ក្រសួងការពារជាតិជប៉ុនបាននិយាយថា កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនបានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹកនៅក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី០៩ខែតុលាឆ្នាំ២០២០ ដោយបានបញ្ជូននាវាចំនួន៣គ្រឿងដោយរួមទាំងនាវាផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងនិងនាវាមុជទឹកមួយគ្រឿង។
ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំងសមយុទ្ធនេះ ថាគោលបំណងនៃសមយុទ្ធនេះ គឺដើម្បីបង្កើនសមត្ថភាពយុទ្ធសាស្ត្ររបស់ពួកគេ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា នាវាទាំង៣គ្រឿងនេះនឹងឈប់នៅឈូងសមុទ្រកាំរ៉ាញ់នៅប្រទេសវៀតណាមនៅចុងសប្តាហ៍នេះ ដើម្បីបំពេញគ្រឿងផ្គត់ផ្គង់។
ក្រសួងនេះមិនអាចទាក់ទងបានដើម្បីសុំធ្វើការអត្ថាធិប្បាយបន្ថែមបានទេ។
ដែនទឹកធំល្វឹងល្វើយដែលសម្បូរថាមពលនៅសមុទ្រចិនខាងត្បូងនេះត្រូវបានអះអាងសិទ្ធិកាន់កាប់ដោយប្រទេសចិន ដែលបានបង្កើតទីតាំងយោធានៅលើកោះសិប្បនិម្មិតនៅតំបន់នោះ។ ប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និង វៀតណាមក៏បានអះអាងសិទ្ធិទាមទារកាន់កាប់លើផ្នែកខ្លះនៃសមុទ្រនេះផងដែរ៕ប្រែសម្រួល៖សុខា/sn

កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ហាត់បើកនាវាក្នុងអំឡុងសមយុទ្ធជាមួយនាវាផ្ទុកយន្តហោះអាម៉េរិកUSS Ronald Reagan នៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០២០