ដោយ: មុនីរ័ត្ន/ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថាៈក្នុងគ្រាដែលប្រជាពលរដ្ឋនៅក្នុងខេត្តមួយចំនួនបានទទួលរងគ្រោះដោយសារទឹកជំនន់ បញ្ជាការដ្ឋានកងទ័ពជើងគោកបានដាក់ចេញនូវបទបញ្ជាឲ្យគ្រប់បណ្ដាកងឯកភាពចំណុះទាំងអស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា “ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃយោធភូមិភាគទី៥ បណ្ដាអង្គភាពតំបន់ប្រតិបត្តិការសឹករង កងពលតូចថ្មើរជើង និងកងការពារព្រំដែនចំណុះឱ្យុយោធភូមិភាគទី៥ កងពលតូចអន្តរាគមន៍លេខ១៤ និងបណ្តាអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចាត់តាំងកម្លាំង មធ្យោបាយ សម្ភារៈ ចូលរួមជាមួយអជ្ញាធរមូលដ្ឋាននិងកម្លាំងអង្គភាពមិត្ត ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលានៅក្នុងភូមិសាស្ត្រ ទទួលខុសត្រូវរបស់ខ្លួន។”

ជាមួយគ្នានេះដែរ បញ្ជាការដ្ឋានកងទ័ពជើងគោកបានចេញបទបញ្ជាឲ្យបង្កើនកម្លាំងអន្តរាគមន៍សង្គ្រោះពីបញ្ជាការដ្ឋានទ័ពពិសេស រួមជាមួយទូកនិងអូប៊័រសង្គ្រោះ និងកងពលតូចដឹកជញ្ជូនលេខ៩០ ត្រៀមចល័តរថយន្តដឹកជញ្ជូនក្នុងករណីមានតម្រូវការចាំបាច់ ៕S/








