លោកស្រីហួរ ជុនយីង( Hua Chunying) អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃសុក្រទី០៩តុលាថា ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់និយាយបង្កាច់បង្ខូចរដ្ឋាភិបាលក្រុងប៉េកាំងនិងចូលរួមវិភាគទានយ៉ាងពិតប្រាកដក្នុងការការពារបរិស្ថានពិភពលោក ជំនួសឱ្យការបង្កើតបញ្ហា។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរបស់ចិន។
លោកស្រីហួរ ជុនយីង បានធ្វើការកត់សម្គាល់ដូចនេះនៅឯសន្និសីទសារព័ត៌មានមួយក្នុងការឆ្លើយតបទៅនឹងការចោទប្រកាន់ថ្មីៗរបស់សហរដ្ឋអាម៉េរិកលើបញ្ហាបរិស្ថានរបស់ប្រទេសចិន។
លោកស្រីបាននិយាយថារដ្ឋាភិបាលចិនយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការពារបរិស្ថាន។ ខ្លួន(ចិន)បានធ្វើឱ្យការអភិរក្សធនធាននិងការការពារបរិស្ថានទៅជាគោលនយោបាយរបស់រដ្ឋនិងការអភិវឌ្ឍប្រកបដោយចីរភាពជាយុទ្ធសាស្ត្រជាតិ។
ខ្លួន(ចិន)បានបំពេញកាតព្វកិច្ចរបស់ខ្លួនតាមសន្ធិសញ្ញាបរិស្ថានអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុ អភិបាលកិច្ចជីវចម្រុះ ការការពារស្រទាប់អូហ្សូន និងការការពារបំពុលដោយសារធាតុគីមីនិងគ្រប់គ្រងដែលទទួលលទ្ធផលគួរឱ្យកត់សម្គាល់។
លោកស្រីបាននិយាយទៀតថាប្រទេសចិនបានចូលរួមចំណែកយ៉ាងច្រើនដល់ធនធានព្រៃឈើពិភពលោកផលិតផលនិងពាណិជ្ជកម្មព្រៃឈើប្រកបដោយនិរន្តរភាព។ចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩ ប្រទេសចិនបានសំរេចការដាំដុះដើមឈើលើផ្ទៃដីចំនួន ៧០,៣៩ លានហិកតា ដែលបាននាំឱ្យមានការកើនឡើងខ្ពស់បំផុតនៃធនធានព្រៃឈើនៅទូទាំងពិភពលោក។
ដោយលើកឡើងអំពីការបំភាយឧស្ម័នបំពុលបរិយាកាសនោះលោកស្រីបាននិយាយថា ” ផ្ទុយទៅវិញនោះការបំភាយឧស្ម័នក្នុងមនុស្សម្នាក់របស់សហរដ្ឋអាម៉េរិកគឺខ្ពស់ជាងមធ្យមភាគសកល៣ដង ឬ
ច្រើនជាង២ដង ដោយកាលពីពេលណាមួយនោះ លើសចិនជិត ៥ ដង ហើយការបំភាយឧស្ម័នសរុប បានកើនឡើងប្រហែល ៣ដងច្រើនជាងប្រទេសចិន” ។
លោនស្រីបន្ថែមថាការពិតបានបង្ហាញថាសហរដ្ឋអាម៉េរិកខ្លួនឯងគឺជាអ្នកប្រព្រឹត្តិរំលោភបំពានខ្លាំងជាងគេដោយធ្វើឱ្យអន្តរាយដល់កិច្ចសហប្រតិបត្តិការបរិស្ថានអន្តរជាតិនិងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់បរិស្ថានពិភពលោក៕

លោកស្រីហួរ ជុនយីង