ដោយ: ជា សីហៈ / ភ្នំពេញ: នៅក្នុងចំណោមគ្រាប់មីននិងគ្រាប់ដែលមិនទាន់ផ្ទុះនៅកម្ពុជា គ្រាប់មីនដែលនឹងពិបាកនៅក្នុងការកំណត់គឺគ្រាប់បែកចង្កោម ។

លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានពញ្ញាក់អំពីការប្រែរូបរាងនៃសំណល់អាវុធយុទ្ធភណ្ឌទាំងនេះ ជាពិសេសគឺគ្រាប់បែកចង្កោម ។
លោកបានអះអាងនៅក្នុងសារមួយនៅក្នុងបណ្តាញសង្គមរបស់លោក ដោយខ្លីថា គ្រាប់បែកចង្កោម នៅស្រុកខែ្មរយូរទៅ ចង់ចេះក្លែងភេទតាមបែបធម្មជាតិ។
កម្ពុជាមិនមែនជាប្រទេសដែលផលិតនូវគ្រាប់បែកទាំងនេះទេ ប៉ុន្តែសង្គ្រាមស៊ីវិល និង នៅក្នុងតំបន់ វាបានបន្តនៅសេសល់និងរាយប៉ាយនៅពាសពេញប្រទេស ។

បើយោងទៅតាមរបាយការណ៍ពីអាជ្ញាធរមីនកម្ពុជា បានឲ្យដឹងថា កម្ពុជានៅសល់ផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមប្រមាណជាង ៧៤៣ គីឡូម៉ែត្រក្រឡា ក្នុងខេត្តចំនួន ១៩ ទូទាំងប្រទេស។
ប្រទេសកម្ពុជា បានរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមមានផ្ទៃដីប្រមាណជាង ៨៩៤ គីឡូម៉ែត្រក្រឡា ក្នុងនោះបានបោសម្អាតរួចមានប្រមាណជាង ១៨៥ គីឡូម៉ែត្រការ៉េ និងផ្ទៃដីនៅសល់មានប្រមាណជាង ៧៤៣ គីឡូម៉ែត្រការ៉េទៀត៕ ល/Ha
