប្រជុំនៅក្រុងតូក្យូកាលពីពេលថ្មីៗជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន អូស្ត្រាលី និងឥណ្ឌា។
បើតាមលោកស្រីហួរ ករណីឆ្លងជំងឺកូវីដ១៩នេះដំបូងបំផុតស្ថិតនៅសហរដ្ឋអាម៉េរិក ដោយវាប្រហែលជាបានកើតឡើងនៅខែតុលាឆ្នាំមុន។លោកស្រីបានសួរថា តើអាម៉េរិកបានធ្វើអ្វី? ហេតុអ្វីបានជាស្ថានភាពជំងឺឆ្លងនេះមិនត្រូវបានរកឃើញនិងរាយការណ៍ទាន់ពេល? ហេតុអ្វីក៏មិនចាត់វិធានការទប់ស្កាត់និងបង្ការទាន់ពេល?»។
ហួរ កត់សំគាល់ថា សតវត្សរ៍ទី២១នេះជាយុគសកលូបនីយកម្ម ដែលផលប្រយោជន៍នៃប្រទេសទាំងអស់មានភាពប្រទាក់ក្រឡាគ្នា។មានមនុស្សមួយក្រុមតូចដែលមិនជំរុញការជឿទុកចិត្តនិងសហការគ្នា ជាពិសេសនៅពេលសហគមន៍អន្តរជាតិរួមគ្នាប្រឈមនឹងភារកិច្ចធំៗនិងបន្ទាន់ ដូចជាកូវីដ១៩និងការជំរុញសេដ្ឋកិច្ចសកលឲ្យរើបរើឡើងវិញ។
ក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់របស់មន្ត្រីអាម៉េរិកថាចិនបង្ខិតបង្ខំប្រទេសដទៃ លោកស្រីបានបញ្ជាក់ថា មិនមែនចិនទេដែលអនុវត្តការបង្ខិតបង្ខំបាននោះ ហើយលោកស្រីសម្តែងជំនឿថាប្រទេសកាន់តែច្រើននឹងប្រកាន់គោលការណ៍និងយុត្តិធម៌ ហើយធ្វើការជ្រើសរើសដោយឯករាជ្យនៅក្នុងការរក្សាផលប្រយោជន៍របស់ខ្លួនផ្ទាល់។
ហួរបាននិយាយថា « យើងកត់សំគាល់ថា ជាការឆ្លើយតបទៅនឹងសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក ម៉ៃ ផមផេវ និងអ្នកការទូតអាម៉េរិកផ្សេងទៀតដែលបង្ខំឲ្យប្រទេសផ្សេងៗជ្រើសរើសការឈរនៅខាងណានោះ ប្រទេសពាក់ព័ន្ធទាំងអស់បាននិយាយថា ពួកគេនឹងធ្វើការសម្រេចចិត្តដោយឯករាជ្យ ក្នុងនាមជាប្រទេសមានអធិបតេយ្យភាព។ទាំងនេះបង្ហាញថា មិនមែនចិនទេដែលអនុវត្តការបង្ខិតបង្ខំការប្រឈមមុខគ្នា កិច្ចការទូតភូតភរ និងការសាបព្រួសការមិនចុះសម្រុងគ្នា…»៕ប្រែសម្រួល៖វាសនា/Ha