Home ព័ត៌មានជាតិ សេដ្ឋកិច្ច ផ្លូវ​ល្បឿន​ល...

ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​ស្ថាបនា​បាន​ជាង​២៦​ភាគរយ​និង​គ្រោង​បញ្ចប់​ចុងឆ្នាំ​២០២២

ដោយៈ​សុផល​/​ភ្នំពេញៈ​គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២០ ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​នេះ សម្រេចបាន​២៦,១១​ភាគរយ​និង​គ្រោង​បញ្ចប់​ជា​ស្ថាពរ​នៅ​ខែកញ្ញា​ឆ្នាំ​២០២២​។​នេះ​បើ​យោងតាម​លោក​ហ៊ាង​សុទ្ធា​យុ​ត្តិ​ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​និង​ទំនាក់ទំនង​សាធារណៈ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ផ្លូវ​ល្បឿន​លឿន​ដែល​ត​ភ្ជាប់​រវាង​តំបន់​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ​និង​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៩​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ដោយ​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន​(CRBC)​ពី​ប្រទេស​ចិន តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ​២.០០០​លាន​ដុល្លារ​អាមេរិក​និង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន​ប្រមាណ​១៥០​លាន​ដុល្លារ​។​


​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រវែង​សរុប​ជាង​១៩០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដោយ​ឆ្លងកាត់​ទឹកដី​រាជធានី​ភ្នំពេញ ប្រវែង​៨,៣០​គីឡូម៉ែត្រ ខេត្តកណ្តាល​ប្រវែង​៩,១០​គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ​ប្រវែង​៨០,៨០​គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង​១,៩២​គីឡូម៉ែត្រ និង​ខេត្ត​ព្រះសីហនុ​ប្រវែង​៨៩,៨៩ គីឡូម៉ែត្រ​។​

​តាម​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​មាន​ទទឹង​តួ​ផ្លូវ​២៤,៥​ម៉ែត្រ​និង​ក្រាល​បេតុង​កៅស៊ូ​(AC)​កម្រាស់​១០​សង់ទីម៉ែត្រ​ដោយ​គន្លង​ផ្លូវ​ធ្វើចរាចរ​ចែកជា​៤​គន្លង​(២​គន្លង​ទៅ​២​គន្លង​មក​)​ដែល​អនុញ្ញាតឱ្យ​យានយន្ត​គ្រប់​ប្រភេទ អាច​បើកបរ​ក្នុង​ល្បឿន​រហូតដល់​១០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង និង​កន្លែង​ខ្លះ​អាច​បើកបរ ក្នុង​ល្បឿន​ដល់​១២០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។​

​នៅលើ​កំណាត់​ផ្លូវ​នេះ នឹងត្រូវ​សាងសង់​លូ​គ្រប់​ប្រភេទ​ចំនួន​២៦៣​កន្លែង ស្ពាន​តូច​ចំនួន​៥​កន្លែង​មាន​ប្រវែង​សរុប​១០៥​ម៉ែត្រ​ស្ពាន​ធំ​និង​ស្ពាន​មធ្យម​ចំនួន​៨០​កន្លែង​មាន​ប្រវែង​សរុប​៦.០១៥​ម៉ែត្រ​។ ជាមួយគ្នានេះ ក៏មាន​ការសាងសង់​ផ្លូវ​ប្តូរ​ទិស​ចរាចរណ៍​ចំនួន​៧​កន្លែង ផ្លូវ​ប្រសព្វ​ចំនួន​២៨​កន្លែង​ផ្លូវ​ក្រោម​ផ្លូវ​ល្បឿន​លឿន​នេះ​ចំនួន​២៣៧​កន្លែង​។​ស្ពាន​រំលង​ផ្លូវ​ចំនួន​២០​កន្លែង​ព្រមទាំង​មានការ​សាងសង់​តំបន់​សេវាកម្ម​ឬ​ចំណត​ឈប់សម្រាក​ចំនួន​៣​កន្លែង​ចំណតរថយន្ត​ចំនួន​១​កន្លែង មណ្ឌល​ប្រតិបត្តិការ​និង​ថែទាំ​ផ្លូវ​ចំនួន​៤​កន្លែង និង​បញ្ជរ​បង់ប្រាក់​ចំនួន​៩​កន្លែង​។​

​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានឱ្យដឹងថា​៖ បញ្ហា​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​មិនបាន​ធ្វើឱ្យប៉ះពាល់​ដ​ល់​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​លើកដំបូង​នៅ​កម្ពុជា​នេះ​ទេ​។​ដោយ​ក្រុម​ជំនាញ​បាននិងកំពុង​យកចិត្តទុកដាក់​អំពី​កិច្ចការ​សាងសង់​ឱ្យ​ចប់​តាម​ផែនការ​ខណៈ​រាជរដ្ឋាភិបាល​បាននិងកំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​មួយទៀត​សម្រាប់​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​ជាប់​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular