ទឹកធ្លាក់លែងអន លែងឃិន កំពុងបង្អួតសម្រស់ធម្មជាតិក្នុងខេត្តមណ្ឌលគិរី

253
ចែករម្លែក

ដោយ៖ដេប៉ូ/មណ្ឌលគិរី៖នៅខេត្តមណ្ឌលគិរីមានទីកម្សាន្តច្រើនកន្លែងក្នុងនោះមានដូចជា សម្រស់ធម្មជាតិ,សមុទ្រឈើ,សត្វព្រៃនិងអ្វីដែលពិសេស ហើយល្បីល្បាញឈ្មោះនោះគឺទឹកធ្លាក់ដ៏ស្រស់ថ្លាប៊ូស្រាតែម្តង។ប៉ុន្តែខេត្តមណ្ឌលគិរីមិនមែនមានត្រឹមតែរបស់ទាំងនេះចាំទទួលភ្ញៀវទេសចរណ៍ទេគឺនៅមានតំបន់ពិសេសមួយកន្លែងទៀតដែលអ្នកទេសចរណ៍តែងមើលរំលងនោះគឺតំបន់ទឹកធ្លាក់”លែងអន,លែងឃិន”ដែលមានសម្រស់ស្រស់ស្អាតគួរឱ្យស្ងើចសរសើរផងដែរ។

          កាលបើអ្នកទេសចរណ៍ចង់ទៅកម្សាន្តនៅតំបន់ទឹកធ្លាក់”លែងអន,លែងឃិន”គឺគេត្រូវធ្វើដំណើរចម្ងាយប្រមាណ៤គីឡូម៉ែត្រពីផ្លូវជាតិលេខ៧៦ ឆ្ពោះចូលទៅតាមច្រកចូលផ្លូវលំនៅផ្នែកខាងឆ្វេងដៃក្នុងដំណើរពីភ្នំពេញ ហួសចូលច្រកផ្លូវស្រុកអូររាំងប្រមាណ១០០ម៉ែត្រនោះគេនឹងទៅដល់ទឺកធ្លាក់ដ៏ស្រស់ស្អាតក្នុងព្រៃភ្នំដ៏ស្រស់ត្រកាលនេះជាក់ជាពុំខាន។

         ពិតណាស់តំបន់ទឹកធ្លាក់ដែលហាក់បង្កប់ខ្លួនក្នុងទឺកដីខេត្តមណ្ឌលគិរីមួយកន្លែងនេះបានហ៊ុមព័ទ្ធទៅដោយព្រៃព្រឹក្សាដែលមានចម្ងាយផ្លូវ២៦គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ស្ថិតនៅក្នុងភូមិហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

          ការចូលទៅកាន់តំបន់ទឺកធ្លាក់មួយកន្លែងនេះបើទោះបីផ្លូវពុំទាន់មានការអភិវឌ្ឍន៍បានល្អក្តីប៉ុន្តែការធ្វើដំណើរទៅកាន់ទីនោះក៏បានផ្តល់ភាពងាយស្រួលនិងគេអាចធ្វើដំណើរបានដោយគ្មានជួបឧបសគ្គនោះដែរ។

          នៅពេលចុះពីទីជម្រាលភ្នំ ហើយមកដល់មាត់ជណ្តើរចុះទៅកាន់កន្លែងទឺកធ្លាក់មួយកន្លែងនេះគេនឹងបានឮសម្លេងសូរសព្ទនៃបក្សាបក្សីស្រែកខ្ញៀវខ្ញា អមជាមួយទឹកជ្រោះ ស្តាប់ហើយមានភាពសប្បាយរីករាយគួរឱ្យស្ងប់ស្ងែង។ពេលនោះហើយភ្ញៀវទេសចរណ៍នឹងមានអារម្មណ៍ត្រេកត្រអាលចង់ឃើញចង់ជួបដោយផ្ទាល់។នៅទីកន្លែងនេះមិនឆ្ងាយប៉ុន្មានពីជណ្តើរដែលគេចុះទៅផ្នែកខាងក្រោម ភ្ញៀវទេសចរណ៍ដើរទៅខាងស្តាំដៃបន្តិចនឹងឃើញទិដ្ឋភាពទឺកធ្លាក់មួយមានឈ្មោះថា លែងឃិន។

ទឺកធ្លាក់កន្លែងនេះមានកម្ពស់ទាបនិងទឹករាក់ប៉ុន្តែវាបានហ៊ុមព័ទ្ធទៅដោយព្រៃព្រឹក្សាត្រជាក់ល្ហឹមដែលជាទីឋានលម្ហែកាយមិនចេះជិនណាយរបស់ភ្ញៀវទេសចរណ៍។

          នៅក្នុងទីកន្លែងទឹកជ្រោះនេះដែរ ភ្ញៀវទេសចរណ៍អាចចុះងូតទឹកនិងនាំគ្នាថតរូបនៅទីនេះយ៉ាងស្រស់ស្អាត។

