ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ជំនន់ទឹកភ្លៀង រយៈពេល ៩ថ្ងៃ គឺគិតចាប់តាំងពី ថ្ងៃទី ១ – ៩ ខែតុលា ឆ្នាំ២០២០ បានប៉ះពាល់ ប្រជាពលរដ្ឋជាង ១ម៉ឺននាក់ និងជម្លៀសទៅកន្លែងសុវត្ថិភាព ជាង ៧០០ នាក់ និងប៉ះពាល់ស្រូវជាង ១ ម៉ឺនហិកតា និងដំណាំផ្សេងៗ ជាង ១៣.០០០ ហិកតា ហើយបានបណ្តាលឲ្យ ប្រជាពលរដ្ឋ ស្លាប់ម្នាក់។ នេះបើតាមការបញ្ជាក់ របស់លោក ឃុន សុខា អ្នកនាំពាក្យ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងប្រាប់ រស្មីកម្ពុជា កាលពីព្រលប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ។

អ្នកនាំពាក្យ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបន្តថាៈ ខេត្តដែលរងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង មានដូចជាៈ ១. ខេត្តបាត់ដំបង , ២. ខេត្តបន្ទាយមានជ័យ , ៣. ខេត្តឧត្តរមានជ័យ , ៤. ខេត្តព្រះវិហារ , ៥. ខេត្តកណ្តាល , ៦. រាជធានីភ្នំពេញ , ៧. ខេត្តកំពង់ស្ពឺ , ៨. ខេត្តតាកែវ , ៩.ខេត្តពោធិសាត់ និង១០. ខេត្តស្វាយរៀង ។
លោក ឃុន សុខា បានបន្តទៀតថាៈ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានចុះទៅតាមដាន និងពិនិត្យមើលជាក់ស្តែង នៅតាមខេត្ត ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ។
ចំណែកលោក ចាន់ យុត្ថា អ្នកនាំពាក្យ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាៈ ខេត្តចំនួនបី ដែលរងផលប៉ះពាល់ខ្លាំង មានដូចជា ខេត្តពោធិសាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ៕/V

