ដោយ៖រ៉ាម៉ន/ភ្នំពេញ ៖ លោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញ អមដោយ មន្ត្រី ជំនាញ និងអាជ្ញាធរដែនដី ខណ្ឌទាំង៤នៅថ្ងៃទី ១០ខែតុលាឆ្នាំ២០២០ នេះបាន ចុះពិនិត្យស្ថានភាព ទឹកលិច ដោយជំនន់ទឹកភ្លៀង។ជាមួយនោះបានសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិសាស្តសង្កាត់សាក់សំពៅ និងសង្កាត់ គងនយ ខណ្ឌ ដង្កោ ហើយបានបន្តដំណើរមកពិនិត្យមើលស្ថានភាព ការងារកាយប្រឡាយអមវិថីឈ្នះៗចំនួន៣៧ទីតាំង នៅក្នុងភូមិសាស្ត្រ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌព្រែកព្នៅ។ ដែលរងការរំលោភបំពានចាក់ដីលុបនិងដាក់លូតូចៗជំនួសពីប្រជាពលរដ្ឋមួយចំនួន បណ្តាលឲ្យស្ទះទឹក ដែលក្រុមការងារនិងអាជ្ញាធរខណ្ឌបាននឹងកំពុងស្តារនិងកាយប្រឡាយនេះវិញ។

ក្នុងការ ចុះពិនិត្យស្ថានភាព ទឹកលិច ដោយជំនន់ទឹកភ្លៀង និងសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រសង្កាត់សាក់សំពៅ និងសង្កាត់ គងនយ ខណ្ឌ ដង្កោ នោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ចែងដល់ខណ្ឌដង្កោមានក្រុម មន្ត្រី ប្រចាំ ការ នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ចាំជួយអន្តរាគមន៏ជាមួយប្រជាពលរដ្ឋ និងរាយការណ៏បន្ទាន់មក រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា ។

ក្នុងនោះដែរ លោក ឃួង ស្រេង បានជួយ ឧបត្ថម្ភ ជាអង្កដល់ប្រជាពលរដ្ឋ ដែល រងគ្រោះ ដោយ ជំនន់ ទឹក ភ្លៀង នៅសង្កាត់ គងនយ ចំនួន ៩០គ្រួសារ ក្នុង មួយគ្រួសារទទួលបានអង្ក២៥គីឡូ ផងដែរ ។
នៅព្រឹក ថ្ងៃ ដដែល នោះ លោក ឃួង ស្រេង ក៏បានបន្តចុះទៅពិនិត្យស្ថានភាព ទឹកលិច និងពិនិត្យសកម្មភាព ជីកកាយប្រឡាយអមមហាវិថីឈ្នះៗចំនួន៣៧ទីតាំង ដែលរងការរំលោភបំពានចាក់ដីលប់ និងដាក់លូតូចៗ ជំនួសពីប្រជាពលរដ្ឋមួយ ចំនួនបណ្តាលឲ្យស្ទះទឹកពេលទឹកភ្លៀងធ្លាក់យ៉ាងគំហុកនិងហូរធ្លាក់មកបន្ថែមពី ស្រុកអង្គស្នូលខេត្តកណ្តាល និងកំពង់ស្ពឺមួយចំណែកទៀតធ្វើអោយកើតមានជំនន់ទឹកភ្លៀងលិចភូមិដ្ឋានប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិសែនជ័យ រួមទាំងមួយចំណែកនៃផ្លូវជាតិលេខ៤ ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនភ្នំពេញបានឲ្យដឹងនៅរសៀលថ្ងៃ១០ខែតុលានេះថា ការជីកកាយប្រឡាយអមវិថីឈ្នះៗចំនួន៣៧ទីតាំង នៅតាមមហាវិថីឈ្នះឈ្នះក្នុងភូមិសាស្ត្រខណ្ឌកំពូល ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌព្រែកព្នៅ ទំលាក់ទៅបឹងតម៉ោក គិតមកដល់ពេលនេះ សម្រេចបានប្រមាណជាង៧០ភាគរយហើយ ហើយ ការងារនេះគ្រោងនឹងបញ្ចប់នៅ១សប្តាហ៍ទៀត ។

លោកឃួង ស្រេងធ្លាប់បានបញ្ជាក់ហើយថា
៖មានកត្តា៣សំខាន់ដែលធ្វើឲ្យិភូមិសាស្ត្ររាជធានីភ្នំពេញប៉ែកខាងលិចទទួលរងការលិចលង់ខ្លាំងដោយសារជំនន់ទឹកភ្លៀងគឺ៖បរិមាណ ទឹកភ្លៀងធ្លាក់ខ្លាំងរហូតដល់១០៥មម,ផ្ទៃ ទឹកភ្លៀងដែលធ្លាប់តែ ទទួលចែករំលែកទឹកទៅតាមអូ,ប្រឡាយឬវាលស្រែនានាត្រូវបានអភិវឌ្ឍន៏ទៅជាសំណង់លំនៅស្ថាន,និងមួយចំណែកទៀតមានការចាក់ដីរំលោភប្រឡាយពីប្រ ជាពលរដ្ឋមួយចំនួន បណ្តាលឲ្យទឹកខ្វះប្រភពដែលត្រូវហូរទៅធ្វើឲ្យចាល់ទឹកមិន អាចហូរទៅណាបានក៏បណ្តាលលិចភូមិសាស្ត្រខាងលើនេះតែម្តង។តែទោះបីយ៉ាងណាអាជ្ញាធររាជធានីភ្នំពេញបាននឹងខិតខំដោះស្រាយបញ្ហានេះ ។តែសុំការចូលរួមសហការ និងការយោគយប់ពីប្រជាពលរដ្ឋចំពោះផលប៉ះពាល់ខ្លះក្នុងពេលយើងបើកមុខទឹកនេះ៕S/
