សុវត្ថិភាព និង​កិច្ចការពារ​កូ​វីដ ជា​រឿង​ចម្បង​!

279
ចែករម្លែក

ដោយ​៖ លី ម៉េង​ហួរ​: កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០ កិច្ចប្រជុំ​មួយ ត្រូវបាន​ធ្វើឡើង ដើម្បី លើកឡើង​ពី​វិធាន​ការពារ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈមេធាវី អាណត្តិ​ទី​១៣ សម្រាប់​ឆ្នាំ​២០២០-២០២២​។​

​កិច្ចប្រជុំ​នោះ ចូលរួម​ដោយ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ តំណាង​ក្រសួងសុខាភិបាល ដែល​ដឹកនាំ​ដោយ​លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ព្រមទាំង​ខាង​ប្រតិភូ​គណៈមេធាវី ដឹកនាំ​ដោយ​លោក​មេធាវី លី ច័ន្ទ​តុលា បេក្ខភាព ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ លេខ​រៀង​ទី​១ ក្នុងចំណោម​បេក្ខជន ៥​រូប​។​
​ ​
​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង នឹង​ដឹកនាំ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន គណៈមេធាវី អាណ​ត្ដិ​ទី​១៣ សម្រាប់​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២២​។ ការបោះឆ្នោត​នេះ នឹងធ្វើ​ឡើង នៅក្នុង​មហាសន្និបាត លើក​ទី​២៥ របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ សុខា ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​សរុប​ចំនួន ១.៨០០​នាក់​។

​ដោយ​ចំនួន​នៃ​ការចូលរួម​នេះ​ច្រើន លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ពិភាក្សា​ជាមួយ ក្រសួងសុខាភិបាល ដើម្បី​ដាក់ចេញ​នូវ​វិធាន​ការពារ​សុវត្ថិភាព​ផ្នែក​សុខភាព​ពី​ការចម្លង ជំងឺ​កូ​វីដ​១៩​។​

​លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បានដាក់​ចេញ​នូវ​វិធាន ការពារ​ចម្បង​មួយចំនួន ដោយ​ផ្អែកលើ​ស្ដង់ដារ និង​ភាព​ម៉ត់ចត់​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ផ្នែក សុខភាព ដល់​សមាជិក សមាជិកា ចៀស​ផុតពី​ការចម្លង​ជំងឺ​កូ​វីដ​១៩​នេះ​។ ក្នុងនោះ​មន្ត្រី​ក្រសួង សុខាភិបាល នឹង​ទៅ​បាញ់ថ្នាំ សម្លាប់​មេរោគ មុន​កម្មវិធី​នេះ ចាប់ផ្ដើម​ហើយនឹង​រៀបចំ​ក្រុម គ្រូពេទ្យ​ចំនួន ២​ក្រុម​, ដាក់​ម៉ាស៊ីន​វាស់​កំដៅ​តាម​ច្រកចេញចូល និង​ត្រៀម​ក្រុមគ្រូពេទ្យ ជាមួយនឹង​រថយន្ដ​សង្គ្រោះបន្ទាន់ ដើម្បី​ជា​សុវត្ថិភាព​ផ្នែក​សុខភាព​។​

​ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ដល់​គណៈប្រតិភូ​អ្នកដឹកនាំ​ការបោះឆ្នោត​នេះ​ជួយ​ផ្សព្វ ផ្សាយ​ឱ្យ​សមាជិក សមាជិកា​ទាំងអស់ អនុវត្ដ​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​ការពារ​ពី​ជំងឺ​កូ​វីដ ឬ​ជំងឺឆ្លង​ផ្សេងៗ​របស់​ក្រសួងសុខាភិបាល ក្រៅពី​អ្វីដែល​ក្រសួង បានរៀបចំ​ជូន​ទាំង​មុន​ថ្ងៃ និង​ក្នុង​ថ្ងៃ​រៀបចំ​កម្មវិធី​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​គណៈមេធាវី​អាណ​ត្ដិ​ថ្មី​។​

