Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង...

កូរ៉េខាងត្បូងថាកូរ៉េខាងជើងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំទាំងព្រលឹមអុរដ៏កម្រ

យោធាកូរ៉េខាងត្បូងបាននិយាយថាកូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធាមួយនៅព្រឹកថ្ងៃសៅរ៍នេះដើម្បីរំលឹកខួបលើកទី ៧៥ នៃការបង្កើតគណបក្សពលករកំពុងកាន់អំណាចរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ពេលព្រលឹមអុរដ៏កម្រ។

ពិធីរំលឹកខួប ដែលត្រូវបានរៀបចំដោយការប្រគុំតន្រ្តីនិងបុណ្យជាច្រើននោះ ត្រូវគេឃ្លាំមើលយ៉ាងដិតដល់នៅជុំវិញតំបន់ ព្រោះគេមើលឃើញថាវាជាព្រឹត្តិការណ៍មួយដែលមេដឹកនាំគីម ជុងអ៊ុនអាចផ្ញើសារទៅកាន់ទស្សនិកជនក្នុងស្រុកនិងបរទេស។

ក្រុមអ្នកវិភាគបាននិយាយថាកូរ៉េខាងជើងអាចនឹងបង្ហាញអាវុធយុទ្ធសាស្ត្រថ្មីប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនទាន់បានបញ្ចេញរូបភាពឬរបាយការណ៍ណាមួយស្តីពីក្បួនដង្ហែនៅឡើយទេ។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយថាខ្លួនបានរកឃើញសញ្ញាថាព្យុហយាត្រាមួយដែលពាក់ព័ន្ធនឹងគ្រឿងបរិក្ខារយោធាទ្រង់ទ្រាយធំបានកើតឡើងនៅក្នុងរដ្ឋធានីព្យុងយ៉ាងប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។

យោធាកូរ៉េខាងត្បូងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មានសញ្ញាមួយដែលថាកូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធានៅព្រឹកនេះនៅទីលានគីមអ៊ីលស៊ុង ដោយប្រមូលផ្តុំទៅដោយសម្ភារៈបរិក្ខារយោធានិងកងទ័ពទ្រង់ទ្រាយធំ។ អាជ្ញាធរស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូងនិងសហរដ្ឋអាម៉េរិកកំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍរួមទាំងលទ្ធភាពដែលថាវាជាព្រឹត្តិការណ៍សំខាន់”។

ប្រភពយោធាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថានេះជាលើកទី ១ ហើយដែលក្បួនដង្ហែត្រូវបានធ្វើឡើងទាំងព្រលឹម ហើយលោកគីមត្រូវគេរំពឹងថាចូលរួមផងដែរ។

ប្រភពដដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកថា “ប៉ុន្តែខ្ញុំនឹងមិននិយាយច្រើនពេកទេអំពីពេលវេលានៃព្យុហយាត្រានេះ ពីព្រោះយើងមិនដឹងថាតើប្រព័ន្ធផ្សព្វផ្សាយរដ្ឋនឹងរាយការណ៍អំពីព្យុហយាត្រានេះឬអត់នោះទេ”។

មន្រ្តីកូរ៉េខាងត្បូងបាននិយាយនៅសប្តាហ៍នេះថាលោកគីមអាចប្រើព្រឹត្តិការណ៍នេះជាការបង្ហាញនូវអំណាចរបស់ខ្លួននៅមុនការបោះឆ្នោតប្រធានាធិបតីអាម៉េរិកក្នុងខែវិច្ឆិកា ខណៈដែលកិច្ចពិភាក្សានុយក្លេអ៊ែរជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានជាប់គាំង៕ ដោយ ៖ កញ្ញាដាលីស

កូរ៉េខាងជើងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំទាំងព្រលឹមអុរថ្ងៃសៅរ៍នេះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular