អ្នកចាំទី អេដ្វាដ ម៉េនឌី (Edouard Mendy) បានវិលត្រឡប់មកក្លឹប Chelsea វិញ បន្ទាប់ពីរងរបួស ខណៈពេលលេងឲ្យក្រុមជម្រើសជាតិសេណេហ្គាល់។
កីឡាករវ័យ២៨ឆ្នាំរូបនេះបានហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិ បន្ទាប់ពីត្រូវកោះហៅទៅ លេងមិត្តភាពជាមួយក្រុមម៉ារ៉ុកកាលពីថ្ងៃសុក្រ។
ទោះបីជាយ៉ាងណា កីឡាកររូបនេះបានបង្ខំចិត្តវិលត្រឡប់មកកាន់ពហុកីឡាដ្ឋាន Stamford Bridge បន្ទាប់ពីរងរបួសភ្លៅ។
ម៉េនឌី នឹងវាយតម្លៃដោយក្រុមអ្នកវិជ្ជសាស្ត្ររបស់ក្លឹប Chelsea បន្ទាប់ពីផ្ទេរមកលេងជាមួយក្រុម របស់លោក ហ្វ្រែង ឡាំផាត (Frank Lampard) កាលពី រដូវក្តៅ។ សហព័ន្ធបាល់ទាត់សេណេ ហ្គាល់បានបញ្ជាក់ព័ត៌មាននេះតាមរយៈសេចក្តីថ្លែងការណ៍ផ្លូវការរបស់ខ្លួន។
សេចក្តីថ្លែងការណ៍នេះសរសេរថា “សហព័ន្ធបាល់ទាត់សេណេហ្គាល់សូមប្រកាសថា អ្នកចាំទី អេដ្វាដ ម៉េនឌី រងរបួសភ្លៅខាងស្តាំ ដែលកើតមាន អំឡុងពេលហ្វឹកហាត់កាលពីថ្ងៃពុធ”។
លោក ឡាំផាត កំពុងបារម្ភ ខណៈលោករងចាំមើលថា តើកីឡាករចំណូលថ្មីរូបនេះនឹងអាចជា សះស្បើយទាន់ពេលឬយ៉ាងណា។ មានការទាមទាឲ្យកីឡាករ ម៉េនឌី ដណ្តើមតំណែងអ្នកចាំទី ទី១នៅក្នុងក្រុមជម្រើស Chelsea។
លោក ឡាំផាត សង្ឃឹមថា ម៉េនឌី នឹងជួយកាត់បន្ថយកំហុសនៅតំបន់ការពារ បន្ទាប់ពីរបូត៥៤ គ្រាប់ក្នុង៣៨ប្រកួតក្នុងលីកកាលពីរដូវកាលមុន៕ ប្រែសម្រួល: ពិសិដ្ឋ
