កុមារ១៥រូបឈ្នះក្នុងការប្រកួតគូររូបដែលរៀបចំឡើងដោយ ក្រុមហ៊ុន Hyundai

266
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖បន្ទាប់ពីការប្រកួតជ្រើសរើសរកកុមារដែលមានសមត្ថភាពគូររូបភាពដ៏ល្អឯករួចមកក្រុមហ៊ុន Hyundai Camko Motor ដែលជាអ្នកនាំចូលផ្ដាច់មុខនូវរថយន្ត Hyundai មកកាន់ទីផ្សារកម្ពុជាបានធ្វើការប្រគល់រង្វាន់ជូនកុមារដែលទទួលជ័យលាភីចំនួន១៥រូប។

 កម្មវិធីប្រកួតប្រជែងលើសមត្ថភាពគូររូបសម្រាប់ក្មេងតូចៗនេះបានជ្រើសរើសពីកុមារទូទៅ ដោយក្នុងនេះបានរៀបចំឡើងដោយក្រុមហ៊ុនរថយន្ត Hyundaiនិងបានរួមសហការជាមួយសាលាបង្រៀនអន្តរជាតិ SCIA។

លោក ប្រាយអ៊ែនខូ ជានាយកក្រុមហ៊ុនហ៊ីយ៉ាន់ដាយ(Hyundai)បានឱ្យដឹងនៅថ្ងៃទី១០ខែតុលានេះថាការប្រកួតប្រជែងនេះរៀបចំឡើងក្នុងគោលបំណងឲ្យបុត្រធីតារបស់អតិថិជន Hyundai រួមទាំងសិស្សានុសិស្សនៃសាលាបង្រៀនអន្តរជាតិ SCIA ដែលមានវ័យពី ៥ឆ្នាំ ដល់ ១៥ឆ្នាំ អាចបញ្ចេញទេពកោសល្យសិល្បៈរបស់ខ្លួន។

លោកបានឱ្យដឹងផងថាការប្រកួតនេះគឺមានប្រធានបទដែលទាក់ទងនឹង Family and Car (គ្រួសារនិងរថយន្ត) ឬ  Your Dream Car (រថយន្តក្នុងក្ដីស្រមៃ) ដែលតម្រូវឲ្យបេក្ខជនម្នាក់ៗគូររូបនៅលើក្រដាសទំហំ B4 ដោយប្រើប្រាស់ឧបករណ៍ណាមួយអាស្រ័យតាមការចង់បាន។ រូបគំនូរដែលដាក់ចូលរួមប្រកួតទាំងអស់ ត្រូវបានដាក់តាំងបង្ហាញក្នុង City Store Showroom របស់ Hyundai ដើម្បីឲ្យអ្នកអតិថិជន Hyundai ធ្វើការបោះឆ្នោតជ្រើសរើសរកអ្នកឈ្នះ ដោយការបោះឆ្នោតនេះគឺមានពិន្ទុ ៦០ភាគរយ នៃពិន្ទុសរុប។ ពិន្ទុ ៤០ភាគរយ ទៀតគឺប្រគល់ជូនគណៈគ្រប់គ្រងក្រុមហ៊ុន Hyundai និងសាលារៀន SCIA ជាអ្នកជ្រើសរើស។ចំពោះអ្នកឈ្នះទទួលបាននូវរង្វាន់ពិសេសជាច្រើនមានដូចជាសាច់ប្រាក់, ប័ណ្ណសរសើរ និងរង្វាន់ជាដើម។

គួរបញ្ជាក់ថាកម្មវិធីប្រកួតនេះបានប្រព្រឹត្តទៅជិតមួយខែមកហើយ ដែលមានការចូលរួមពីបេក្ខភាព និងអ្នកបោះឆ្នោតជាច្រើន ដែលអាចបញ្ជាក់ថាទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ ក្រៅពីកម្មវិធីប្រកួតគូរគំនូរនេះ Hyundai Camko Motor ក៏មានគោលបំណង រៀបចំកម្មវិធីពិសេសៗជាច្រើនទៀត ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងរួមចំណែកជួយដល់សហគមន៍ផងដែរ៕

ទីតាំងផ្សាយពាណិជ្ជកម្ម