​បេក្ខជន​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ជា​ប្រធាន​គណៈមេធាវី អាណត្តិ​ទី​១៣ ដើមឡើយ មាន ៦​រូប​។ ក៏ប៉ុន្តែ​នៅ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ លោក​មេធាវី ឡុង ដា​រ៉ា បាន​សុំ​ដក​បេក្ខភាព ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ជា​ប្រធាន​គណៈមេធាវី អាណត្តិ​ទី​១៣​។ ដូច្នេះ​បេក្ខជន​ដែល​បាន ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣ មាន​ចំនួន ៥ រូប រួមមាន​៖ ១-​លោក​មេធាវី លី ច័ន្ទ​តុលា អត្តលេខ ៥៨១ លំដាប់​លេខ​រៀង​ទី​១ នៃ​សន្លឹកឆ្នោត ២-​លោក​មេធាវី កែ​ត ឃី អត្តលេខ ០៧៩ លំដាប់​លេខ​រៀង​ទី​២ នៃ​សន្លឹកឆ្នោត ៣-​លោក​មេធាវី សំ សុ​គង់ អត្តលេខ ៣៧១ លំដាប់​លេខ​រៀង​ទី​៤ នៃ​សន្លឹកឆ្នោត ៤-​លោក​មេធាវី សេក សោភ័ណ អត្តលេខ ៨១៧ លំដាប់​លេខ​រៀង​ទី​៥ នៃ​សន្លឹកឆ្នោត និង​៥-​លោក​មេធាវី ស សូ​វាន អត្តលេខ ០៤០ លំដាប់​លេខ​រៀង​ទី​៦ នៃ​សន្លឹកឆ្នោត​។​

​យ៉ាងណាក៏ដោយ​យើង​មិនអាច​មើល​ដឹង​ទេ​ថា នរណា​កើត​មេរោគ​អ្វី ជាពិសេស​ជំងឺឆ្លង​ដ៏​កាច សាហាវ កូ​វីដ​១៩​នេះ ដែល​តម្រូវឱ្យ​យើង ត្រូវតែ​រក្សា​គម្លាត​បុគ្គ​ល ពាក់​ម៉ាស សម្អាត​ដៃ និង​ខ្លួនប្រាណ​ឱ្យបាន​ស្អាត​ជានិច្ច​។ ប្រសិនបើ​យើង​ធ្វេសប្រហែស ហើយ​ក្នុងចំណោម​នោះ មាន​នរណាម្នាក់​ផ្ទុក​ជំងឺ​នេះ នោះ​នឹង​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​ហើយ​ឈានដល់​សហគមន៍ ផងដែរ​។​
​ ​
​ដូច្នេះ​ប្រសិនបើ​មាន​សមាជិក​នៃ​អង្គប្រជុំ​ណា​ម្នា​ក់មាន​អា​ការៈមិន​ស្រួលខ្លួន សូម​ផ្ដល់ព័ត៌មាន ជូន​មន្ដ្រី​សុខ​ភិ​បាល ដែល​ប្រចាំការ​នៅ​ទីនោះ ហើយ​ត្រូវ​អនាម័យ និង​ការពារ​ខ្លួនឯង ដោយមាន​ពាក់​ម៉ាស់ លាងដៃ​នឹង​ជេ​ល ឬ​អាល់កុល​ឲ្យ​បាន​ញឹកញាប់ ព្រមទាំងរ​ក្សាគ​ម្លា​តបុ​គ្គល ជាដើម​។ រីឯ​កៅអីអង្គុយ ក៏​ត្រូវតែ​រៀបចំ​ទុក​គម្លាត​ផងដែរ​។​
​ ​
​ដើម្បី​ចូលរួម​កាត់បន្ថយ​ការជួបជុំ​ទ្រង់ទ្រាយ​ធំ​នេះ គណៈមេធាវី ក៏បាន​សម្រេច​ផ្តល់ប្រាក់ ២០​ដុល្លារ ជូន​ដល់​មេធាវី មេធាវី​កម្មសិក្សា បុគ្គលិក​គណៈមេធាវី និង​ភ្ញៀវកិត្តិយស ដែលមាន វត្តមាន​ក្នុង​មហាសន្និបាត ជំនួស​ឲ្យ​ការផ្តល់​អាហារសម្រន់ និង​អាហារ​ថ្ងៃត្រង់​ក្នុង​ថ្ងៃ​ប្រារព្ធ​មហា សន្និបាត លើក​ទី​២៥ របស់​គណៈមេធាវី នៅ​ថ្ងៃទី​១៦ ខែតុលា​ខាងមុខនេះ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម