ត្រឹមតែ​មិន​កាប់ ក៏​ជាការ​ចូលរួម​ថែរក្សា​ព្រៃឈើ​ហើយ​!

288
ចែករម្លែក

ដោយ​: លី ម៉េង​ហួរ​: កាលពី​ថ្ងៃ​ពុធ ទី​៧ ខែតុលា ឆ្នាំ​២០២០ ក្រសួងបរិស្ថាន និង​មន្ទីរ​បរិស្ថាន ខេត្ត​ពោធិ៍ សាត់ បានរៀបចំ​ពិធី​ដាំ​កូនឈើ ចំនួន ៥៣.៧៥០​ដើម នៅ​សហគមន៍​តំបន់​ការពារ ធម្មជាតិ ស្ទឹង​ថ្មី ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ពិធី​ដាំ​ដើមឈើ​នេះ ធ្វើឡើង ក្រោម​អធិបតីភាព​លោក រ័ត្ន វិ​រៈ អនុ​រដ្ឋលេខា ធិ​ការ​ក្រសួងបរិស្ថាន​។​

​ការដាំ​កូនឈើ នៅ​សហគមន៍​តំបន់ការពារធម្មជាតិ ស្ទឹង​ថ្មី មាន​គោលបំណង​លើកកម្ពស់​ជីវភាព សហគមន៍​តំបន់ការពារធម្មជាតិ ជាពិសេស​លើកទឹកចិត្ត​ដល់​គ្រួសារ ដែល​រង​ផលប៉ះពាល់ ដោយ​ជំងឺឆ្លង​កូ​វីដ​-១៩ និង​បង្កើន​ការចូលរួម​របស់​អ្នកពាក់ព័ន្ធ ឱ្យ​ស្រឡាញ់ អភិរក្ស​ជីវៈចម្រុះ និង​បង្កើន​គម្រប​ព្រៃឈើ នៅក្នុង​តំបន់​សហគមន៍ ក៏ដូចជា​តំបន់ការពារធម្មជាតិ​។​

​ការដាំ​កូនឈើ​នេះ ត្រូវបាន​ក្រសួងបរិស្ថាន ប្រកាសថា មានការ​គាំទ្រ និង​ចូលរួម​ពី​តំណាង អង្គការ​យូ​អិន​ឌី​ភី តំណាង​អង្គការ RECOFTC រដ្ឋបាល​ស្រុក​វាលវែង មន្ត្រីរាជការ មន្ត្រី​ឧ​ទ្យា នុ​រក្ស លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ ក្នុងស្រុក​វាល វែង​ផងដែរ​។​

​ជាការ​ពិត បើ​បាន​ចូលរួម​ដាំ​ដើមឈើ​បន្ថែម ក៏​កាន់តែ​ប្រសើរ ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​។ ប៉ុន្តែ​បើ​គ្រាន់តែ​ម្នាក់ៗ មិន​កាប់បំផ្លាញ​ព្រៃឈើ ពិសេស​ប្រជា​សហគមន៍ មិន​ចូលរួម​ស៊ីឈ្នួល កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ឲ្យ​ក្រុម​ឈ្មួញ​ខិលខូច នោះ​ក៏​រឹតតែ​ប្រសើរ​។ រីឯ​អ្នកធំៗ សំដៅលើ ក្រុមអ្នកមានអំណាច និង​ឧកញ៉ា​មិន​សប្បុរស​មួយចំនួន ដែល​រកស៊ី​ឈើ រួមទាំង​អាជ្ញាធរ សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​មួយ​ភាគ​ធំ ឈរជើង​នៅ​តំបន់​ព្រៃភ្នំ មិន​ចូល​ដៃ​ចូល​ជើង​ស៊ីលុយ ឈ្មួញ​ឈើ​ទេ នោះ​ក៏មាន​ឈ្មោះថា ស្រឡាញ់ អភិរក្ស​ជីវៈចម្រុះ និង​ការពារ​ព្រៃឈើ ដែលជា ធនធានធម្មជាតិ​រប​ស់​យើង​ទៅហើយ​។​

​កន្លងមក ការកាប់បំផ្លាញ​ព្រៃឈើ មិនមែន​ធ្វើឡើង​ដោយ​លាក់កំបាំង ឬក៏​ធ្វើ​ពេលយប់ ដោយ ស្ងាត់ស្ងៀម​ទេ​។ តែ​រណា​យន្ត អារឈើ​លាន់លឺ​រំពង​ពេញ​ព្រៃ ហើយ​បើ​និយាយ​ពី​ឡាន​កាំ​មី ញ៉ុ​ង​ធំៗ ដឹកឈើ​វិញ ក៏​កក្រើក​ព្រៃភ្នំ ខូច​ដល់​ផ្លូវជាតិ ដោយ​ត្រូវ​ឆ្លង​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ រហូតដល់​ឆ្លងដែន​ថែមទៀត​។ ប៉ុន្តែ​ទាល់តែ​ព្រៃឈើ ស្ទើរតែ​ពាយ​ពី​ភ្នំ ទើប​អាជ្ញាធរ​សមត្ថកិច្ច ចាប់​បង្ក្រាប និង​ទប់ស្កាត់ ហើយ​នាំគ្នា ទៅ​ដាំ​ដើមឈើ​ឡើងវិញ ជាដើម​។​

​សកម្មភាព​កាប់​ឈើ​កន្លងមក ក៏មាន​សកម្ម​ភាពស្រប​ច្បាប់​ដែរ​។ តែដោយសារ​តែ​អាចមក​ខ្វះ តម្លាភាព និង​ការតាមដាន ហើយ​អាច​និយាយថា មានការ​ត្រូវរ៉ូវ​រវាង​អ្នកត្រួតពិនិត្យ​ព្រៃឈើ និង​កម្លាំង​សមត្ថកិច្ច​មួយចំនួន ក៏​នាំ​ឲ្យ​ឈ្មួញ​ខិលខូច អាច​ឆ្លៀតឱកាស​រកស៊ី​បាន​។​

​ដូច្នេះ​បើ​ត្រឹមតែ​យើង​ម្នាក់ៗ​ស្រឡាញ់​ធនធានធម្មជាតិ ស្រឡាញ់​ព្រៃឈើ ដោយ​មិន​រកស៊ី មិន​កាប់បំផ្លាញ​ព្រៃឈើ ក៏​ចាត់ទុកថា យើង​ម្នាក់ៗ បាន​ចូលរួម​អភិរក្ស ថែរក្សា​ធនធានធម្មជាតិ និង​ព្រៃឈើ​ហើយ​។ តែបើ​បានរួម​គ្នា ដាំ​ដើមឈើ និង​ប្រជា​សហគមន៍ ចូលរួម​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច ដើម្បី​ការពារ​សហគមន៍​ធនធានធម្មជាតិ​ទៀត​នោះ ក៏​កាន់តែ​ប្រសើរ​។​

​យ៉ាងណាក៏ដោយ ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​កំពូល និង​អាជ្ញាធរ​សមត្ថកិច្ច ត្រូវបាន​ឆន្ទៈ​ពិតប្រាកដ ហើយ​ផ្តន្ទាទោស​ដោយ​គ្មាន​ការលើកលែង នោះ​ទើប​អាចមាន​ប្រសិទ្ធភាព​៕

ទីតាំងផ្សាយពាណិជ្ជកម្ម