ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ គ.ជ.ប បានទទួលពាក្យបណ្តឹងសរុបចំនួន ៨ បណ្តឹង។ ក្នុងចំណោមពាក្យបណ្តឹងទាំង ៨ នោះ មាន២បណ្តឹង ត្រូវបានប្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ជាពាក្យបណ្តឹងសុំឱ្យផ្តន្ទាទោស និង ៦បណ្តឹង ប្តឹងផ្ទាល់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាករណីប្តឹងសមាសភាព កបឃ.ស ។ បណ្តឹងទាំង៨ គឺប្តឹងដោយភ្នាក់ងារ និងមន្ត្រីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
គ.ជ.ប បានបន្តថា បណ្តឹងទាំងអស់ ត្រូវបានដោះស្រាយដូចជាៈ នៅខេត្តកំពង់ចាម មាន ១បណ្តឹង កំពុងដោះស្រាយ។ រាជធានីភ្នំពេញ មាន ១បណ្តឹង បានផ្សះផ្សាសះជា។ នៅខេត្តក្រចេះ មាន ១បណ្តឹង កំពុងដោះស្រាយ។ នៅខេត្តព្រៃវែង មាន ១បណ្តឹង កំពុងដោះស្រាយ។ នៅខេត្តសៀមរាប មាន ៤បណ្តឹង កំពុងដោះស្រាយទាំង៤បណ្តឹង។
គ.ជ.ប បានបញ្ជាក់ថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងនៅ គ.ជ.ប មានបីដំណាក់កាលរួមមាន៖ ដោះស្រាយនៅថ្នាក់ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ដោះស្រាយនៅ គ.ជ.ប និងដោះស្រាយនៅក្រុមប្រឹក្សាធម្មនុញ្ញ (សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា)៕S/