ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara បានរាយការណ៍ថា ប៉ូលិសឥណ្ឌូនេស៊ីបានចាប់ឃុំខ្លួន មនុស្សរាប់ពាន់នាក់ដែលតវ៉ាប្រឆាំងច្បាប់ការងារ ដែលត្រូវបានអនុម័តកាលពីពេលថ្មីនេះ ចំពេលមានការព្រួយបារម្ភថាការប្រមូលផ្តុំគ្នានេះអាចធ្វើឱ្យមានករណីឆ្លងវីរុសខ្លាំងឡើង។
អ្នកនាំពាក្យប៉ូលិស លោក អាហ្គោ យូវ៉ូណូបាននិយាយថា ក្នុងចំណោមមនុស្ស ៣.៨៦២ នាក់ដែល ត្រូវបានចាប់ឃុំឃាំងនោះ មនុស្ស១៤៥ នាក់ ត្រូវបានធ្វើតេស្ត៍វិជ្ជមានកូវីដ១៩។
ក្រុមនិស្សិតនិងកម្មករ បានធ្វើកូដកម្មនិងធ្វើបាតុកម្មនៅទូទាំងប្រទេសនេះក្នុងសប្តាហ៍នេះដើម្បីបដិសេធច្បាប់ថ្មីដែលមានគោលបំណងកាត់បន្ថយភាពអសកម្មផ្សេងៗដើម្បីជំរុញការវិនិយោគ ដោយនិយាយថាច្បាប់នេះនឹងបំផ្លាញសិទ្ធិការងារនិងការការពារបរិស្ថាន។
ទោះជាយ៉ាងណា ប្រធានាធិបតី លោកចូកូ វីដូដូ បានថ្លែងការពារច្បាប់នេះ ដោយនិយាយថាការតវ៉ានេះត្រូវបានជំរុញដោយសារ” ព័ត៌មានមិនពិត ” ។
លោកបាននិយាយថា ប្រទេសជាតិ ត្រូវការច្បាប់បង្កើតការងារដើម្បីផ្តល់ការងារដល់ប្រជាជនវ័យក្មេងនិងអ្នកអត់ការងារធ្វើដោយសារវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩។
លោកបាននិយាយថា” ខ្ញុំបានឃើញការធ្វើបាតុកម្មប្រឆាំងច្បាប់នេះ ដែលត្រូវបានជំរុញធ្វើការតវ៉ាដោយការផ្សព្វផ្សាយព័ត៌មានមិនពិត ” ។
លោកបានជំរុញឱ្យក្រុមអ្នករិះគន់ធ្វើការតតាំងនឹងច្បាប់នេះនៅតុលាការធម្មនុញ្ញប្រសិនបើពួកគេមិនយល់ស្របនឹងខ្លឹមសាររបស់វានោះ។
ប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោកនេះ នៅតែតស៊ូទប់ទល់នឹងជំងឺឆ្លងកូវីដ១៩ ដោយបន្ថែមករណីឆ្លងប្រចាំថ្ងៃជាង ៤.០០០នាក់ក្នុងមួយថ្ងៃ ហើយមានករណីឆ្លងខ្ពស់ចំនួន ៤.៨៥០ នាក់ កាលពីថ្ងៃព្រហស្បតិ៍ទី០៨ខែតុលា។
ចំនួនសរុបនៃការឆ្លងជំងឺនេះបានកើនឡើង៣ដងចាប់ពីចុងខែកក្កដាដល់ជាង ៣២០.០០០ នាក់ ហើយមានអ្នកស្លាប់ចំនួន ១១.៦៧៧ នាក់ នៅប្រទេសនេះ ៕ប្រែសម្រួល៖សុខា/sn

ក្រុមនិស្សិតនិងកម្មករ ធ្វើបាតុកម្មនៅទូទាំងប្រទេសឥណ្ឌូនេស៊ីក្នុងសប្តាហ៍នេះប្រឆាំងច្បាប់ការងារថ្មីនេះ