ដោយៈ គូលែន / សៀមរាបៈ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប កើតឡើងចំនួន ៥០ ករណី បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន ៥៧នាក់។ នេះគឺជាការបញ្ជាក់អោយដឹង ពីលោក ហូ សម័យ ប្រធានស្ដីទីការិយាល័យ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ។

លោក ហូ សម័យ បាននិយាយថាៈ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០ នេះ គ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប កើតឡើងចំនួន ៥០ ករណី បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន៥៧នាក់ ភាគច្រើន គឺជាអ្នកបើកបរម៉ូតូ និងរបួសធ្ងន់ស្រាល ចំនួន ១៥៦នាក់ ថយចុះជាងឆ្នាំមុន បើប្រៀបធៀបនឹងរយៈពេល ដូចគ្នា ឆ្នាំ២០១៩ មានចំនួន ៦៧ករណី បណ្ដាលឲ្យមនុស្សស្លាប់ ចំនួន ៦១ នាក់ និងរបួសធ្ងន់ស្រាល ចំនួន១៧៣នាក់។

លោកបានបន្តថាៈ គ្រោះថ្នាក់ចរាចរណ៍ ភាគច្រើន បង្កឡើងដោយអ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន និងលើសល្បឿនកំណត់ ហើយភូមិសាស្ត្រ ដែលតែងតែកើតមាន គ្រោះថ្នាក់ចរាចរណ៍ ញឹកញាប់ជាងគេ គឺស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ឆ្លងកាត់ស្រុក ចំនួន ៣ ចំនួន រួមមាន ស្រុកជីក្រែង, ស្រុកសូទ្រនិគម និងស្រុកពួក ។
លោកបានបញ្ជាក់ថាៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសថា ២០២០ ជាឆ្នាំ ត្រូវរឹតបន្តឹងការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ខណៈរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១៩ មានអ្នកស្លាប់ ជិត ២ ពាន់នាក់ ៕S/

រូបភាព: រយ:ពេល៩ខែដើមឆ្នាំ២០២០នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប កើតឡើងចំនួន៥០ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៥៧នាក់៕គូលែន