ដោយគូលែន/សៀមរាប:អាជ្ញាធរជាតិអប្សរារៀបចំកន្លែងលក់ដូរថ្មីនៅទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្តសម្រាប់អាជីវករលក់ដូរនៅប្រាសាទអង្គរវត្តដែលអាជីវករទាំងអស់បានសម្តែងនូវការរីករាយនឹងកន្លែងលក់ដូរថ្មី។នេះគឺជាការបញ្ជាក់ឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១០ខែតុលាឆ្នាំ២០២០នេះ។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថាៈបន្ទាប់ពីបើកឱ្យដំណើរការលក់ដូរនៅទីតាំងថ្មីនៅក្នុងទីលានបដិសណ្ឋារកិច្ចនៃប្រាសាទអង្គរវត្ត តាំងពីដើមខែកញ្ញា ឆ្នាំ២០២០មក អាជីវករលក់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ និងភេសជ្ជៈ បានសម្តែងការរីករាយដែលបានចូលមកកាន់ទីតាំងថ្មី ដែលមានបរិស្ថានល្អ កន្លែងលក់ដូរស្អាត និងមានអនាម័យជាងមុន។

បើតាម អ្នកស្រី ស៊ត់ អាជីវករលក់ម្ហូបអាហារ បានចាប់ផ្តើមលក់នាពាក់កណ្តាលខែកញ្ញា បានលើកឡើងចំពោះ ទីតាំងថ្មីថា នៅទីនេះមានភាពងាយស្រួលជាងមុន ទាំងការលក់ដូរ មានទឹក មានភ្លើងកន្លែងស្អាតមានអនាម័យទុកដាក់សម្ភារមានវត្ថិភាព។មិនបាច់ចំណាយកម្លាំងហត់នឿយក្នុងការរៀបចំកន្លែង។អ្នកស្រីបានថ្លែងអរគុណដល់អាជ្ញាធរជាតិអប្សរាដែលបានរៀបចំពីកន្លែងមិនស្អាតមកកន្លែងដែលមានអនាម័យបរិស្ថានល្អ។អ្នកស្រីសង្ឃឹមថាពេលចប់ជំងឺកូវីដ១៩នឹងមានភ្ញៀវមកលេងច្រើននិងការលក់ដូរបានដាច់ស្រួល។

អ្នកស្រី គីម សុខរីន ជាអាជីវករលក់ដូរសម្លៀកបំពាក់និងវត្ថុអនុស្សាវរីយ៍ជិត២០ឆ្នាំមកហើយ បានមកលក់កន្លែងថ្មីនៅអំឡុងខែកញ្ញាដែរ បានឱ្យដឹងថា តូបថ្មីតូចជាងមុនបន្តិចមែន ។តែគ្មានដីហុយ មិនធ្វើឱ្យប្រឡាក់សម្លៀកបំពាក់និងវត្ថុអនុស្សាវរីយ៍ដូចកន្លែងចាស់ ងាយស្រួលក្នុងការលក់ដូរ មានអនាម័យ ការទុកដាក់អីវ៉ាន់ក៏ស្រួល មានសុវត្ថិភាព មានសន្តិសុខ ទឹកភ្លើង។ អ្នកស្រីពេញចិត្តណាស់ចំពោះទីតាំងថ្មីនិងអរគុណដល់អាជ្ញាធរជាតិអប្សរាដែលរៀបចំកន្លែងលក់ដូរស្អាត បរិស្ថានល្អ និងការកែលម្អផ្សេងៗនៅអង្គរវត្តយ៉ាងស្រស់បំព្រង៕S/

រូបភាព: អាជ្ញាធរជាតិអប្សរារៀបចំកន្លែងលក់ដូរថ្មីនៅទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត សម្រាប់អាជីវករលក់ដូរនៅប្រាសាទអង្គរវត្ត៕អប្សរា