ជាមួយគ្នានេះភ្ញៀវទេសចរណ៍ដែលទៅដល់កន្លែងនេះមិនត្រូវភ្លេចចូលភ្លក្ស អាហាររបស់បងប្អូនជាតិដើមភាគតិចព្នងដ៏ឆ្ងាញ់ពិសារ និងប្លែកមាត់ផង។ក្រៅពីនេះគេក៏អាចទិញបន្លែផ្លែឈើដែលបងប្អូនជនជាតិភាគតិចព្នងបេះមកលក់ភាគច្រើនសុទ្ធសឹងជារបស់ធម្មជាតិដាំនៅតំបន់នេះតែម្តង។

បើតាមប្រធានសមាគមន៍ភូមិពូហ្សាមគឺលោក  តែប ខ្វឺតបានឱ្យដឹងថាការចូលមកកម្សាន្តកន្លែងនេះភ្ញៀវដែលជាជនជាតិខ្មែរម្នាក់តម្លៃ១០០០រៀល និងចំណែកភ្ញៀវបរទេសមា្នក់តម្លៃ៥០០០រៀល។

លោកបានរៀបរាប់ថា តំបន់ទឺកធ្លាក់លែងអនលែងឃិននេះគឺជាតំបន់ទឹកដីដូនតាមក ហើយទីនេះរក្សាបាននូវបរិស្ថានល្អរៀងរហួតមក។ព្រមជាមួយគ្នាដោយការយកចិត្តទុក់ដាក់ថែទាំ ធ្វើឱ្យទីនេះមិនត្រឹមតែទឹកស្អាតល្អគេអាចចុះងូតកម្សាន្តសប្បាយបានទេ ប៉ុន្តែនៅផ្នែកខាងលើគ្មានសំរាមឬក្លិនមិនល្អរំខានទេ។

លោកបានបញ្ជាក់ជុំវិញបញ្ហានេះថា “យើងបានរួមគ្នាថែរក្សាអនាម័យ ហើយបានអប់រំភ្ញៀវទេសចរណ៍ចូលមកកម្សាន្តឱ្យទុកដាក់សំរាមបានត្រឹមត្រូវ ទើបទីនេះមិនត្រឹមតែស្រស់ស្អាតបែបតាមធម្មជាតិទេ ប៉ុន្តែនៅមានទឹកស្អាតល្អគួរចុះងូតលេងផង”។

ព្រមជាមួយគ្នានេះ លោក តែប ខ្វឺត ប្រធានសមាគមន៍ពូហ្សាមបានឱ្យដឹងបន្ថែមថាទឹកជ្រោះនៅតំបន់នេះមាន៣កន្លែងទីមួយគឺទឹកធ្លាក់លែង អន ទី២លែនឃិន និងទី៣ទឹកធ្លាក់លែងរីងប៉ុន្តែទឹកធ្លាក់លែងរីងគឺគេត្រូវធ្វើដំណើរឡើងទៅលើឆ្ងាយទៀតទើបគេទៅដល់។

ក្នុងទឺកមុខស្រស់ស្រាយព្រមជាមួយនឹងការនិយាយបែបរដឺនជាជនជាតិភាគតិចព្នង អ្នកស្រីសារឿនសែន អ្នកស្រុករស់នៅតំបន់នេះបានលើកឡើងដោយសំណូមពរភ្ញៀវទេសចរណ៍ចូលកម្សាន្តទីនេះឱ្យបានច្រើនដើម្បីប្រជាពលរដ្ឋក៏ដូចជាសហគមន៍អាចប្រកបរបរលក់ដូរក៏ដូចជារកសេវ៉ាខាងផ្នែកទេសចរណ៍គ្រាន់ដោះស្រាយជីវភាពឱ្យប្រសើរឡើង។

ទន្ទឹមជាមួយគ្នាអ្នកស្រីបានសំណូមពលដល់មន្រ្តីពាក់ព័ន្ធជួយថែរក្សាតំបន់ទឹកដីដូនតារបស់គាត់មួយកន្លែងនេះឱ្យបានគង់វង្ស ចៀសវាងគេចូលទន្ទ្រានកាន់កាប់ដីឬឈូសឆាយតំបន់នេះដែលបំបាត់ប្រភព្វដើមណាមួយកើតឡើង។

គួរបញ្ជាក់ថាក្នុង ខេត្តមណ្ឌលគិរី មានធនធាន និងតំបន់ទាក់ទាញទេសចរណ៍ធម្មជាតិជាច្រើនរហូតដល់ចំនួន ៣៦កន្លែង ក្នុងនោះមានតំបន់រមណីយដ្ឋានទឹកធ្លាក់ តំបន់រមណីយដ្ឋាន វប្បធម៌ជនជាតិដើមភាគតិច តំបន់ភ្នំ តំបន់ទេសភាព ភូមិជនជាតិ សមុទ្រឈើ សហគមន៍ទេសចរណ៍ ដែនជម្រកសត្វព្រៃ និងមានបន្លែផ្លែឈើច្រើនមុខដែលគេអាចទិញនៅពេលវិលត្រឡប់មកវិញ៕

ទីតាំងផ្សាយពាណិជ្ជកម្ម