ដោយៈ សុផានីតា/កោះកុងៈ ក្រសួងបរិស្ថាន អភិបាលរងខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ កំពុងពិនិត្យសិក្សាទីតាំង សក្តានុពលធ្យូងភក់ លើផ្ទៃដី ៤.៧៨៨ ហិកតា នៅស្ថិតនៅក្នុងឧទ្យានជាតិ បូទុមសាគរ ភូមិសាស្ត្រឃុំថ្មស និងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ដើម្បីទាញយក ។
លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១០ តុលា នេះថាៈ ដំណើរការសិក្សា ពីសក្តានុពលធ្យូងភក់ ឬហៅម្យ៉ាងទៀត ដីមមោក គ្រាន់តែពិនិត្យមើលទីតាំង តាមការស្នើសុំរបស់ ក្រុមហ៊ុនមួយ ដែលចង់វិនិយោគ ដើម្បីយកទៅកែច្នៃ ធ្វើជាជីកំប៉ុស្ត លើផ្ទៃដីទំហំ ៤.៧៨៨ ហិកតា។ ប្រសិនណាសិក្សាទៅ មិនបានផ្លែផ្កា និងផ្តល់ផលប៉ះពាល់ ដល់បរិស្ថាន គឺមិនអាចអនុញ្ញាត ឱ្យធ្វើអាជីវកម្មឡើយ។

បើតាមរដ្ឋលេខាធិការ ក្រសួងបរិស្ថានដដែល បានបន្ថែមថាៈ ប៉ុន្តែបើធ្យូងភក់ ឬដីមមោកនេះ មានសក្តានុពល អាចកែច្នៃធ្វើជាជីកំប៉ុស្តបាន ហើយពុំប៉ះពាល់ ដល់វិស័យបរិស្ថាន ទើបក្រុមហ៊ុន នឹងធ្វើសំណើគោលការណ៍ ពីក្រសួងបរិស្ថាន ស្ថាប័នពាក់ព័ន្ធ ផលិតជាជីនេះឡើង តែក៏ត្រូវសិក្សាលម្អិត ជាថ្មីម្តងទៀតដែរ ពីកត្តាផលប៉ះពាល់ ដល់បរិស្ថានសង្គម មុននឹងក្រសួង សម្រេចថាអនុញ្ញាត ឬមិនអនុញ្ញាត។ បច្ចុប្បន្ន គ្មានសកម្មភាពធ្វើអាជីវកម្មទេ គ្រាន់តែចុះពិនិត្យ ទីតាំងផ្ទាល់ប៉ុណ្ណោះ។

ចំណែកឯលោក ប៉ិច ស៊ីយ៉ុន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកោះកុង បានថ្លែងពីលក្ខណៈបច្ចេកទេសថាៈ ធ្យូងភក់ គឺកកើតចេញពីការពុកផុយ នៃកត្តាធម្មជាតិ កប់ក្នុងដី ដែលមានរយៈកាលយូរឆ្នាំ តែវាមិនមានសភាពរឹង ដូចធ្យូងថ្មនោះទេ។ នៅពេលគេយកមកសិក្សាទៅ វាអាចដុតឆេះ ដូចគ្នាដែរ ទោះបីយ៉ាងណា លោកគ្រាន់តែអមដំណើរ មន្ត្រីជាន់ខ្ពស់បរិស្ថាន លោកអភិបាលរងខេត្ត និងមន្ទីរជំនាញ ចុះពិនិត្យវាយតម្លៃ រួមគ្នាប៉ុណ្ណោះ ត្រង់ថា សម្រេចយ៉ាងណា គឺក្រសួងសាមី។

ដីមមោក ជាសមាសធាតុសរីរាង្គសាំញ៉ាំ ដែលបានមកពីការពុកផុយ នៃកាកសំណល់សរីរាង្គ (ក្រោយពីធាតុគីមី ដែលអាចប្រើប្រាស់បាន ក្នុងសារធាតុសរីរាង្គ ត្រូវបានទាញយកចេញ ដោយមីក្រូសារពាង្គកាយ) តាមរយៈដំណើរការ មមោកកម្ម (humification)។ ដំណើរការនេះ អាចកើតឡើង តាមធម្មជាតិ នៅក្នុងដី ឬក្នុងផលិតកម្មកំប៉ុស្តិ៍។ មមោក ជាសារធាតុសរីរាង្គ ដែលងាយស្រូបទឹក មានរន្ធច្រើន មានពណ៌ខ្មៅ ឬត្នោតខ្មៅ និងមានកាបោន (C)ជាមូលដ្ឋាន ហើយអាចស្ថិតនៅក្នុងដី បានច្រើនឆ្នាំ។ សមាសភាពផ្សំ ឬគុណភាពរបស់មមោក ប្រែប្រួលខ្លាំងទៅតាមប្រភព នៃសារធាតុសរីរាង្គ និងលក្ខខណ្ឌ នៃការពុកផុយ។

“មមោក” ត្រូវបានបែងចែក ជាពីរប្រភេទ រួមមាន៖
ទី១-មមោកសកម្ម (effective or active humus)៖ មមោកដែលអាចនៅបន្ត ការពុកផុយបាន និងផ្ទុកមួយភាគធំ ជាអាស៊ីតសរីរាង្គងាយៗ (អាស៊ីតហ្វុលវីក-fulvic acid) ដែលអាចរលាយ ក្នុងលក្ខខណ្ឌអាស៊ីត ឬបាស។ មមោកប្រភេទនេះ ជាប្រភពសំខាន់ នៃសារធាតុចិញ្ចឹម ដែលអាចបញ្ចេញ ដល់ដំណាំ នៅពេលមីក្រូសារពាង្គកាយ ធ្វើការបំបែក ប៉ុន្តែផ្តល់អត្ថប្រយោជន៍តិចតួច ដល់ទម្រង់ដី និងជីជាតិដីរយៈពេលវែង។ មមោកប្រភេទនេះ ភាគច្រើន បានមកពីពួកស្ករ ម្សៅ និងប្រូតេអ៊ីន នៃសារធាតុសរីរាង្គ។

ទី២-មមោកអកម្ម ឬឋិតថេរ (stable or passive humus)៖ អាស៊ីតយូមីក (humic acid) ដែលរលាយ ក្នុងលក្ខខណ្ឌបាស ប៉ុន្តែមិនមែនក្នុងអាស៊ីត ជាប្រភេទមមោគអកម្ម ។ យូមីន (humin) ដែលមិនរលាយ ក្នុងទឹក អាចទាញភ្ជាប់ យ៉ាងណែននឹងគ្រាប់ដីឥដ្ឋ (clay particles) ដែលធ្វើឱ្យពួកមីក្រូសារ ពាង្គកាយ មិនអាចជ្រៀតចូលបាន ជាផ្នែកដ៏ចំបង របស់មមោកអកម្ម។ មមោកអកម្ម ធន់នឹងការពុកផុយ ដែលធ្វើឱ្យវាអាចបន្ថែម សារធាតុចិញ្ចឹម ទៅក្នុងប្រព័ន្ធដី បានតិចតួច ប៉ុន្តែវាអាចជួយកែលម្អ លក្ខណៈរូបសាស្ត្ររបស់ដី។ មមោកអកម្ម បានមកពីប្រភេទសារធាតុសរីរាង្គ ដែលសំបូរសែលុយឡូស (cellulose) និងលីញីន (lignin) ហើយអាចស្ថិតនៅក្នុងដី ដោយមិនផ្លាស់ប្ដូរបានរាប់ពាន់ឆ្នាំ៕S/